សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

រដ្ឋាភិបាលរបស់លោក ហ៊ុន សែន អសមត្ថភាពក្នុងការបញ្ចុះតម្លៃប្រេងសាំងនៅលើទីផ្សារ ដែលបណ្តាលមកពីការយកថ្លៃពន្ធនាំចូលខ្ពស់ និងប្រព្រឹត្តអំពើពុករលួយ ក្រោមតុ


ស្របពេលដែលប្រទេសកម្ពុជាកុំពុងតែមានវិបត្តិសេដ្ឋកិច្ចផងនោះ ប្រេងសាំងនៅលើទីផ្សារគឺ​មានតម្លៃហក់ឡើងខ្ពស់ឥតស្រាកស្រាន្តដែលធ្វើឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់មានការរអូររទាំ ឥតឈប់ឈរ ព្រោះវាបានធ្វើឲ្យប៉ះពាល់ចំពោះសេដ្ឋកិច្ច អាជីព មុខរបបរប្រចាំថ្ងៃរបស់ពួកគាត់ ។

ពាក់ព័ន្ធទៅនិងប្រេងសាំង ក៏ដូចជាទំនិញនៅលើទីផ្សារនៃប្រទេសកម្ពុជាមានការឡើងថ្លៃរកតែ​ពេលធ្លាក់ចុះគ្មាននោះ អ្នកតាមដានស្ថានការណ៏សេដ្ឋកិច្ចបានលើកឡើងថា រដ្ឋាភិបាលដែល ដឹកនាំដោយគណបក្សប្រជាជន និងមានរូបលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ហាក់បីដូចជា មិនបានគិតគូរ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ រាល់សែនលាននាក់ទាល់តែសោះ ដែលទទួលរងដោយសារតែបញ្ហាទំនិញឡើងថ្លៃ និងតម្លៃប្រេងសាំងឡើងខ្ពស់រក​តែហៅមិ​នឮ​នោះ ។


អ្នកតាមដានបញ្ហាសេដ្ឋកិច្ចបានលើកឡើងទៀតថា តម្លៃប្រេងសាំងក៏ដូចជាទំនិញនៅលើទីផ្សារ មានតម្លៃខ្ពស់ គឺធ្វើឲ្យប៉ះពាល់ជាចម្បងមកលើប្រជាពលរដ្ឋ កម្មករ-កម្មការិនី មន្រ្តីរាជការ គ្រូ​បង្រៀន ទាហ៊ាន នគរបាលតូចតាចដែលទទួលបានប្រាក់ចំណូលទាប គឺរដ្ឋាភិបាលមិនបានគិត គូរពីការបញ្ចុះតម្លៃប្រេងសាំង និងទំនិញនៅលើទីផ្សារ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួក គាត់ទាំងអស់នោះឡើយ ។ អ្នកតាមដានសេដ្ឋកិច្ចបានលើកឡើងទៀតថា រដ្ឋាភិបាលបានធ្លាប់ អះអាងថា រដ្ឋបានចំណាយធន់​រាប់រយលានដុល្លាក្នុងមួយឆ្នាំៗដើម្បីទប់ស្កាត់តម្លៃប្រេងនេះ ។ ពួកគេបានបន្តរទៀតថា ការលើកឡើងរបស់រដ្ឋាភិបាលបែបនេះគឺដើម្បីចង់បញ្ជាក់ពីមោទនភាព របស់ខ្លួនតែប៉ុណ្ណោះ ថាបានជួយចេញខាតរាប់លានដុល្លាមកលើប្រជាពលរដ្ឋ តែរដ្ឋាភិបាលមិន បានគិតគូរអំពីការរត់ពន្ធប្រេងសាំងសុខច្បាប់ដែលធ្វើឲ្យបាត់បង់ថវិការរបស់ជាតិរាប់រយលាន ដុល្លាក្នុងមួយឆ្នាំៗនោះទេ ហើយក៏មិនបានធ្វើការកាត់បន្ថយពន្ធនាំចូលលើប្រេងសាំងនេះផង​ដែរ ដែលជាហេតុធ្វើឲ្យប្រេងសាំងនៅក្នុងប្រទេសកម្ពុជាហក់ឡើងយ៉ាងខ្ពស់បែបនេះ ។
អ្នកតាមដានសេដ្ឋកិច្ចបានលើកឡើងទៀតថា ប្រការទាំងអស់នេះគឺបានធ្វើឲ្យប៉ះពាក់ដល់ជីវ​ភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ក៏ដូចជាមន្រ្តីរាជការដែលទទួលបានប្រាក់ចំណូលទាប ផងដែរ ។ អ្នកវិភាគបានលើកឡើងថា ចំណែកឯមេដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល មិនបានទទួលរងនូវការប៉ះពាល់អ្វីធ្ងន់ធ្ងរដូចជាប្រជាពលរដ្ឋ និងមន្រ្តីរាជការតូចតាចទាំងអស់​នោះឡើយ ។ គេបានបន្តរទៀតថា ចំណែកឯក្រុមហ៊ុននាំចូល និងចែកចាយប្រេងបានធ្វើការ​បន្ទោសថា ការឡើងថ្លៃប្រេសាំងបែបនេះគឺបណ្តាលមកពីទីផ្សារសកលដែលជាកត្តាជម្រុញឲ្យ ប្រេងសាំងនៅក្នុងប្រទេសកម្ពុជា មានការឡើងថ្លៃខ្ពស់ទៅតាមនោះដែរ ។

អ្នកតាមដានសេដ្ឋកិច្ចបានលើកឡើងទៀតថា ទោះបីជាយ៉ាងណាក៏ដោយតម្លៃប្រេងសាំងនៅក្នុង ប្រទេសកម្ពុជា នៅពេលដែលទីផ្សារអន្តរជាតិចុះថ្លៃនោះ គឺប្រេងសាំងនៅក្នុងប្រទេសកម្ពុជាមាន ការធ្លាក់ថ្លៃច្រើនបំផុតត្រឹមតែមួយរយរៀល ឬហាសិបរៀលតែប៉ុណ្ណោះក្នុងមួយលីត្រ ហើយនៅ​ពេលខ្លះ គឺពុំមានការបញ្ចុះតម្លៃនោះទេ នៅពេលត្រូវបានចោទសួរចំពោះរឿងនេះត្រូវ​បានម្ចាស់​ស្ថាននីយន៏ប្រេងឥន្ទនៈទាំងនោះអះអាងថា ការមិនចុះថ្លៃបែបនេះគឺបណ្តាលមកពី​ប្រេងសាំង​ដែលនាំចូលមានតម្លៃខ្ពស់នោះគឺលក់ចេញមិនទាន់អស់ ។ អ្នកវិភាគលើកឡើងទៀតថា តែនៅ​ពេលដែលបេ្រងសាំងនៅតាមបណ្តាលប្រទេសនានាចាប់ផ្តើមឡើងថ្លៃភ្លាម ទីផ្សារប្រេងសាំង​នៅ​ក្នុងប្រទេសកម្ពុជាក៏ចាប់ផ្លើមឡើងយ៉ាងប្រញប់ឲ្យបានទាន់គេឯងផងដែរ ហេតុអ្វីមិនចាំលក់​ប្រេង​សាំងទាំងនោះឲ្យអស់សិនទៅ ។ កត្តាទាំងអស់នេះរដ្ឋាភិបាលមិនត្រូវនៅស្ងៀម ហើយធ្វើ​មិនដឹងមិនឮតទៅទៀតនោះទេ ព្រោះបានធ្វើឲ្យប្រជាពលរដ្ឋប្រឈមទៅនិងបញ្ហាជាខ្លាំង ។

សូមជំរាបជូនផងដែរថាប្រសិនបើយើងធ្វើការប្រៀបធៀបតម្លៃទីផ្សារប្រេងសាំងនៅក្នុងប្រទេស កម្ពុជា និងនៅតាមបណ្តាប្រទេសជិតខាងប្រទេសកម្ពុជានោះដូចជាថៃ ឡាវ និងយួនជាដើម គឺ​ប្រេងសាំងនៅក្នុងប្រទេសកម្ពុជាមានតម្លៃថ្លៃជាងប្រទេសទាំងនោះ ប្រហែលមួយពាន់​រៀលក្នុង​មួយលីត្រ ។

ទាក់ទងទៅនិងតម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃខ្ពស់ជាងគេបែបនេះ ដែលធ្វើឲ្យប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលោក យឹង សុវណ្ណ តំណាងរាស្រ្ត និងជា​អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចមួយរូបផងដែរនោះ លោកបានមានប្រសាសន៏ប្រាប់ឲ្យដឹងថា បញ្ហា ប្រេងសាំងឡើងថ្លៃគឺបណ្តាលមកពីរដ្ឋាភិបាលបានយកពន្ធនាំចូលប្រេងមានតម្លៃថ្លៃ ក៏ដូចជា​មានការចំណាយក្រោមតុផងដែរ ។ លោក យឹម សុវណ្ណ បានបន្តរទៀតថា ក្នុងខណះដែលប្រេង សាំងនៅតែមានតម្លៃខ្ពស់ រដ្ឋាភិបាលគួរតែធ្វើការកាត់បន្ថយពន្ធនៃការនាំចូលដើម្បីកុំឲ្យតម្លៃប្រេ ងសាំងមានតម្លៃខ្ពស់បែបនេះ ដើម្បីជូយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលោកថា រដ្ឋាភិបាលយកតម្លៃពន្ធនៃការនាំចូលប្រេងសាំងទាំងនោះគឺមានតម្លៃប្រហែលជាមួយពាន់ពីររយ រៀលក្នុងមួយលីត្រ ដែលនេះជាការយកពន្ធលើការនាំចូលខ្ពស់បំផុត ហើយមិនតែប៉ុណ្ណោះ​រដ្ឋា​ភិបាលក៏​ត្រូវតែធ្វើការទប់ស្កាត់ឲ្យបានផងដែរនូវការរត់ពន្ធប្រេងសាំងដោយខុស ។

សូមរំលឹកផងដែរថាកាលពីដើមខែមេសា ឆ្នាំ២០១២កន្លងទៅនេះតម្លៃសាំងស៊ុពពែក្នុងមួយលីត្រ ថ្លៃប្រាំពាន់ប្រាំបួនរយហាសិបរៀល និងសាំងធម្មតាតម្លៃប្រាំពាន់ប្រាំមួយរយហាសិបរៀល​ក្នុង​មួយលីត្រ ។ ប៉ុន្តែបើទោះបីជាមកដល់ពេលនេះមានការធ្លាក់ចុះតម្លៃប្រេងសាំងបន្តិចក្តី តែតម្លៃ​ប្រេងសាំងនាពេលចប្ចុប្បន្ននៅតែធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបទៅនិងការពិបាក ។ ព្រោះថាប្រសិនបើតម្លៃប្រេងសាំងឡើងថ្លៃ តម្លៃទំ​និញនៅលើទីផ្សារគ្រប់ប្រភេទក៏ឡើង​ថ្លៃទៅ​តាម​នោះផងដែរ ។

អ្នកតាមដានសេដ្ឋកិច្ចបានលើកឡើងថា ទាំងអស់នេះអាចចាត់ទុកបានថាជាកង្វះខ្សោយ ឬក៏​អាចហៅបានផងដែរថាជាអសមត្ថភាពរបស់រដ្ឋាភិបាលដែលមិនបានធ្វើការទប់ស្កាត់ឲ្យតម្លៃប្រេងសាំងមានការធ្លាក់ថ្លៃដូចជាបណ្តាប្រទេសជិតខាងរបស់ខ្លួននោះ ។

ជាមួយគ្នានេះក៏មានការលើកឡើងផងដែរថា បន្ទាប់ពីមានការឡើងថ្លៃប្រេងសាំងបែបនេះហើយ ក៏រង្វាស់លីត្រនៅតាមបណ្តាស្ថាននីយន៏ប្រេងឥន្ទនៈទាំងនោះមិនបានគ្រប់ចំនួនលីត្រផងដែរ គឺ​មានការលួចកិបកេង រង្វាស់រង្វាល់លីត្រប្រេងសាំង ដែលនេះក៏ជាបញ្ហាចោទសម្រាប់ប្រជា​ពល​​រដ្ឋ​អ្នកប្រើប្រាស់ប្រេងសាំងមួយផ្នែកដែរ ។

ទាក់ទងទៅនិងបញ្ហានេះគណបក្ស សម រង្ស៊ី បានធ្វើការស្នើឲ្យរដ្ឋាភិបាលត្រូវតែចាត់វិធានការ ជាបន្ទាន់ដើម្បីបញ្ចុះតម្លៃប្រេងសាំង កុំចាំតែពេលបោះឆ្នោតមកដល់បានធ្វើការស្រែកអំពាវនាវ ឲ្យតម្លៃប្រេងសាំងចុះថោកដើម្បីទាញយកប្រជាប្រិយភាពនិងសម្លេងគាំទ្រពីប្រជាពលរដ្ឋនោះ គណបក្សកាន់អំណាចត្រូវតែមានឆន្ទះក្នុងការជួយប្រជាពលរដ្ឋ និងប្រទេសជាតិផង កុំគិតតែពី ផលប្រយោជន៏របស់ខ្លួន និងបក្ខពួក ក្រុមគ្រួសារខ្លួនឯងជាធំនោះ ។

សូមរំលឹកថា កាលពីជំនាន់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី នៅធ្វើជារដ្ឋមន្រ្តីសេដ្ឋ កិច្ចទំនិញនៅលើទីផ្សារគឺមានតម្លៃថោក ប្រាក់រៀលខ្មែរក៏មានតម្លៃថ្លៃ រួមជាមួយនិងតម្លៃប្រេង​សាំងកាលពីពេលនោះគឺមានតម្លៃមួយលីត្រត្រឹមតែ ពីរពាន់ប្រាំរយរៀល តែប៉ុណ្ណោះ បើប្រៀប ធៀបសព្វថ្ងៃគឺខុសគ្នាពាក់កណ្តាលជាងឯណោះ ។ សួរថាទាំងនេះបណ្តាលមកពីមូលហេតុអ្វី ? ចំលើយងាយស្រួលឆ្លើយ និងខ្លីបំផុត គឺបណ្តាលមកពីរដ្ឋាភបាលសព្វថ្ងៃអសមត្ថភាពក្នុងការ​បញ្ចុះតម្លៃប្រេសាំង និងទំនិញនៅលើទីផ្សារ ជារដ្ឋាភិបាលដែលគ្មានជំនាញសេដ្ឋកិច្ចសូម្បីតែ​បន្តិច ។ រីឯលោក សម រង្ស៊ី វិញគឺជាអ្នកដែលមានជំនាញខាងផ្នែកសេដ្ឋកិច្ច និងលោកធ្លាប់ធ្វើ​ជានាយកក្រុមហ៊ុនធំៗនៅក្រៅប្រទេស ដែលលោកបានធ្វើជំនួញទទួលបានភាព​ជោគជ័យយ៉ា​ង​ល្អនាពេលកន្លងមក ។ ដូចនេះប្រសិនបើយើងផ្ញើរវាសនាទាំងអស់គ្នាជាមួយនិងលោក សម រង្ស៊ី ពិត​ណាស់ជីវភាពរស់នៅរបស់យើងគ្រប់គ្នា និងទទួកបានភាពល្អប្រសើរ លែងរស់នៅខ្វះមុខ ខ្វះ ក្រោយ ដូចជាការគ្រប់គ្រង់ប្រទេសសព្វថ្ងៃនេះក្រោមកណ្តាប់ដៃរបស់លោក ហ៊ុន សែន ទៀត​ហើយ ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាជាមួយនិងលោក សម រង្ស៊ី ដើម្បី​ធ្វើការ​ផ្លាស់ប្តូររដ្ឋាភិបាល ដែលអសមត្ថភាពខាងផ្នែកសេដ្ឋកិច្ចនេះឲ្យ​បាននៅឆ្នាំ២០១៣​ខាង​មុខ​  ៕ 

No comments:

Post a Comment

yes