ភ្នំពេញៈ ពលករបម្រើតាមផ្ទះនិងកម្មករទូកនេសាទ ២៨ នាក់ត្រូវរដ្ឋាភិបាលកម្ពុជាជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងអាហ្វ្រិកខាងត្បូងក្រោមកិច្ចសហការជាមួយអាជ្ញាធរប្រទេសទាំង ២ និងអង្គការ IOM ហើយពួកគេនឹងវិលត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃ២៩មិថុនា របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ជួយពលករ ២៤នាក់ ពីក្នុងខែមិថុនា ពួកគេកំពុងរង់ចាំវិលត្រឡប់មកប្រទេសកំណើតវិញ។
លោកបន្តថា ពលករ ១២នាក់ ក្នុងនោះ មានស្ត្រី៤នាក់ ត្រូវឃុំខ្លួននៅការិយាល័យនគរបាលអន្តោប្រវេសន៍ម៉ាឡេស៊ី។ លោកថា៖«អ្នកដែលជាប់ឃុំនៅនគរបាលអន្តោប្រវេសន៍ម៉ាឡេស៊ី ត្រូវរកឃើញធ្វើការខុសច្បាប់។ ស្ថានទូតកម្ពុជា បានសាកសួរពួកគេ ដើម្បីធ្វើអន្តរាគមន៍»។
លោកបញ្ជាក់ថា ដោយពុំមានឯកសារផ្លូវច្បាប់ ស្ថានទូតកម្ពុជាបានចេញកំណត់ច្បាប់ដល់ពួកគេ ហើយក៏កំពុងសហការជាមួយ IOM ដើម្បីជួយចំណាយថ្លៃធ្វើដំណើរបញ្ជូនពួកគេមកកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ។
ក្រៅពីអន្តរាគមន៍ជួយពលករកម្ពុជាទាំងនេះ ពលករបម្រើតាមផ្ទះពីរនាក់ បានសង្គ្រោះបញ្ជូនមកជួបជុំគ្រួសារវិញនៅថ្ងៃទី ១៥ ខែមិថុនា។ មានពលករជំនួយការមេផ្ទះជាង ១០នាក់ដែលចង់វិលមកផ្ទះវិញ ក៏ត្រូវបានស្ថានទូតកម្ពុជាអន្តរាគមន៍ឲ្យបានមកស្រុកវិញដែរ បន្ទាប់ពីទទួលបានសំណង និងប្រាក់ឈ្នួលការងារ។
លើសពីនេះទៀត ក្រសួងការបរទេសកម្ពុជាក៏បានឲ្យដឹងដែរថា កម្មករនេសាទ៤រូបដែលធ្វើការលើទូកនេសាទមួយរហូតទៅដល់ប្រទេស អាហ្វ្រិកខាងត្បូងតាមក្រុមហ៊ុន Giant Ocean International Fishery ក៏ត្រូវបានសង្គ្រោះផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា៖«ឥឡូវនេះ ពួកគេនៅអាហ្វ្រិកខាងត្បូង។ រដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតនៅប្រទេសថៃ បានស្នើប្រទេសអាហ្វ្រិកខាងត្បូងថែទាំ និងផ្តល់ជម្រកសុវត្ថិភាពដល់ពួកគេមុនពេលសហការជាមួយ IOM ដើម្បីនាំមកវិញឲ្យបានឆាប់»។
លោកស្រី លឹម មុនី អនុប្រធានផ្នែកស្ត្រីនៃអង្គការសិទ្ធិមនុស្សអាដហុកបានថ្លែងថា តាមគ្រួសារកម្មកររងគ្រោះ ពួកគេត្រូវបានបញ្ជូនទៅទីនោះដោយក្រុមហ៊ុន Giant Ocean International ដែលបានបិទទ្វារតាំងពីខែមករា និងគេចវេះពីការទទួលខុសត្រូវ។
លោកស្រីបន្តថា៖«វាជាអន្តរាគមន៍ជួយដ៏ធំ តែក្នុងរយៈពេលមួយខែមិថុនាប៉ុណ្ណោះ ក្នុងចំណោមពាក្យបណ្តឹងរបស់គ្រួសារ តែវានៅមានជនរងគ្រោះជាច្រើនទៀតដែលកំពុងរងគ្រោះនៅបរទេសេ»។
លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅពេលពួកគេមកដល់ស្រុកវិញ ពួកគេនឹងត្រូវសាកសួរដើម្បីឲ្យដឹងថា តើពួកគេក្លាយជាជនរងគ្រោះនៅបរទេសដោយសារមូលហេតុអ្វី៕
No comments:
Post a Comment
yes