សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 4, 2012

គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ធ្វើ​កំណែ​ទម្រង់​ទៀត​ហើយ

120704_07a
លោក​ញឹក ប៊ុន​ឆៃ (ស្តាំ) លោក​កែវ ពុទ្ធ រស្មី និង​លោក លឺ ឡាយ​ស្រេង 
ក្នុង​កិច្ច​ប្រជុំ​បក្ស​កន្លង​មក​​
ភ្នំពេញៈ គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​បាន​ធ្វើ​ការ​កែ​ទម្រង់​សមាជិក​គណៈ​កម្មា​ធិការ​អចិន្រៃ្តយ៍​របស់​ខ្លួន ពី​ច្រើន​មក​តិច ហើយ​អគ្គលេខា​ធិការ​គណបក្ស ក៏​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ផង​ដែរ ដែល​ការ​កែ​ទម្រង់​ទាំង​នេះ ​ត្រូវ​បាន​អះ​អាង​ថា ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បង្កើន​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នា​ពេល​ខាង​មុខ។
លោក ញ៉ឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​ គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា គណបក្ស បាន​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​ កាត់​បន្ថយ​ចំនួន​សមាជិក​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍ ៧ រូប ពី​សមាជិក​បច្ចុប្បន្ន ១៨ រូប​ដោយ​រក្សា​ទុក​តែ​១១ រូប​ប៉ុណ្ណោះ។ ការ​កែ​ទម្រង់​នេះ ត្រូវ​បាន​លោក ញ៉ឹក ប៊ុនឆៃ អះអាង​ថា ជា​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​គណបក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ ២០១៣ ខាង​មុខ និង​ថា ការ​ដក​តំណែង​នេះ គឺ​ដើម្បី​ទុក​ឱកាស​ដល់​មន្ត្រី​គណបក្ស​ចុះ​បម្រើ​ប្រជាជន​នៅ​មូលដ្ឋាន​។

ក្នុង​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ លោក ខាន់ សាវឿន អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ មហាផ្ទៃ និង​ជា​អគ្គលេខា​ធិការ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ត្រូវ​បាន​ដក​តំណែង ហើយ​ដាក់​ជំនួស​វិញ​ដោយ​អតីត​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ លោក ហ៊ុន ភឿង ដែល​ក៏​ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ដែរ​។ តំណែង​លោក ខាន់ សាវឿន នៅ​គណៈ​កម្មា​ធិការ​អចិន្រៃ្តយ៍​នៅ​ដដែល​ពុំ​មាន​ការ​ប្រែ​ប្រួល​ទេ។
លោក ញ៉ឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​ថា៖​ «ពេល​[យើង]​ប្រជុំ​ពេល​ខ្លះ គាត់​(ខាន់ សាវឿន)​ពុំ​បាន​មក​ចូល​រួម​ទេ។ ជា​ពិសេស គាត់​ជាប់​រវល់​ខ្លាំង​ពុំ​បាន​បំពេញ​ការងារ​គណបក្ស តែ​គាត់​បាន​បំពេញ​ការងារ​ជា​ច្រើន​នៅ​ថ្នាក់​មូល​ដ្ឋាន»។
លោក ញឹក ប៊ុនឆៃ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖​« ខ្ញុំ​គិត​ថា គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ នឹង​មាន​សំឡេង​គាំ​ទ្រ​កើន​ឡើង​ក្រោយ​ធ្វើ​កំណែ​ទម្រង់​នេះ ព្រោះ​ការ​ដក​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​អចិន្រៃយ៍​គឺ​ដើម្បី​បង្កើន ប្រសិទ្ធ​ភាព​ការងារ​»។
គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ដែល​ជា​គណបក្ស​ឈ្នះ​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ ១៩៩៣ បាន​បាត់​បង់​សំឡេង​គាំទ្រ​យ៉ាង​គំហុក នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​កន្លង​មក​ គឺ​ចាប់​តាំង​ពី​គណបក្ស​នេះ បាន​កើត​មាន​ជម្លោះ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ​។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ កាល​ពី​ពេល​ថ្មី​ៗ​នេះ គណបក្ស​នេះ បាន​​ឈ្នះ​ធ្វើ​ជា​មេឃុំ​តែ​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ឃុំ​-សង្កាត់ ១៦៣៣។
នៅ​ពេល​ទាក់​ទង​បាន​កាល​ពី​ម្សិល​មិញ លោក ខាន់ សាវឿ​ន បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​លម្អិត​ទេ​ ដោយ​គ្រាន់​តែ​ថ្លែង​ថា ការ​ដក​តំណែង​លោក​ពុំ​ចោទ​ជា​បញ្ហា​សម្រាប់​លោក​ឡើយ។
លោក ខាន់ សាវឿន បាន​គូស​បញ្ជាក់​ថា៖​ «មិន​ថា​យ៉ាង​ណា​សម្រាប់​ខ្ញុំ​ទេ បើ​សិន​វា​រីក​ចម្រើន​សម្រាប់​គណបក្ស អ្វី​ដែល​ពួក​គេ​ធ្វើ​គឺ​ស្រេច​តែ​ពួក​គេ​ទៅ»។
ទន្ទឹម​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​កាន់​អំណាច ​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ ដែល​ជា​ដៃ​គូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ ធ្វើ​ការ​ជាមួយ​គ្នា​លើ​កំណែ​ទម្រង់​ដីធ្លី បន្ទាប់​ពី​លោក​ញ៉ឹក ប៊ុនឆៃ បាន​ស្នើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​មន្ត្រី​របស់​លោក ​បាន​សហការ​ជា​មួយ​គណបក្ស​ប្រជាជន​ នៅ​ក្នុង​ការ​អនុវត្ត​កំណែ​ទម្រង់​ដី​ធ្លី។ នេះ​បើ​យោង​តាម​​សេចក្តី​ជូន​ដំណឹង​ចេញ​ដោយ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ ២០១២៕

No comments:

Post a Comment

yes