ជាមួយនឹងទេពកោសល្យសិល្បៈយ៉ាងប៊ិនប្រសប់ បូករួមជាមួយនឹងរូបសម្រស់ស្រស់សោភាផងនោះ ផានិត រ៉ាម៉ា សុវណ្ណ ឬ ផានិត សុវណ្ណ ដែលជាកូនខ្មែររស់នៅសហរដ្ឋអាមេរិក នឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីបវរកញ្ញាឆ្នាំ២០១៣ ដែលមានឈ្មោះថា «Queen of the Universe» ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិក និងជនកម្ពុជានៅទីនោះ។
ដោយចាប់កំណើតក្នុងជំរំជនភៀសខ្លួន ខៅអ៊ីដាង នៅឆ្នាំ១៩៨៩នៅប្រទេសថៃ ផានិត សុវណ្ណ ដែលមានឪពុកឈ្មោះ សាន សុវណ្ណ និងម្តាយ រ៉ាម៉ា គឹម បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកដោយបាតដៃទទេជាមួយនឹងខោអាវប៉ុន្មានសម្រាប់ ខណៈពេលដែលនាងអាយុទើបតែពីឆ្នាំ។ ម្តាយនាងបានប្រាប់ថា គ្រួសារនាងស្ទើរតែផុតជីវិតជាច្រើនលើក។
ជាមួយនឹងការផ្តើមជីវិតដោយបាតដៃទទេក្នុងនាមជាជនភៀសខ្លួន ផានិត ដែលទើបមានអាយុ២៣ឆ្នាំ បាននិយាយថា៖«គ្រួសារខ្ញុំបានរស់នៅក្នុងកន្លែងដ៏តូចចង្អៀតមួយនៅ Carson CA ។ នៅទីនោះហើយដែលឪពុកម្តាយរបស់ខ្ញុំបានជំរុញឲ្យខ្ញុំរៀនភាសាខ្មែរ ហើយក្រោយមកក៏មានគេណែនាំខ្ញុំ និងគ្រួសារឲ្យទៅកាន់វិហារគ្រឹះសាសនាមួយជាកន្លែងដែលខ្ញុំបានចាប់ផ្តើមរៀនផ្នែកតន្ត្រី និងសរសេរចម្រៀង»។ នាងបានបញ្ជាក់ថា៖«ក្រោយមកខ្ញុំក៏ផ្លាស់ទៅរស់នៅឡុងប៊ិច»។
ទើបតែវ័យ២៣ឆ្នាំ តែផានិត សុវណ្ណ បានឆ្លងកាត់ភាពអស្ចារ្យច្រើនក្នុងពិភពសិល្បៈនៅអាមេរិក។ នាងជាតារាចម្រៀង តន្ត្រីករ និងជាអ្នកសរសេរទំនុកច្រៀង។ ដោយផ្អែកលើទេពកោសល្យទាំងនេះ បូករួមជាមួយនឹងសម្រស់អំណោយផលពីធម្មជាតិផងនោះ ផានិត បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនខ្មែរនៅអាមេរិក ពិសេសពីស្ថានទូតខ្មែរនៅទីនោះក្នុងការជំរុញនាងឲ្យចូលរួមប្រលងបវរកញ្ញាអាមេរិកឆ្នាំ២០១៣ មានឈ្មោះថា «Queen of the Universe»ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។ តែទោះជាយ៉ាងណា ផានិត បាននិយាយថា នៅមិនទាន់គ្រប់នៅឡើយ នាងត្រូវការការគាំទ្របន្ថែមពីបងប្អូនខ្មែរនៅកម្ពុជាជាប្រទេសកំណើត។
No comments:
Post a Comment
yes