សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 9, 2012

វេជ្ជ​បណ្ឌិត​ទម្លាយ​ជំងឺ​មរណៈ​អាថ៌​កំបាំង​ដែល​សម្លាប់​កុមារ​រាប់​សិប​នាក់


ភ្នំពេញៈ ក្រុម​វេជ្ជ​បណ្ឌិត បាន​ទម្លាយ​ករណី​ជំងឺ​មរណៈ​អាថ៌​កំបាំង ដែល​បាន​ឆក់​យក​ជីវិត​កុមារ​កម្ពុជា រាប់​សិប​នាក់ នៅ​ក្នុង​រយៈ​ពេល ៤ ខែ​ចុង​ក្រោយ​នេះ។
មេ​រោគ​ពោះ​វៀន ៧១ (Enterovirus 71) ដែល​ធម្មតា ទាក់​ទង​នឹង​ជំងឺ​ដៃ ជើង និង​មាត់ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​សិក្សា​អំពី​មេរោគ នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ កំណត់​ថា​ ជា​មូល​ហេតុ នៃ​ការ​ផ្ទុះ​ជំងឺ​នោះ។ នេះ​បើ​យោង​តាម​សារ​អេឡិចត្រូនិក របស់​ប្រធាន​ផ្នែក​សិក្សា​មេរោគ​នៃ​ក្រសួង​សុខា​ភិបាល និង​ជា​វេជ្ជ​បណ្ឌិត នៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ដែល​បាន​ផ្ញើ​ចេញ​កាល​ពី​ថ្ងៃ​សុក្រ ហើយ ដែល​ភ្នំពេញ ប៉ុស្តិ៍ ទើប​តែ​ទទួល​បាន កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។
ជំងឺ​ដៃ ជើង និង​មាត់ ជា​ជំងឺ​កើត​ឡើង​ក្នុង​តំបន់​ខ្លះ ​នៃ​ប្រទេស​វៀត​ណាម ហើយ​អ្នក​សិក្សា​អំពី​មេរោគ បាន​កំណត់​ថា វា​បណ្តាល​មក​ពី​មេរោគ​ក្នុង​សែ​ស្រឡាយ EV71 បន្ទាប់​ពី​ធ្វើ​ការ​សាក​ល្បង​ស្រាវ​ជ្រាវ​រក​ឃើញ​ការ​ប្រែ​ប្រួល​ថ្មីៗ នៃ​ជំងឺ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមិ​ផង​របង​ជាមួយ​របស់ កម្ពុជា​នេះ។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សុខ​ភាព​ពិភព​លោក Dr. Pieter Van Maaren បាន​ថ្លែង​ថា សែ​ស្រឡាយ​មេ​រោគ​នេះ​ ពុំ​មែន​ងាយ​ស្រួល​​វិនិច្ឆ័យ​រក​ឃើញ​នោះ​ទេ ហើយ​ថា​ការ​ស្រាវ​ជ្រាវ​កំពុង​បន្ត​ធ្វើ។ លោក​បាន​មាន​ប្រសាសន៍​ ដោយ​បញ្ជាក់​ពី​ការ​កំពុង​បន្ត​សិក្សា​ស្វែង​យល់​ជំងឺ​ដែលអង្គ​ការ​សុខ​ភាព​ ពិភព​លោក​ WHO និង​ក្រសួង​សុខា​ភិបាល​បាន​អះ​អាង​ថា​ បាន​ផ្តាច់​ជីវិត​កុមារ ៥៦ នាក់​រួច​មក​ហើយ​ថា៖​«វា​ពុំ​ចាំបាច់​ត្រូវ​ចេញ​ការ​ប្រកាស​អាសន្ន​ សម្រាប់​ការ​ធ្វើ​ដំណើរ​ជា​បន្ទាន់​នោះ​ទេ ហើយ WHO ពុំ​ទាន់​មាន​គម្រោង​យ៉ាង​ណា​នោះ​ទេ គិត​មក​ទល់​ថ្ងៃ​នេះ»។
យ៉ាង​ណា​ក្តី មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដែល​ដំបូង​គេ​ បាន​ជូន​ដំណឹង​ទៅ​ក្រសួង​អំពី​ការ​ផ្ទុះ​នៃ​ជំងឺ​នេះ​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា កុមារ ៦៤ រូប​ បាន​បាត់​បង់​ជីវិត​ ដោយសារ​ជំងឺ​នេះ​ គិត​តែ​ក្នុង​មន្ទីរ​ពេទ្យ​របស់​ពួក​គេ​ប៉ុណ្ណោះ។
វេជ្ជ​បណ្ឌិត​ស្ថាបនិក​មន្ទីរ​ពេទ្យ​នេះ លោក Beat Richner បាន​មាន​ប្រសាសន៍​ អំពី​រោគ​សញ្ញា​ពិសេស​នៃ EV71 នេះ​ថា៖​«​[កុមារ​]​រង​ការ​ខូច​ខាត​សរី​រាង្គ​ដង្ហើម​ នៅ​ក្នុង​សួត​ទាំង​ស្រុង ​នៅ​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ ​នៃ​ជីវិត​របស់​ពួក​គេ»។ លោក Richner ដែល​បារម្ភ​ថា ការ​ស្លាប់​របស់​កុមារ​ទាំង​នោះ​ ប្រហែល​បណ្តាល​មក​ពី​ការ​ព្យាបាល​ខុស ឬ​ការ​ពុល​ថ្នាំ​ ដែល​ប្រើ​នៅ​តាម​គ្លីនិក​ឯកជន​ បាន​បន្ថែម​ថា៖ ​«យើង​នៅ​តែ​ពុំ​ទាន់​ដឹង​អ្វី​ឲ្យ​ពិត​ប្រាកដ​ ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​សួត​ដ៏​មរណៈ​នេះ និង​មិន​ដឹង​ថា កត្តា​ពុល​ថ្នាំ​ មាន​ចំណែក​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ​»។
រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ថា ទោះ​បី EV71 ពុំ​មែន​ជា​ជំងឺ​ថ្មី​ក្តី វា​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​ឲ្យ​ក្រុម​មន្ត្រី​ធ្វើ​ការ​ស្រាវ​ជ្រាវ ​ឲ្យ​បាន​ច្បាស់​លាស់ មុន​ពេល​យើង​ធ្វើ​ការ​បញ្ចេញ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។ ប៉ុន្តែ​លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា៖​ «មនុស្ស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ គួរ​យល់​ដឹង​អំពី​អនាម័យ​ល្អ»។
មន្ត្រី​សុខា​ភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ពួក​គេ​កំពុង​បន្ត​អំពាវនាវ​ ដល់​ប្រជា​ពល-​រដ្ឋ​ឲ្យ​អនុវត្ត​នូវ​គោល​ការណ៍​អនាម័យ​ល្អ និង​ត្រូវ​រាយ​ការណ៍​ ពី​ជំងឺ​ដែល​គួរ​ឲ្យ​សង្ស័យ​ទាំង​ឡាយ​ដែល​បណ្តាល​ឲ្យ​មាន​ការ​គ្រុន​ក្តៅ​ ទៅ​កាន់​មន្ទីរ​ពេទ្យ។
លោក លី សុវណ្ណ អនុ​ប្រធាន​នាយក​ដ្ឋាន​ជំងឺ​ឆ្លង​ បាន​ថ្លែង​ថា៖​«បើ​កុមារ​គ្រុន​ក្តៅ និង​មាន​កន្តួល​លើ​ស្បែក សូម​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរ​ពេទ្យ»។
EV71 អាច​បង្ក​ឲ្យ​​ឈឺ​ ដៃ ជើង និង​មាត់​ធ្ងន់​ធ្ងរ​ ដែល​រួម​មាន​ឈឺ​ប្រព័ន្ធ​ប្រសាទ សរសៃ​ឈាម​បេះ​ដូង និង​ផ្លូវ​ដង្ហើម ហើយ​អាច​មាន​ករណី​ស្លាប់​ ដោយសារ​​រោគ​រលាក​​ខួរ​ក្បាល​ផង​ដែរ។
ពុំ​មាន​វិធី​ព្យាបាល​ទប់​នឹង​មេ​រោគ EV71 នេះ​ត្រូវ​គេ​រក​ឃើញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ហានិភ័យ​ នៃ​ការ​ឆ្លង​បាន​ធ្លាក់​ចុះ​ គួរ​ឲ្យ​កត់​សម្គាល់​ បើ​សិន​ការ​អនុវត្ត​អនាម័យ​របស់​បុគ្គល និង​បរិស្ថាន​ត្រូវ​ទៅ​តាម​ស្តង់ដារ​នោះ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ទាក់​ទង​នឹង​មេរោគ​នេះ ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់ WHO។
អត្ថ​បទ​ឆ្នាំ ២០០៣ នៅ​ក្នុង​ព្រឹត្តិ​បត្រ​នៃ​ជំងឺ​ឆ្លង​ថ្មី​បាន​រៀប​រាប់​ពី​ការ​ផ្ទុះ​យ៉ាង​ ខ្លាំង​ថ្មីៗ​ ដែល​រួម​មាន​ការ​ផ្ទុះ​នៃ​ជំងឺ​នេះ ​នៅ​ឆ្នាំ ១៩៩៨ នៅ​កោះ​តៃ​វ៉ាន់​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៧៨ នាក់​ស្លាប់។ យ៉ាង​ណា​ក្តី ការ​ផ្ទុះ​នា​ពេល​នោះ​ កើត​មាន​ករណី​មិន​ស្លាប់​ចំនួន ៤០៥ ករណី។
នៅ​ប្រទេស​កម្ពុជា យោង​តាម​ក្រសួង​សុខា​ភិបាល និង WH​O ក្នុង​ចំណោមកុមារ​កើត​ជំងឺ​នេះ​ ៧៤ ករណី​ឆ្លង​មាន ៥៦ នាក់​បាន​ស្លាប់។ តែ​យោង​តាម​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា តួ​លេខ​ករណី​កើត​ជំងឺ​នេះ​មាន​ ៦៦ នាក់​ ហើយ​បាន​ស្លាប់ ៦៤ នាក់​។
លោក គាង តារា ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រៃ​វែង​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ វៀតណាម​បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​របស់​លោក​ ពុំ​មាន​ករណី​នៃ​ជំងឺ​នេះ​ទេ តែ​ថា​ មន្ទីរ​ពេទ្យ​លោក​បាន​ទទួល​ព័ត៌មាន​ឲ្យ​ប្រយ័ត្ន​ អំពី​ជំងឺ​នេះ​ពី​ក្រសួង​សុខា​ភិបាល៕ 

No comments:

Post a Comment

yes