មាន១៤គ្រួសារ ក្នុងសហគមន៍បឹងកក់ខាងលិចដែលត្រូវអាជ្ញាធរតម្រូវឲ្យរុះរើផ្ទះចេញ
ភ្នំពេញៈ លំនៅដ្ឋានពលរដ្ឋ១៤គ្រួសាររស់នៅសហគមន៍ ៣៤៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវអាជ្ញាធរតម្រូវឲ្យរុះរើចេញ ដោយអះអាងថាជាដីសាធារណៈរដ្ឋ និងផ្តល់សំណងតាមគោលការណ៍ដីមួយឡូតិ៍ជាមួយនឹងថវិកា៣លាន រៀល តែពលរដ្ឋបានជំទាស់នឹងសំណង នេះ ហើយសុំឲ្យរដ្ឋផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់វិញ។
សំណើនេះត្រូវបានតំណាងពលរដ្ឋសហគមន៍ ៣៤៧ ភាគខាងលិច ជិតបុរីកាំកូស៊ីធី លើកឡើងក្នុងអង្គប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក គឹម ទីវពិសិដ្ឋ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាមួយក្រុមតំណាងពលរដ្ឋទាំង១៤គ្រួសារ កាលពីថ្ងៃសុក្រកន្លងទៅ ដែលតំណាងពលរដ្ឋអះអាងថា កិច្ចប្រជុំរកដំណោះស្រាយនេះ មិនបានការស្រុះស្រួលគ្នានោះទេ គ្រាន់តែអាជ្ញាធរឲ្យតំណាងពលរដ្ឋម្នាក់លើកពីសំណូមពរ និងមិនអនុញ្ញាតឲ្យអ្នកដទៃមានឱកាសលើកពីបញ្ហារៀងៗខ្លួនឡើយ។
លោក ពៅ បញ្ញា តំណាងពលរដ្ឋថ្លែងថា ពលរដ្ឋស្នើសុំកុំឲ្យមានការបណ្តេញចេញនិងសុំនូវកម្មសិទ្ធិស្រប ច្បាប់រស់នៅទីនោះ ដែលផ្ទុយពីគំនិតរបស់អាជ្ញាធរដែលចង់ឲ្យពលរដ្ឋរុះរើផ្ទះចេញ និងផ្តល់ដីមួយឡូតិ៍នៅ តំបន់ឆ្ងាយគ្មានហេដ្ឋារចនាសម្ព័ន្ធ។
លោកថា ៖ «យើងសុំឲ្យអាជ្ញាធរបញ្ឈប់បណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានតាម គ្រប់រូបភាព និងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យពលរដ្ឋទាំង១៤គ្រួសារ»។
លោក បញ្ញា និយាយថា លំនៅដ្ឋានពលរដ្ឋសហគមន៍៣៤៧ ភាគខាងលិចដែលមាន៩ខ្នងផ្ទះ ត្រូវបានពលរដ្ឋមកទិញនៅតៗ គ្នាតាំងពីឆ្នាំ១៩៩០ ដែលមានអ្នកប្រកបរបរជាអ្នកលក់កាហ្វេ កម្មកររោងចក្រ អ្នករត់ម៉ូតូឌុប អ្នករើសអេតចាយ អ្នកលក់ ចាប់ ហួយ អ៊ុតសក់ កាត់សក់ និងមន្ត្រី រាជការ។ ប៉ុន្តែនៅឆ្នាំ២០០៧ ទើបពលរដ្ឋដឹងថា អាជ្ញាធរឲ្យពលរដ្ឋរុះរើចេញ ហើយក្រោយមកទើបដឹងថា រដ្ឋត្រូវការពង្រីកធ្វើផ្លូវលេខ ៣៤៧ ហើយចោទពលរដ្ឋថារស់នៅលើដីរដ្ឋ។
លោកបន្តថា តាមពិតមានពលរដ្ឋប្រមាណ៨៧គ្រួសាររស់នៅសហគមន៍៣៤៧ ភាគខាងកើត បានរុះរើលំនៅដ្ឋានជាបន្តបន្ទាប់ ដោយមិនហ៊ានតវ៉ា ព្រោះក្នុងឆ្នាំ២០០៧ មានករណីនៃការចាក់បំពេញដីតំបន់បឹងកក់ ដែលជាហេតុធ្វើឲ្យសហគមន៍នានាក្នុងរាជធានី «មានភាពតក់ស្លុតនិងខ្លាចគេបណ្តេញចេញគ្មានសំណង» ទៅទទួលដីមួយឡូតិ៍៦គុណ១២ម៉ែត្រ និងថវិកា៣លានរៀល នៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
លោកស្រី ឯក ម៉ាលីនណា តំណាងម្នាក់ទៀត ថ្លែងថា លំនៅដ្ឋានដែលរើចេញទៅនោះ ក្រោយមកត្រូវឯកជនព័ទ្ធរបងយក ស្ថិតនៅទល់មុខសហគមន៍ ៣៤៧ភាគខាងលិចរបស់ពួកគាត់។
លោកស្រីបន្តថា នេះដោយសារការតស៊ូទាមទារតាមផ្លូវច្បាប់របស់ពលរដ្ឋទាំង១៤គ្រួសារដើរ ដាក់ពាក្យអន្តរាគមន៍គ្រប់អង្គការ ស្ថាប័នរដ្ឋាភិបាល រដ្ឋសភា ទើបពួកគាត់មានឱកាសនៅរក្សាលំនៅដ្ឋានរហូតមកដល់ពេលនេះ។
អ្នកស្រីនិយាយថា៖«គេចោទថាយើងអនាធិបតេយ្យ តែយើងមានប័ណ្ណសា្នក់នៅ មានកាតបោះឆ្នោត និងមានសំបុត្រកំណើតជាដើម»។
មន្ត្រីសាលារាជធានីភ្នំពេញ មិនអាចសុំការបំភ្លឺបានទេ កាលពីម្សិលមិញ។
លោក វិត ដារិទ្ធ ចៅសង្កាត់បឹងកក់១ បានឲ្យដឹងថា ពលរដ្ឋទាំងនោះបានមកតាំងលំនៅលើដីរដ្ឋ ដែលពេលនេះរដ្ឋតម្រូវឲ្យយកផ្លូវពង្រីកឲ្យធំប្រមាណ៣០ម៉ែត្រ និងឲ្យពលរដ្ឋ១៤គ្រួសារចាកចេញជាមួយនឹងគោលនយោបាយដីមួយឡូតិ៍ និងថវិកា៣លានរៀល ហើយមកទល់ពេលនេះមានពលរដ្ឋជាង១០០គ្រួសារ ព្រមចាកចេញ និងសល់តែមួយចំនួនតូចនេះប៉ុណ្ណោះ។
លោកបន្តថា ៖ «ពលរដ្ឋទាំងនេះ មិនយល់ផ្លូវច្បាប់ ព្រោះនេះជាដីសាធារណៈ យើងផ្តល់បានតែដីមួយឡូតិ៍ និងថវិកាគោលនយោបាយទេ។ គាត់គួរតែយល់ ព្រោះបើនៅតែរស់នៅ នឹងមិនមានលក្ខណៈរឹងមាំឡើយ»៕
No comments:
Post a Comment
yes