ដោយ ទីន ហ្សាការីយ៉ា
ក្រុមគ្រូបង្រៀនពីរពេលនៅក្នុងស្រុកកោះសូទិន និងនៅក្នុងស្រុកអូររាំងឪ បានចោទប្រកាន់ថា ប្រធានការិយាល័យអប់រំស្រុកបានកាត់ប្រាក់ខែដែលពួកគាត់បង្រៀនពីរពេលនោះ អស់ម្នាក់ជាង ៣០ម៉ឺនរៀលក្នុងម្នាក់ៗ។
គ្រូបង្រៀនបឋមសិក្សាមួយរួបសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី៤ កក្កដា ថា នៅសាលារបស់អ្នកស្រីខ្វះគ្រូបង្រៀន ដូច្នេះនាយកសាលាបានឲ្យអ្នកស្រី និងគ្រូដទៃមួយចំនួនទៀតបង្រៀនចំនួនពីរពេល ដោយខាងក្រសួងអប់រំផ្ដល់ប្រាក់ខែឲ្យគាត់ទ្វេដង គឺបានជាង ៦០ម៉ឺនរៀលក្នុងមួយខែ។ ប៉ុន្តែការបើកប្រាក់ខែប្រចាំខែបានតែមួយពេលទេ ចំនួនជាង ៣០ម៉ឺន រីឯប្រាក់ខែបង្រៀនបន្ថែមមួយពេលទៀតបានជាង ៣០ម៉ឺនរៀលនោះ ក្រសួងនឹងបើកជូនក្នុងមួយឆ្នាំម្ដង។
អ្នកស្រីបញ្ជាក់ថា នៅគ្រាដែលក្រសួងជិតបើកប្រាក់ខែជូននៅប្រហែលជានៅក្នុងខែកក្កដានេះ បែរជាប្រធានការិយាល័យអប់រំស្រុកកោះសូទិន បានធ្វើលិខិតមួយច្បាប់ឲ្យពួកគាត់ស្ម័គ្រចិត្តចុះហត្ថលេខាប្រគល់ប្រាក់ខែមួយប្រមាណ ៣៦ម៉ឺនរៀល ជូនលោកប្រធានការិយាល័យអប់រំស្រុក។
ទាក់ទងនឹងករណីស្រដៀងគ្នានេះដែរ គ្រូបង្រៀនមួយរូបទៀតនៅស្រុកអូររាំងឪ បានឲ្យដឹងថា នៅសាលារបស់លោកក៏ខ្វះគ្រូបង្រៀនដែរ។ លោកបញ្ជាក់ថា ប្រធានការិយាល័យអប់រំស្រុកអូររាំងឪ លោក គឹង ភាសា បានតម្រូវឲ្យគ្រូបង្រៀនពីរពេលនោះបង់លុយឲ្យគាត់ក្នុងម្នាក់ចំនួន ៣០ម៉ឺនរៀលជាមុន ដើម្បីគេផ្ដល់សិទ្ធិឲ្យបង្រៀនពីរពេល ហើយលោកបញ្ជូនឈ្មោះគ្រូទាំងនោះមកមន្ទីរអប់រំខែត្រកំពង់ចាម។ លោកបញ្ជាក់ថា បើសិនជាគ្រូណាមិនបង់លុយឲ្យប្រធានការិយាល័យអប់រំស្រុកទេ គេនឹងលុបឈ្មោះមិនឲ្យមានសិទ្ធិបង្រៀនពីរពេលទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំប្រធានការិយាល័យអប់រំស្រុកកោះសូទិន និងប្រធានការិយាល័យអប់រំស្រុកអូររាំងឪ លោក គឹង ភាសា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៤ កក្កដា នេះ។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងបញ្ហានេះ អនុប្រធានមន្ទីរអប់រំខែត្រកំពង់ចាម លោក អ៊ិន ពៅសម្បត្តិ មានប្រសាសន៍ថា ប្រសិនបើមន្ត្រីការិយាល័យអប់រំស្រុកទាំងនោះ បានប្រព្រឹត្តដូចដែលក្រុមគ្រូបង្រៀនបានចោទប្រកាន់មែននោះ វាជារឿងផ្ទុយពីគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ដោយតម្រូវឲ្យមន្ត្រីអប់រំទាំងអស់ កុំប្រព្រឹត្តអំពើពុករលួយ។ លោក អ៊ិន ពៅសម្បតិ្ត បានសន្យាថា លោកនឹងចុះត្រួតពិនិត្យលើករណីនេះ។
ក្រុមគ្រូបង្រៀននៅស្រុកកោះសូទិន និងស្រុកអូររាំងឪ បានលើកឡើងថា ទង្វើរបស់ប្រធានការិយាល័យអប់រំនេះ ជារឿងប្រព្រឹត្តអំពើពុករលួយ កាត់យកលុយប្រាក់ខែពួកគាត់ ដែលពួកគាត់ខំចំណាយពេលទាំងព្រឹក ល្ងាច ខំបង្រៀនសិស្ស ដើម្បីចង់បានប្រាក់បៀវត្សទ្វេពីក្រសួងអប់រំ យកមកដោះស្រាយជីវភាពប្រចាំថ្ងៃ។
របាយការណ៍របស់មន្ទីរអប់រំខែត្រកំពង់ចាម បានសរសេរថា បុគ្គលិកអប់រំក្របខ័ណ្ឌនៅខែត្រកំពង់ចាម បច្ចុប្បន្ននេះមានជាង ៦.៦៧០នាក់ ក្នុងនោះគ្រូប្រចាំថ្នាក់មានជាង ៤.៩០០នាក់ គ្រូបង្រៀនពីរពេលមានជាង ១.៩៩០នាក់ និងគ្រូកិច្ចសន្យាមានជាង ៦០០នាក់៕
No comments:
Post a Comment
yes