សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 12, 2012

អត្ថប្រយោជន៍​ពី​ទស្សនកិច្ច​អ្នកស្រី ហ៊ីលឡារី គ្លិនតុន មក​កម្ពុជា


មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​កត់​សម្គាល់​ឃើញ​ថា វត្តមាន​របស់​អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នៅ​ពេល​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រជាជាតិ​អាស៊ាន។
RFA/Keo Nimol
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) [រូប​ពាក់​អាវ​ពណ៌​បៃតង] ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
លោក ឈាង វណ្ណារិទ្ធ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​អន្តរជាតិ លោក​មាន​ប្រសាសន៍​ថា ដំណើរ​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ឬ​មក​កម្ពុជា របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក លើក​ទីពីរ​នេះ ជា​ការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​រឹងមាំ និង​ធ្វើ​ឲ្យ​មាន​ការ​យល់​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ច្បាស់ រវាង​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយ​សហរដ្ឋអាមេរិក។
លោក ឈាង វណ្ណារិទ្ធ៖ «យើង​ឃើញ​ថា អ្នកស្រី ហ៊ីលឡារី គ្លិនតុន មក​ទស្សនកិច្ច​នៅ​វៀតណាម ឡាវ ខ្មែរ​យើង​ដែរ។ ហើយ​ឡាវ​នោះ រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ និយាយ​ឲ្យ​ចំ​ទៅ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​មក​ទស្សនកិច្ច ហើយ​វៀតណាម​លើក​ទី​៣ កម្ពុជា​ជា​លើក​ទីពីរ»
លោក​បន្ត​ថា គេ​មើល​ឃើញ​មាន​កត្តា​បី​យ៉ាង​ជា​សំខាន់​ជុំវិញ​ដំណើរ​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍ របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ។ ទីមួយ ការ​ពង្រឹង​ទំនាក់​ទំនង ទីពីរ ការ​ពង្រឹង​លើ​វិស័យ​សេដ្ឋកិច្ច និង​បញ្ហា​នយោបាយ៖«ទោះ​បី​ទីផ្សារ​នៅ​កម្ពុជា​យើង ឬ​ប្រទេស​នៅ​តំបន់​អាស៊ាន មួយ​ចំនួន​មិន​ទាន់​ធំ​ក៏​ដោយ ប៉ុន្តែ​សក្ដានុពល​នៃ​ការ​ប្រើ​ប្រាស់ នឹង​មាន​ការ​កើន​ឡើង ដោយ​សា​សេដ្ឋកិច្ច​របស់​យើង​កំពុង​មាន​កំណើន។ ដូច្នេះ​សហរដ្ឋអាមេរិក​សម្លឹង​មក​ផ្នែក​សេដ្ឋកិច្ច​មាន​សារសំខាន់ ដើម្បី​ជំរុញ​នូវ​ការ​នាំ​ចេញ​ទំនិញ​ពី​សហរដ្ឋអាមេរិក មក​តំបន់​អាស៊ាន យើង​នេះ»

ដោយ​ឡែក​សម្រាប់​កម្ពុជា គឺ​ជា​លើក​ទីមួយ ហើយ​ក៏​ជា​ឱកាស​ដ៏​កម្រ​មួយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក បាន​ដឹកនាំ​ក្រុម​អ្នក​ជំនួញ​កំពូលៗ​ពី​សហរដ្ឋអាមេរិក មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេល​នេះ។ គេ​រំពឹង​ថា អ្នក​ជំនួញ​ទាំង​នេះ នឹង​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ពាណិជ្ជកម្ម សក្ដានុពល​សេដ្ឋកិច្ច​នៅ​កម្ពុជា។ ការ​ដែល​ពួក​គេ​បាន​មក​ឃើញ​នូវ​បរិយាកាស​ផ្សេងៗ នៅ​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​នេះ វា​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ពួក​គេ​មាន​ការ​ជឿ​ទុក​ចិត្ត​ក្នុង​ការ​ធ្វើ​ជំនួញ ឬ​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ។
ចំពោះ​ក្នុង​ន័យ​នយោបាយ និង​សន្តិសុខ គឺ​សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​មួយ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific) ពីព្រោះ​បច្ចុប្បន្ន​នេះ​គេ​ឃើញ​ឥទ្ធិពល​ចិន កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង។ ដូច្នេះ​សហរដ្ឋអាមេរិក ត្រូវ​តែ​ត្រឡប់​មក​តំបន់​អាស៊ាន ដើម្បី​បង្កើត​ឲ្យ​មាន​តុល្យភាព​យុទ្ធសាស្ត្រ​មួយ ដើម្បី​ធានា​ឲ្យ​មាន​សន្តិភាព និង​សន្តិសុខ​យូរ​អង្វែង នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។
ស្រប​ពេល​គ្នា​នេះ​ដែរ សហរដ្ឋអាមេរិក​ក៏​បាន​យក​ចិត្ត​ទុក​ដាក់ និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​តំបន់​អាស៊ាន។ ដោយ​សារ​គេ​ចាត់​ទុក​បញ្ហា​នេះ​ជា​ឆ្អឹង​ខ្នង​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​វា​អាច​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ​សន្តិភាព​នៅ​ក្នុង​តំបន់។ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​លើ​បញ្ហា​សង្គម និង​គណបក្ស​នយោបាយ​ហាក់​មើល​ឃើញ​ផ្ទុយ​ពី​នេះ​ទៅ​វិញ។
លោក កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា វត្តមាន​របស់​អ្នកស្រី ហ៊ីលឡារី គ្លិនតុន និង​អ្នក​ជំនួញ​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​លើក​នេះ បាន​ផ្ដោត​ទៅ​លើ​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល ជាង​ការ​គិតគូរ​មក​លើ​ប្រទេស​កម្ពុជា ហើយ​វត្តមាន​របស់​អ្នកស្រី​លើក​នេះ ជា​ការ​គាប់​ជួន​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន។
លោក កែម ឡី៖ «ខ្ញុំ​គិត​ថា នយោបាយ​កម្ពុជា-អាមេរិក តូច​ណាស់។ ប៉ុន្តែ បើ​សម្រាប់​វៀតណាម ហ្វីលីពីន ឬ​មួយ សម្រាប់​ជួយ​ជំរុញ​ភូមា ដើម្បី​ឲ្យ​វៀតណាម ខ្មែរ ឡាវ ក្រឡេក​មើល​ទៅ​ភូមា​ទៅ​វិញ។ ហើយ​ចំណុច​មួយ​ទៀត ដែល​សំខាន់ ខ្ញុំ​វិភាគ​ឃើញ សហរដ្ឋអាមេរិក​មក​នេះ គឺ​ដើម្បី​ពិភាក្សា​ស៊ី​ជម្រៅ​ជាមួយ​វៀតណាម និង​ហ្វីលីពីន ដែល​មាន​ទំនាស់​ក្នុង​មហាសមុទ្រ​ចិន បើ​សិន​ជា​ចិន​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង តើ​អាមេរិក​ត្រូវ​ចាប់​វៀតណាម ឬ​ហ្វីលីពីន យ៉ាង​ដូចម្តេច?»
ដោយ​ឡែក​ចំពោះ​កិច្ចការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ គេ​ឃើញ​ថា សហរដ្ឋអាមេរិក​នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​រឿង​នេះ ប៉ុន្តែ​គេ​ពិបាក​នឹង​រំពឹង​ថា​នឹង​មាន​ការ​ប្រែប្រួល​ទៅ​រក​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។ នេះ​បើ​តាម​ការ​កត់​សម្គាល់​តាំង​ពី​អ្នកស្រី ហ៊ីលឡារី គ្លិនតុន មក​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​ទីមួយ កាល​ពី​ឆ្នាំ​២០១០ រហូត​មក​ដល់​ពេល​នេះ៖ «ដោយ​សារ​កម្ពុជា​ត្រូវ​ការ​ជំនួយ​ពី​ចិន​ច្រើន ធម្មតា​កាល​ណា​ចាប់​ចិន​ហើយ ពិបាក​នឹង​ចាប់​សហរដ្ឋអាមេរិក​ណាស់»
បញ្ហា​នេះ​ដោយ​សារ​ជំនួយ​ចិន​ឥត​សំណង ចំណែក​ជំនួយ​ពី​សហរដ្ឋអាមេរិក​តែង​តែ​មាន​ចំណង។ ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​វិញ គេ​មើល​ឃើញ​ថា កម្ពុជា​មាន​លទ្ធភាព​តិចតួច​ណាស់​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដើម្បី​ដណ្ដើម​ការ​ចាប់​អារម្មណ៍​ពី​អ្នក​វិនិយោគទុន​របស់​សហរដ្ឋអាមេរិក​នោះ។
បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មាន​ប្រសាសន៍​ថា ការ​វិនិយោគ​ក្នុង​រយៈពេល​ខ្លី ឬ​មុខ​ជំនួញ​តិចតួច​ពី​សហរដ្ឋអាមេរិក​នោះ កម្ពុជា​អាច​មាន​លទ្ធភាព​ទៅ​រួច ប៉ុន្តែ​បើ​ការ​វិនិយោគ​ក្នុង​រយៈពេល​វែង ឬ​ទ្រង់ទ្រាយ​ធំ​ដំ កម្ពុជា​ត្រូវ​ការ​ពេលវេលា​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត។ បញ្ហា​នេះ ដោយ​សារ​កម្ពុជា​នៅ​ខ្វះ​កត្តា​បី​ជា​សំខាន់ គឺ​បញ្ហា​ស្ថិរភាព​នយោបាយ ប្រព័ន្ធ​ច្បាប់ បញ្ហា​ធនធាន​មនុស្ស ឬ​ទីផ្សារ។
ចំពោះ​បញ្ហា​ច្បាប់ កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​មួយ​រឹងមាំ​នៅ​ឡើយ ហើយ​វប្បធម៌​គោរព​ច្បាប់ ឬ​យក​ច្បាប់​ជា​ធំ​នោះ ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ។ កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​ពាណិជ្ជកម្ម និង​តុលាការ​ពាណិជ្ជកម្ម​នៅ​ឡើយ ហើយ​នេះ​ជា​ឆ្អឹង​ខ្នង​នៃ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស និង​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត ដូច​ជា តម្លៃ​អគ្គិសនី​ដែល​នៅ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​នៅ​ឡើយ។
ទាក់ទង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ការិយាល័យ​នាំ​ពាក្យ​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​ទី​១១ កក្កដា ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន។
សេចក្ដី​ថ្លែងការណ៍​នោះ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១២ នេះ ជា​ខួប​លើក​ទី​៣៥ នៃ​ថ្ងៃ​បង្កើត​ទំនាក់​ទំនង​របស់​អាមេរិក និង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។ ទំនាក់ទំនង​របស់​អាមេរិក​បើក​ទូលាយ​ផ្អែក​ទៅ​លើ​ពហុជាតិ​ពន្ធ និង​យុទ្ធសាស្ត្រ។ ជុំវិញ​សហ​ប្រតិបត្តិការ​នេះ បាន​ឆ្លង​កាត់​គោល​នយោបាយ​សន្តិសុខ សេដ្ឋកិច្ច និង​ពហុ​វប្បធម៌​សហគមន៍​អាស៊ីអាគ្នេយ៍៕

No comments:

Post a Comment

yes