សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 4, 2012

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជា​ស្ត្រី កើន​ឡើង​នៅ​អាណត្តិ​ទី​៣


បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជា​ស្ត្រី​ដែល​បាន​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​៣​នេះ មាន​ការ​កើន​ឡើង​ប្រមាណ​ជាង ៤០០​នាក់ នៅ​ទូទាំង​ប្រទេស។
RFA/Soun Sophalmony
ទិដ្ឋភាព​រាប់​សន្លឹក​ឆ្នោត នា​ទី​ស្នាក់​ការ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២។
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា មាន​ប្រសាសន៍​ថា មាន​គណបក្ស​នយោបាយ​ចំនួន​៧ ដែល​បាន​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​ចំណោម​គណបក្ស​ចំនួន​១០។ លោក​ថា ចំនួន​អ្នក​ឈរ​ឈ្មោះ​ជា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ សរុប​មាន ១១.៤៥៩​នាក់ ក្នុង​នោះ​គឺ​មាន​ស្ត្រី ២.០៣៨​នាក់ បើ​គិត​ជា​ភាគរយ​គឺ ១៧,៨០%។ លោក​បន្ត​ទៀត​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជា​ស្ត្រី​នៅ​ក្នុង​អាណត្តិ​ទី​៣​នេះ គឺ​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​ទៅ​នឹង​អាណត្តិ​ទី​២ ឆ្នាំ​២០០៧ ដែល​កាល​ណោះ មាន​បេក្ខភាព​ជា​ស្ត្រី​ចំនួន ១.៦៦១​នាក់ តែ​ប៉ុណ្ណោះ។
មូលហេតុ​ដែល​គណបក្ស​នយោបាយ​មាន​ការ​កើន​ឡើង​នូវ​បេក្ខភាព​ជា​ស្ត្រី នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ដោយ​សារ​តែ​គណបក្ស​នយោបាយ​និមួយៗ បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ឈរ​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​បោះ​ឆ្នោត ដាក់​ជា​លំដាប់​លេខ​រៀង​សម្រាប់​បេក្ខជន​ជាប់​ឆ្នោត​នោះ ភាគ​ច្រើន​ជា​ស្ត្រី៖ «នេះ​ជា​ចំនួន​ស្ត្រី​ដែល​ជាប់​ឆ្នោត​នៅ​ពេល​ដែល​ចប់​ការ​បោះ​ឆ្នោត​ភ្លាមៗ ដែល​យើង​ស្រង់​ឈ្មោះ​ជាប់​ឆ្នោត​ទេ។ ក៏​ប៉ុន្តែ​នៅ​ភ្នំពេញ​មួយ​អាណត្តិ​នេះ មាន​ការ​ផ្លាស់​ប្ដូរ​រហូត អញ្ចឹង​ចំនួន​មាន​ការ​ប្រែប្រួល​រហូត។ ចំនួន​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​ឆ្នាំ​២០០៧ ដែល​មាន​តែ ១៤,៥០% ជា​ស្ត្រី ហើយ​រហូត​ដល់​ឆ្នាំ​២០១២ មាន​រហូត​ដល់ ១៧,៨០%»

នាយក​ប្រតិបត្តិ អង្គការ ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ក្នុង​អាណត្តិ​ទី​៣​នេះ មាន​ស្ត្រី​ចំនួន ២.០៣៨​នាក់ និង​ចំនួន​មេឃុំ​ស្ត្រី ៩៤​នាក់ ចំនួន​នេះ​គឺ​មាន​ការ​កើន​ឡើង កាល​ពី​អាណត្តិ​ទី​២ ឆ្នាំ​២០០៧ ដែល​មាន​ចំនួន​ស្ត្រី​តែ ១.៦៦២​នាក់ និង​ចំនួន​មេឃុំ​ជា​ស្ត្រី​មាន ៦៧​នាក់ ប៉ុណ្ណោះ។
លោក​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជា​ស្ត្រី​នៅ​ក្នុង​អាណត្តិ​ទី​៣​នេះ មាន​១៨% ប៉ុន្តែ​ការ​កើន​ឡើង​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ​ជា​ស្ត្រី វា​មិន​ទាន់​ត្រូវ​នឹង​គោល​ដៅ​របស់​ប្រទេស​កម្ពុជា ដែល​ថា​កំណត់ ២៥% នៅ​ក្នុង​ឆ្នាំ​២០១៥ យ៉ាង​តិច ជា​ស្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។
លោក​បន្ត​ទៀត​ថា លោក​កំពុង​តែ​ឃ្លាំមើល​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ដែល​កំពុង​រៀប​ចូល​កាន់​តំណែង​នៅ​មូលដ្ឋាន​របស់​ខ្លួន​រៀងៗ​ខ្លួន មិន​មាន​ប្រតិកម្ម​អ្វី​ទេ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ពី​គណបក្ស​ប្រឆាំង​ខ្លះ​ថា សូម​អោយ​ក្រសួង​មហាផ្ទៃ​ពិនិត្យ អន្តរាគមន៍​ឡើង​វិញ​នូវ​មេភូមិ មេឃុំ ណា​ដែល​មិន​បាន​ជ្រើសរើស ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នោះ។
លោក គល់ បញ្ញា៖ «ហើយ​របៀប​ធ្វើ​កិច្ចការ​បក្ស​របស់​គេ​ហ្នឹង ដើម្បី​អោយ​បាន​ដាក់​ស្ត្រី​នៅ​ក្នុង​បញ្ជី​នេះ ឃើញ​មាន​ការ​ខិតខំ​របស់​គណបក្ស​នយោបាយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ក៏​ដោយ គណបក្ស​នយោបាយ​មិន​ទាន់​មាន​ជា​គោល​នយោបាយ ឬ​ក៏​ជា​ច្បាប់​ទម្លាប់​ផ្ទៃ​ក្នុង​បក្ស​ហ្នឹង​ច្បាស់​លាស់ អំពី​ការ​ពិនិត្យ​មើល​ដាក់​អោយ​ស្ត្រី​ហ្នឹង ទៅ​តាម​ចំនួន​មួយ​ពិត​ប្រាកដ​អោយ​បាន​ច្បាស់​លាស់ ប៉ុន្តែ​ស៊ីសង​ទៅ​លើ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ហ្នឹង»
តាម​ការ​ប្រកាស​ផ្លូវការ​នូវ​លទ្ធផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​តំណែង​មេឃុំ ចៅសង្កាត់ ចំនួន ១.៥៩២​ឃុំ-សង្កាត់ គណបក្ស សម រង្ស៊ី បាន​ចំនួន ២២​ឃុំ គណបក្ស សិទ្ធិ​មនុស្ស ចំនួន ១៨​ឃុំ និង​គណបក្ស ហ៊្វុនស៊ិនប៉ិច ចំនួន ១​ឃុំ។
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា គណបក្ស​របស់​លោក​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣​នេះ មាន​ចំនួន ៣៣៧នាក់ ជា​ស្ត្រី។ លោក​ថា តួ​លេខ​នេះ ប្រហាក់​ប្រហែល​គ្នា​កាល​ពី​អាណត្តិ​មុន បើ​គិត​ជា​ភាគរយ មាន​ចំនួន ១០ ឬ ១៥% តែ​ប៉ុណ្ណោះ។ លោក​បន្ត​ទៀត​ថា គណបក្ស សម រង្ស៊ី មិន​មាន​មោទនភាព ចំពោះ​តួ​លេខ​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ជាប់​នៅ​ក្នុង​អាណត្តិ​ទី​៣​នេះ​ទេ គឺ​លោក​ថា គណបក្ស សម រង្ស៊ី ចង់​ជំរុញ​អោយ​ស្ត្រី​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​អោយ​កើន​ចំនួន​ដល់ ៣០% ហើយ​នេះ​ជា​គោលដៅ​គណបក្ស​របស់​លោក។
លោក យឹម សុវណ្ណ៖ «យើង​ចង់​ជំរុញ​អោយ​បាន​ដល់ ៣០% ក៏​ប៉ុន្តែ​ដោយ​សារ​លក្ខខណ្ឌ​សង្គម ការ​លំបាក ភាព​ក្រីក្រ ការ​គំរាម​កំហែង ការ​រើសអើង ដែល​ធ្វើ​អោយ​បន្ទុក​បង្អាក់​ទៅ​ដល់​ការ​ចូល​រួម​របស់​ស្ត្រី នៅ​ក្នុង​កិច្ចការ​នយោបាយ។  អញ្ចឹង​ហើយ​យើង​ត្រូវ​ជំនះ​អោយ​បាន​ការ​គំរាមកំហែង​ទាំង​អស់ ដែល​ធ្វើ​អោយ​ស្ត្រី​មិន​អាច​ចូល​រួម​អ្វី​ដែល​យើង​ចង់​បាន​ទេ មិន​ត្រឹម​តែ​យើង​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ យ៉ាង​តិច ៣០% នៃ​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់»
អគ្គលេខាធិការ​គណបក្ស សិទ្ធិ​មនុស្ស លោក ញ៉ែម ប៉ុណ្ណរិទ្ធ បាន​អោយ​ដឹង​ដែរ​ថា គណបក្ស​របស់​លោក​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ចំនួន ១២​នាក់ ដែល​ជា​ស្ត្រី។ លោក​ថា នេះ​ជា​ការ​ល្អ​ប្រសើរ​ហើយ ដែល​គណបក្ស​របស់​លោក​ទើប​តែ​ឈរ​ឈ្មោះ​អាណត្តិ​ទី​១ ដែល​មាន​ស្ត្រី​ឈរ​ឈ្មោះ និង​បាន​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ទៀត​ផង។
លោក ញ៉ែម ប៉ុណ្ណរិទ្ធ៖ «យើង​ឃើញ​ថា ជា​ការ​ល្អ​មែន​ទែន ដែល​មាន​ស្ត្រី លោក​ចូល​រួម​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ ហើយ​ជា​លើក​ទី​១ ដែល​យើង​រៀបចំ ហើយ​យើង​នឹង​ព្យាយាម​ជំរុញ​លើក​ទឹក​ចិត្ត​អោយ​ស្ត្រី​ចូល​រួម ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គម​ជាមួយ​យើង​ត​ទៅ​ទៀត។ ហើយ​ឧទាហរណ៍​ក្នុង​ឃុំ​ទាំង​១៨ ដែល​យើង​អញ្ជើញ​យុវជន ឬ​យុវនារី​មក​រៀន​នូវ​ជំនាញ ភាព​ជា​អ្នក​ដឹកនាំ​វ័យ​ក្មេង និង​ជំនាញ​កុំព្យូទ័រ ដើម្បី​ជួយ​ធ្វើ​ការ​នៅ​ក្នុង​ភូមិ សង្កាត់ ហ្នឹង មាន​ស្ត្រី​៥​រូប ដែល​គាត់​បាន​ស្ម័គ្រចិត្ត​ចូល​មក​រៀន​ដែរ»
លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា មេឃុំ ចៅសង្កាត់ មក​ពី​គណបក្ស​នយោបាយ ដែល​ទើប​ជាប់​ឆ្នោត​តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ចូល​កាន់​មុខ​តំណែង​តាម​មូលដ្ឋាន​ឃុំ-សង្កាត់ រៀងៗ​ខ្លួន ចាប់​ពី​ថ្ងៃ​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា គឺ​ប្រកាស​អោយ​អស់​ក្នុង​ពេល​ពីរ​សបា្ដហ៍។
លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ការ​ប្រកាស​ក្រុម​ប្រឹក្សា​ថ្មី គេ​ត្រូវ​រៀបចំ​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​ប្រគល់​ឯកសារ​ក្នុង​មូលដ្ឋាន​ទាំង​អស់​អោយ​អ្នក​ជាប់​ឆ្នោត​ថ្មី មាន​ការ​ផ្ទេរ​ប្រាក់ បុគ្គលិក រួម​ទាំង​រៀបចំ​បទ​បញ្ជា​ផ្ទៃ​ក្នុង សម្រាប់​អនុវត្ត​ក្នុង​ឃុំ-សង្កាត់ នោះ។
លោក សក់ សេដ្ឋា៖ «អាហ្នឹង បើ​សិន​ណា​គាត់​អត់​ចូល​មក​កាន់​តំណែង​ទាន់​នៅ​ក្នុង​រយៈពេល​នោះ​ទេ មាន​ន័យ​ថា ភាព​ខុស​ច្បាប់​ហើយ​ក្រុម​ប្រឹក្សា​ហ្នឹង ក៏​ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា មិន​ធ្លាប់​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​ទេ ព្រោះ​ថា មិន​មែន​ថា​ជា​រឿង​ថ្មី​ថ្មោង​ទេ យើង​ធ្វើ​២​អាណត្តិ អាណត្តិ​ទី​១ អាណត្តិ​ទី​២ ហើយ ម្ល៉ោះ​ហើយ​តាម​ខេត្ត​មួយៗ ធ្វើ​កម្មវិធី​ត្រូវ​បញ្ចប់​ពេល​ណាៗ ថ្នាក់​ជាតិ​ដឹង​បាន​នៅ​ចុង​សប្ដាហ៍​ចប់​អស់​ហើយ ក្រុម​ប្រឹក្សា​គេ​នឹង​ចូល​កាន់​តំណែង​ទាំង​អស់»
មេឃុំ ចៅសង្កាត់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ បាន​ចាប់​ផ្ដើម​ប្រកាស​សុពលភាព​នៅ​ទូទាំង​ប្រទេស ចាប់​ពី​ខែ​កក្កដា នេះ​ត​ទៅ។ នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​មេឃុំ ចៅសង្កាត់ ធ្វើ​ឡើង​តាម​ឃុំ-សង្កាត់ និមួយៗ និង​មាន​ប្រធាន​ក្រុម​ប្រឹក្សា អភិបាល និង​អភិបាលរង រាជធានី-ខេត្ត ជា​អធិបតី។
ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។ មាន​គណបក្ស​ចំនួន​១០ ចូល​រួម​ប្រកួត​ដណ្ដើម​អាសនៈ​ឃុំ-សង្កាត់ សរុប​ចំនួន ១១.៤៥៩​រូប ក្នុង​ឃុំ-សង្កាត់ សរុប ១.៦៣៣​ឃុំ-សង្កាត់ ទូទាំង​ប្រទេស។ មាន​គណបក្ស​៧ ទទួល​បាន​អាសនៈ​នៅ​ក្នុង​ឃុំ-សង្កាត់ ក្នុង​អាណត្តិ​ទី​៣​នេះ៕

No comments:

Post a Comment

yes