ភ្នំពេញៈ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា(FTU)បានប្រកាសបញ្ចប់ចំណងមិត្តភាព ជាមួយសម្ព័ន្ធមិត្តដែលធ្លាប់កំសត់កម្រជាមួយគ្នាដ៏យូរ អង្វែងរបស់ខ្លួន គឺសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា (CITA) ហើយនឹងចាកចេញពីសហភាពសហជីពកម្ពុជា(CCU)។ នេះបើយោងតាមលោក ជា មុនី ដែលបានថ្លែងកាលពីម្សិលមិញ។
សេចក្តីប្រកាសរបស់ FTU ស្តីពីការបំបែកចេញពី CCU ដែល CCU នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ បានធ្វើឡើង បន្ទាប់ពីលោក ជា មុនី បានផ្ញើលិខិតមួយ ទៅរដ្ឋមន្រ្តីក្រសួងការងារ លោក វង សូត កាលពីថ្ងៃពុធ ដោយពន្យល់អំពីភាពខុសគ្នានៃគោលនយោបាយរបស់ពួកគេ។
លិខិតនោះ ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ បានឲ្យដឹងថា៖ «ថ្មីៗនេះ សកម្មភាពរបស់ CCU គឺផ្ទុយនឹងគោលបំណង និងទិសដៅរបស់ [FTU] ដែលយកចិត្តទុកដាក់ ក្នុងការទាមទារអត្ថប្រយោជន៍សម្រាប់កម្មករ និងរក្សាស្ថិរភាពក្នុងឧស្សាហកម្មវាយនភ័ណ្ឌ»។
លិខិតនេះបន្តទៀតថា៖ «ហេតុដូច្នេះ [FTU] សូមប្រកាសការបញ្ចប់សម្ព័ន្ធភាព ជាមួយ CITA ហើយខ្លួនមិនស្ថិតនៅក្នុង CCU ទៀតទេ... សកម្មភាពរបស់ CCU ចាប់ពីពេលនេះតទៅ មិនឆ្លុះបញ្ចាំងពី[FTU] ទៀតទេ»។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល បានច្រានចោលការស្នើសុំដាក់ពាក្យរបស់ CCU ដែលស្នើសុំឲ្យមានការទទួលស្គាល់ជាសហជីពផ្លូវការ ដោយសម្អាងថា សមាជិកមួយចំនួនរបស់ CCU ជាគ្រូបង្រៀន ហើយមិនស្ថិតនៅក្រោមច្បាប់ស្តីពីការងារឆ្នាំ១៩៩៧នោះទេ។
CCU ដែលកាលពីអតីតកាលភ្ជាប់ទំនាក់ទំនង ជាមួយគណបក្សសមរង្ស៊ី បានថ្លែងថា ខ្លួនកំពុងស្វែងរកការទទួលស្គាល់ផ្លូវការ គ្រាន់តែសម្រាប់សហជីពចំនួនបួន ក្នុងចំណោមសហជីពចំនួន ៧ របស់ខ្លួនប៉ុណ្ណោះ ដែលគ្របដណ្តប់ដោយច្បាប់ ដែលក្នុងនោះ រួមមាន FTU ផងដែរ។
លោក ជា មុនី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ការបំបែកចេញរបស់ FTU ពី CITA និង CCU ក៏មានធាតុផ្ទាល់ខ្លួនមួយផងដែរ ដែលជាផ្នែកនៃការសម្រេចចិត្តនេះ បន្ទាប់ពីលោក រ៉ុង ឈុន ប្រធាន CITA និង CCU បានចោទប្រកាន់លោក ជា មុនី ថាមានភាពទន់ជ្រាយក្នុងគោលជំហររបស់ខ្លួនក្នុងករណីមួយចំនួន។
ទោះបីយ៉ាងណាក៏ដោយ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបដិសេធចំពោះការលើកឡើងរបស់លោក ជា មុនី។ លោកថ្លែងថា៖ «យើងមិនដែលបានចោទប្រកាន់[លោក ជា មុនី ថាមានជំហរខ្សោយ]នោះទេ។ យើងគ្រាន់តែបានសូមឲ្យលោក ជា មុនី ធ្វើតាមនីតិវិធីដែលអាចទទួលយកបាននៅក្នុងតួនាទីរបស់គាត់»។ លោក រ៉ុង ឈុន បានថ្លែងថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ FTU ក្នុងការបញ្ចប់សម្ព័ន្ធភាពនេះ។ លោកបន្តថា៖ «ខ្ញុំមិនដឹងថាហេតុអ្វីបានជា FTU និយាយថា យើងកំពុងមានគោលជំហរផ្ទុយពីពួកគេនោះទេ។ CCU បានធ្វើសកម្មភាពក្តៅៗសម្រាប់កម្មករ ដែលវាអាចផ្ទុយពីគោលបំណងរបស់ FTU»។
លោក ជា មុនី បានថ្លែងថា ការដកខ្លួនចេញរបស់ FTU ផ្តល់ឱកាសល្អមួយដើម្បីវាយតម្លៃអំពីតួនាទីរបស់ខ្លួន ក្នុងការបម្រើកម្មករ៕
No comments:
Post a Comment
yes