សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 4, 2012

មាន​ការ​អំពាវនាវ​កុំ​ឲ្យ​ទិញ​ស្ករ​ស​ប្រឡាក់​ឈាម​ពលរដ្ឋ

120704_03

តំណាង​​ប្រជា​​ពល​រដ្ឋ​​រង​គ្រោះ នៅ​​ក្នុង​​សន្និ​សីទ​​កា​សែត​ នៅ​​រាជ​ធានី​​ភ្នំ​ពេញ កាល​​ពី​​ម្សិល​មិញ​

ភ្នំពេញៈ ពលរដ្ឋ​រងគ្រោះ​ ដោយ​សារ​រដ្ឋាភិបាល ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ មក​ពី​ខេត្ត​ចំនួន​ ៣​ បាន​បើក​យុទ្ធនាការ​ស្ករស​ស្អាត​ស្អំ​ ក្នុង​គោល​បំណង​អំពាវនាវ​ដល់​អ្នក​ប្រើ​ស្ករស​នៅ​លើ​ពិភពលោក ជា​ពិសេស​សហគមន៍​អឺរ៉ុប បញ្ឈប់​ការ​ទិញ​ផលិតផល​ស្ក​រស ​ដែល «ប្រឡាក់​ឈាម​ពលរដ្ឋ​ខ្មែរ​»។
ខេត្ត​ទាំង ៣ មាន​ខេត្ត​កំពង់ស្ពឺ កោះ​កុង និង​ស្ទឹងត្រែង ជា​ខេត្ត​ស្ថិត​ក្នុង​យុទ្ធនាការ​របស់​ប្រជា​ពលរដ្ឋ​ ដែល​គេ​ធ្វើ​យុទ្ធនាការ​តាម​គេហទំព័រ​ឈ្មោះ www.boycottbloodsugar.net ។
តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត នៃ​យុទ្ធនាការ​នេះ ធ្វើ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ថា ស្ករស​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​ គឺ​មាន​ការ​ពាក់ព័ន្ធ​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​ស្ករស​ទទួល​បាន​ផលប្រយោជន៍​ពាណិជ្ជកម្ម​សព្វ​បែប​យ៉ាង​ក្រោម​គោលការណ៍ អ្វីៗ​គ្រប់​យ៉ាង​ លើក​លែង​តែ​សព្វា​វុធ។
លោក ផល វណ្ណៈ តំណាង​ពលរដ្ឋ​មក​ពី​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា ពលរដ្ឋ​ជិត ២០០០ គ្រួសារ នៅ​ក្នុង​ឃុំ​របស់​លោក បាន​រង​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ របស់​លោក​លីយ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​ គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមហ៊ុន​ស្ករស​កំពង់ស្ពឺ ជា​របស់​ភរិយា​លោក​លី យ៉ុងផាត់ គឺ​លោក​ស្រី គឹម ហ៊ាង។ មក​ទល់​ពេល​នេះ​ មាន​ប្រជា​ពលរដ្ឋ​ជាង​ ៣០ នាក់​ កំពុង​រង​បណ្តឹង​នៅ​តុលាការ ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន ដោយ​ជាន់​លើ​ដី​ស្រែ​ដី​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​នេះ​។

លោក​និយាយ​ថា៖​ «អ្វី​ដែល​មាន​ក្នុង​វិបសាយ​យើង បាន​បង្កើត​នេះ គឺ​មាន​ការ​ស្រាវជ្រាវ​ត្រឹមត្រូវ មិនមែន​យើង​ចេះ​តែ​ដាក់​ទេ។ ដូច្នេះ​សូម​សហគមន៍​អឺរ៉ុប​ ធ្វើ​ពហិការ ការ​ទិញ​ស្ករ​ស​ដែល​ប្រឡាក់​ដោយ​ឈាម​ពលរដ្ឋ​»។ លោក​បន្ត​ថា៖ «គេ​អាច​ទិញ​ស្ករ​នេះ​វិញ​បាន​បើ​សិន​ក្រុម​ហ៊ុន​ដែល​ពាក់ព័ន្ធ ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ គឺ​ផ្តល់​សំណង​សមរម្យ ដល់​អ្នក​បាត់បង់​ដី​ផ្ទះ​សម្បែង​ និង​របរ​ចិញ្ចឹម​ជីវិត ព្រោះ​ក្រុមហ៊ុន​ដេញ​ពលរដ្ឋ​ចេញ​យក​ដី​ដាំ​អំពៅ​ដោយ​មិន​ផ្តល់​សំណង​សមរម្យ»។
លោក ផល វណ្ណៈ បន្តថា ពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​ប្រយោជន៍​ការងារ​ពី​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​នេះ​ច្រើន​ទេ ព្រោះ​ក្រុម​ហ៊ុន ជួល​មនុស្ស​ពី​ខេត្ត​ផ្សេងៗ​មក​ធ្វើ​ការ ដោយ​ធ្វើ​ការ​ជាង​ ១២​ ម៉ោង បាន​ប្រាក់​តែ​១ ម៉ឺន ២ ពាន់​រៀល​ប៉ុណ្ណោះ​។ លោក​ថា ៖ «អ្នក​ភូមិ​ខ្លះ មិន​ចង់​ធ្វើការ​​ឲ្យ​ក្រុមហ៊ុន​ទេ ព្រោះ​គាត់​ឈឺចាប់ ដោយ​សារ​គេ​បណ្តេញ​ចេញ​ពីដី ហើយ​ត្រូវ​គេ​ជួល​ឲ្យ​ដាំ​អំពៅ នៅ​លើ​អតីត​ដី​ខ្លួន​ឯង​ទៀត នេះ​គឺ​ឈឺចាប់​ណាស់​»។
លោក តេង កៅ តំណាង​ពលរដ្ឋ​មក​ពី​ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ពីរ  បាន​ចាប់​ផ្តើម​ដាំ​អំពៅ ដោយ​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅ​ឆ្នាំ​២០០៦ ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បាញ់​លើ​ពលរដ្ឋ​ឲ្យ​របួស​។ លោក​ថា៖ «ការ​ដាំ​អំពៅ មាន​ការ​បាញ់​ថ្នាំ​គីមី​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ពាហនៈ និង​សុខភាព​មនុស្ស​។ សូម្បី​តែ​គោ​យើង​ទៅ​ស៊ី​ស្មៅ​លើ​ដី​នោះ ក៏​ត្រូវ​គេ​ចាប់​ឲ្យ​បង់​លុយ​ដែរ​។ ការ​អភិវឌ្ឍ​នេះ រឹត​តែ​ធ្វើ​ឲ្យ​យើង​ក្រ​ទៅៗ»។
លោក ស្មិន តិ តំណាង​ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ ថ្លែង​ថា មាន​ការ​តវ៉ា​និង​ដាក់​ពាក្យ​បណ្តឹង​ជា​ច្រើន ទៅ​កាន់​អាជ្ញាធរ តែ​មិន​មាន​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ឡើយ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាត់បង់​ទាំង​ដី​ធ្លី ផ្ទះ​សម្បែង​និង​មុខ​របរ​ចិញ្ចឹម​ជីវិត។
លោក​បន្ត​ថា ៖ «ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ បាន​កើត​មាន​រឹត​តែ​ច្រើន ទោះ​មាន​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ក៏​ដោយ​ ពីព្រោះ​ពលរដ្ឋ​យើង បាន​បាត់បង់​ដី​កសិកម្ម ដីស្រែ​ចម្ការ​ បាត់បង់​ឱកាស​ក្នុង​ការ​រក​អនុផល​ព្រៃឈើ ទើប​ធ្វើ​ឲ្យ​គាត់​ធ្វើ​ចំណាក​ស្រុក។ ក្រុមហ៊ុន​មិន​បាន​ផ្តល់​ការងារ​ច្រើន​ឡើយ»។
បើ​តាម​សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង​សន្និសីទ​នេះ​ ឲ្យ​ដឹង​ថា ដី​សម្បទាន​ប្រមាណ​៧ ម៉ឺន​ ៥ ពាន់​ហិកតា ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា​ សម្រាប់​ឧស្សាហកម្ម​ស្ករ​អំពៅ ក្នុង​ចំណោម​ដី​សម្បទាន​ផ្សេងៗ​ទៀត​ប្រមាណ ​២​ លាន​ហិកតា​ទូទាំង​ប្រទេស សម្រាប់​អភិវឌ្ឍ​ដំណាំ​ កសិ-ឧស្សាហកម្ម។
លោក អៀង វុទ្ធី តំណាង​អង្គការ​សមធម៌​កម្ពុជា ឲ្យ​ដឹង​ថា​ មាន​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ​យក​ទៅ​ដាំ​អំពៅ នៅ​ខេត្ត​មួយ​ចំនួន​ទៀត ដែល​យុទ្ធនាការ​នេះ​ មិន​បាន​សិក្សា​ ដូច្នេះ​មាន​តែ​ខេត្ត​បី​ប៉ុណ្ណោះ ដែល​ប្រជា​ពលរដ្ឋ​មាន​ការ​តស៊ូ​មតិ​ខ្លាំង​ក្លា​តាម​ប្រព័ន្ធ​វិបសាយ។ លោក​បាន​បន្ត​​ថា៖ «ពលរដ្ឋ​គាត់​ចង​ក្រង​ប្រមូល​ព័ត៌មាន​ឲ្យ​អ្នក​គាំទ្រ និង​ធ្វើ​ការ​តស៊ូ​មតិ សម្រាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​ស្ករ​អំពៅ​នេះ ឲ្យ​ដោះស្រាយ​នូវ​ផល​ប៉ះពាល់​ ដែល​ពួក​គាត់​បាន​ប្រឈម​»។
ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ស្រី ឈាង គឹមស៊ុន តំណាង​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ ថ្លែង​ថា​ ពលរដ្ឋ​នៅ​ឃុំ​អមលាំង​ ដែល​ប៉ះពាល់​ក្នុង​ដី​ដែល​ក្រុមហ៊ុន​វិនិយោគ​ គឺ​ត្រូវ​បាន​ដោះស្រាយ​ផល​ប៉ះពាល់​រួច​រាល់​អស់​ហើយ តាំងពី​ពីរ​ឆ្នាំ​មុន​ និង​ចោទ​ថា​ពលរដ្ឋ​ដែល​ធ្វើ​សន្និសីទ​កាសែត​នេះ ជា​មនុស្ស​ប្រឆាំង​ការ​អភិវឌ្ឍ។
លោក​ស្រី​ថ្លែង​ថា ៖ «រាល់​បាតុ​ភាព​ជាមួយ​ពលរដ្ឋ​ និង​ក្រុម​ហ៊ុន​ គឺ​យើង​ដោះស្រាយ​អស់​ហើយ​ នៅ​ឆ្នាំ​ ២០១០​។ គ្មាន​ពលរដ្ឋ​ណា ត្រូវ​ក្រុម​ហ៊ុន​រំលោភ​យក​ដីទេ។ សួរ​មើល​ថា តើ​យើង​ផ្តល់​ការងារ​ប៉ុន្មាន​រយ​នាក់​ដល់​ពួក​គេ? ចុះ​ហេតុ​អ្វី​គេ​ចេះ​តែ​ចោទ​យើង បុគ្គល​នេះ​ជា​មនុស្ស​គណបក្ស​ប្រឆាំង​រដ្ឋាភិបាល​ មិន​ចង់​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ»។
ប៉ុន្តែ​យ៉ាង​ណា​ក្តី​ ពលរដ្ឋ​នៅ​ឃុំ​អមលាំង​បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ផ្តល់​សំណង​ឲ្យ​ពួក​គាត់​តិច​តួច​បំផុត ហើយ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ចាប់​បង្ខំ ដោយ​ប្រើ​គ្រឿង​ចក្រ​ឈូស​វាត​យក​ដី​របស់​ពួក​គាត់​ខណៈ​ដែល​ពុំ​ទាន់​មាន​ ការ​ព្រមព្រៀង​គ្នា​នៅ​ឡើយ៕

No comments:

Post a Comment

yes