កំពង់ស្ពឺ ៖ សារធាតុគីមីជាច្រើនធុង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ស្រាវជ្រាវរកឃើញ បន្ទាប់ពីមានសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋ ហើយករណីនេះរង់ចាំក្រសួងមហាផ្ទៃ និង អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកំពុងតែចុះមកធ្វើការត្រួតពិនិត្យ ។
ការស្រាវជ្រាវរកឃើញសារធាតុគីមីដែលត្រូវបានរុករកឃើញនេះ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ មានទីតាំងម្តុំដីចិន (ដីអំបិល) ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា សារធាតុគីមីចំនួន៨៧ធុង ក្នុងនោះធុងតូចមានចំនួន១១និងធុងធំ៧៦ដែលអាចសង្ស័យពាក់ព័ន្ធការផលិតគ្រឿងញៀន ។ លោកបន្តទៀតថាការស្រាវជ្រាវរកឃើញនេះដោយសារមានសេចក្តីរាយការណ៍ពីប្រជាប្រជាពលរដ្ឋ បានប្រទះឃើញសារធាតុគីមីមួយ ចំនួនអណ្តែតក្នុងទឹកស្ទឹង ហើយក៏បានរាយការណ៍ជូនកំលាំងប៉េអឹមប្រចាំគោលដៅនោះ រួចចុះទៅធ្វើស្រាវជ្រាវម្តុំចំណុចដែលមានការសង្ស័យ ដោយសុំយោបល់ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺរុករកឃើញតែម្តង ។
លោកម៉ែន ស៊ីប៊នបានបន្តថាករណីនេះយើងបានរាយការណ៍ជូនថ្នាក់លើ ហើយពេលនេះរង់ចាំក្រសួងមហាផ្ទៃ និង អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនចុះមកធ្វើការត្រួត ពិនិត្យដើម្បីបញ្ជាក់ពីសារធាតុទាំងនោះ។ លោកបន្តថាករណីនេះវាប្រហាក់ប្រហែលរឿងកាលពីឆ្នាំ២០០០។
មន្ត្រីប៉ូលិសស្រុកភ្នំស្រួចបានបញ្ជាក់ប្រាប់ព័ត៌មានចុងក្រោយថាករណីនេះយើងមិនទាន់ហ៊ានសន្និដ្ឋានថាសារធាតុគីមីទាំងនោះផលិតគ្រឿងញៀនឡើយដោយរង់ចាំមន្ត្រីជំនាញចុះពិនិត្យនិងពិសោធន៍សិន៕
No comments:
Post a Comment
yes