ឧត្តរមានជ័យៈ ពលរដ្ឋប្រមាណ១០០នាក់ដែលភាគច្រើនជាអតីតកងទ័ពខ្មែរក្រហមបានចូលរួមនៅក្នុងវេទិកាសាធារណៈមួយស្តីអំពីការវិវត្តចុងក្រោយបង្អស់នៃសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នួន ជា ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ នៅស្រុកអន្លង់វែងតាមផ្លូវជាតិលេខ ៦៨ ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ខាងកើតខេត្តឧត្តរមានជ័យ ខាងក្រៅផ្ទះរបស់អតីតមេដឹកនាំខ្មែរក្រហមតាម៉ុកមានរហស្សនាម«ពេជ្ឈឃាត»។
អ្នកចូលរួមភាគច្រើនអំពាវនាវឲ្យសាលាក្តីខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះកុំនាំជនសង្ស័យជាអតីតមេខ្មែរក្រហមផ្សេងទៀត មកកាត់ទោស ហើយព្រមានថា ការប៉ុនប៉ងចាប់ខ្លួនអ្នកផ្សេងយកមកកាត់ទោសនឹងបង្កឲ្យមានសង្គ្រាមស៊ីវិល។
លោក សារឿន អតីតកងទ័ពខ្មែរក្រហមវ័យ៦០ឆ្នាំដែលសង់ផ្ទះឲ្យតាម៉ុក តាំងពីឆ្នាំ១៩៩៣ ដល់ចុងឆ្នាំ១៩៩៧ ថា សវនាការគួរតែបញ្ចប់ បន្ទាប់ពីកាត់ទោសជនជាប់ចោទទាំង៥នាក់រួច។
លោកសារឿននិយាយថា៖ «ខ្ញុំគាំទ្រសាលាក្តី ហើយខ្ញុំមិនចង់ឃើញជនសង្ស័យជាអតីតខ្មែរក្រហមផ្សេងទៀត ត្រូវចាប់ខ្លួនយកទៅកាត់ទោសទេ ព្រោះវានឹងធ្វើឲ្យអតីតខ្មែរក្រហមរស់នៅក្នុងភាពភ័យខ្លាច មានខ្លួនខ្ញុំផ្ទាល់ និងអ្នកដទៃទៀតនឹងរត់គេចពីការចាប់ខ្លួន និងប្រមូលគ្នាចូលព្រៃ ហើយយើងនឹងមិនព្រមឲ្យចាប់ខ្លួនទេ»។
លោក គួយ រ៉ា អតីតទាហានខ្មែរក្រហមវ័យ ៥១ ឆ្នាំដែលតែងតែចូលប្រជុំជាមួយតា ម៉ុក បានថ្លែងថា គាត់មិនគាំទ្រឲ្យមានអ្នកផ្សេងទៀត ត្រូវនាំទៅកាត់ទោសនៅសាលាក្តីខ្មែរក្រហមទេ។
លោក រ៉ា និយាយថា៖«ខ្ញុំគាំទ្រសាលាក្តី កាត់ទោសតែជនជាប់ចោទទាំង ៥ រូបប៉ុណ្ណោះ ខ្ញុំបារម្ភថា បើតុលាការប៉ុនប៉ងចាប់ខ្លួនថែមទៀត ទាំងខ្ញុំនិងអ្នកដទៃទៀតនឹងមិននៅឲ្យគេចាប់ខ្លួនទេ យើងនឹងរត់ចូលព្រៃ សង្គ្រាមស៊ីវិលនឹងកើតឡើងជាថ្មី ដែលខ្ញុំក៏មិនចង់ឃើញសង្គ្រាមកើតជាថ្មីដែរ»។
ឆ្លើយតបទៅនឹងសំណួរនៃការពាក់ព័ន្ធនឹងករណី ០០៣ និង ០០៤ លោក Lars Olsen មន្ត្រីទំនាក់ទំនងច្បាប់នៅសាលាក្តីខ្មែរក្រហមថ្លែងថា ករណី ០០៣ និង ០០៤ បច្ចុប្បន្នកំពុងនៅក្នុងដៃរបស់ចៅក្រមស៊ើបសួរ។
លោក Lars បន្តថា ៖ «ករណីទាំងនេះពាក់ព័ន្ធនឹងជនសង្ស័យ ៥រូប តុលាការពុំទាន់បញ្ចេញអត្តសញ្ញាណជនសង្ស័យទាំងនេះឲ្យសាធារណជនបានដឹងនៅឡើយ ហើយករណី ០០៣ និង ០០៤ នេះ ពុំទាន់មានការសម្រេចចាប់ខ្លួននរណាម្នាក់ ឬបញ្ជូនជនណាម្នាក់ឡើងតុលាការនោះទេ»។
តា ម៉ុក ត្រូវគេជឿថាមានអាយុ ៨០ឆ្នាំ បានស្លាប់ ក្នុងខែកក្កដា ឆ្នាំ ២០០៦ នៅរាជធានីភ្នំពេញ ហើយត្រូវនាំយកទៅផ្ទះលោកក្នុងស្រុកអន្លង់វែង អតីតតំបន់ត្រូវបានរៀបចំនិងកាន់កាប់ដោយកងទ័ពខ្មែរក្រហមចុងក្រោយ។
លោក រ៉ា បន្តថា សមិទ្ធផលរបស់តាម៉ុកបន្សល់ទុកនូវកន្លែងកម្សាន្ត មានផ្ទះគាត់នៅអន្លង់វែង ហើយទេសចរជាច្រើនបានមកទស្សនានិងថតរូបទីនោះ និងសកម្មភាពនានា ពាក់ព័ន្ធនឹងអតីតរបបនេះ ហើយរដ្ឋាភិបាលបានប្រែក្លាយតំបន់នោះទៅជាតំបន់ប្រវត្តិសាស្ត្រដើម្បីទាក់ទាញទេសចរឲ្យចូលមកកម្សាន្តកាន់តែច្រើនថែមទៀត។
លោក ស៊ាង សុខហេង ប្រធានទីតាំងទេសចរណ៍ផ្ទះតាម៉ុកបានថ្លែងថា នៅជុំវិញតំបន់ផ្ទះតាម៉ុកមានទេសភាពមាត់បឹង ហើយរដ្ឋាភិបាលបានកំណត់ផ្ទៃដីជាង ៤០០ហិកតា ជាទីតាំងអភិរក្សនៃអតីតរបបកុម្មុយនីស្តនេះ។
លោក សុខ ហេង បន្តថា ប្រជាជនកម្ពុជាប្រមាណ ១ ពាន់នាក់បានមកទស្សនាទីតាំងនេះជារៀងរាល់ខែ ហើយពួកគេធ្វើដំណើរមកពីខេត្តផ្សេងៗ។
លោក ជា ខ្លូ ជាអ្នកទេសចរក្នុងស្រុកអាយុ ៣០ ឆ្នាំមកពីខេត្តព្រៃវែងបានឲ្យដឹងថា វាជាលើកដំបូងហើយដែលលោកបានមកឃើញផ្ទះរបស់តាម៉ុក។
លោកថា៖ «តាម៉ុកប្រើសសរឈើធំៗដើម្បីសង់ផ្ទះគាត់ ខណៈមនុស្សធម្មតាមិនអាចសង់ផ្ទះបានដូចគាត់ ហើយផ្ទះនោះសង់ធ្វើជាលេណដ្ឋានផង និងជាសាលប្រជុំផង នៅលើជញ្ជាំងមានគូររូបគំនូរប្រាសាទព្រះវិហារ»៕
No comments:
Post a Comment
yes