ភ្នំពេញ: សម្ព័ន្ធភាពគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានសម្រេចថា នឹងនាំយកសំណុំបែបបទ ទៅចុះបញ្ជីគណបក្សប្រឆាំងរួមគ្មាថ្មីមួយ ដែលមានឈ្មោះថា "គណបក្សសង្គ្រោះជាតិ" នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២ នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ស្តីពី គណបក្សនយោបាយ។ រីឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា ស្ថាប័នមួយនេះ រង់ចាំពិនិត្យលើសំណុំបែបបទនោះ មុននឹងសម្រេចថា យល់ព្រម ឬក៏បដិសេធ។
នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា "ក្រសួងមហាផ្ទៃ បើកទ្វារធ្វើការរហូត ហើយការសម្រេចចុះ ឬមិនចុះ គឺមិនមែនថា ដាក់ភ្លាមមក ហើយយើងសម្រេចភ្លាមទេ គឺក្រសួងមហាផ្ទៃ មានរយៈពេល ១៥ ថ្ងៃ ដើម្បីធ្វើការងារ ក្នុងការឆ្លើយទៅតាមច្បាប់ ( ច្បាប់ស្តីពីគណបក្សនយោបាយ )"។
លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងត្រូវបំពេញបែបបទ យកទៅចុះឈ្មោះ ជាផ្លូវការ នៅក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២។
គណបក្សប្រឆាំងថ្មីនោះ មានលោកសមរង្ស៊ី ធ្វើជាប្រធានគណៈកម្មាធិការបណ្តោះអាសន្ន ដែលមាន ៧ រូប ( មកពីគណបក្សសមរង្ស៊ី ៤ រូប និងគណបក្សសិទ្ធិមនុស្ស ៣ រូប )។ រីឯលោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស ត្រូវបានជ្រើសតាំងជាអនុប្រធានគណៈកម្មាធិការបណ្តោះអាសន្ននោះ។
ក៏ប៉ុន្តែលោកសមរង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស មានឈ្មោះជាទណ្ឌិត ឬអ្នកជាប់ទោស ដោយត្រូវតុលាការសម្រេចផ្តន្ទាទោសជាស្ថាពរ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម កាលពីចុងឆ្នាំ២០០៩។
ក្នុងករណីនេះ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានលើកយកមាត្រាមួយចំនួន ក្នុងច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ ដើម្បីធ្វើជាសំអាង។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា "ក្នុងច្បាប់បោះឆ្នោតតំណាងរាស្ត្រ បានកំណត់ច្បាស់ថា ទណ្ឌិត មិនអាចបោះឆ្នោត និងមិនអាចឈរឈ្មោះ ឲ្យគេបោះឆ្នោតបានទេ។ អីចឹងករណីនេះ ច្បាស់ហើយថា លោកសមរង្ស៊ី មិនអាចឈរឈ្មោះ ជាតំណាងរាស្ត្របានទេ។ ប៉ុន្តែក្នុងច្បាប់ ស្តីពី គណបក្សនយោបាយ មិនទាន់បានចែង ថាតើទណ្ឌិត មិនអាចធ្វើជាប្រធានបក្សបាននោះទេ។ វាមិនទាន់មានកន្លែងណា កំណត់ ចែងដូច្នេះទេ"។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបន្ថែមថា ក្រសួងមហាផ្ទៃ មានសិទ្ធិ ១៥ ថ្ងៃ ក្រោយពីទទួលសំណុំបែបបទ សុំចុះឈ្មោះគណបក្សថ្មី ដើម្បីឆ្លើយតបថា ទទួលចុះ ឬក៏មិនទទួលចុះបញ្ជីជាផ្លូវការ សម្រាប់គណបក្សថ្មីនោះ។
សូមរម្លឹកថា លោកសមរង្ស៊ី ប្រធានគណបក្សសមរង្ស៊ី និងលោក កឹមសុខា ប្រធានគណបក្សសិទ្ធិមនុស្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានព្រមព្រៀងចុះហត្ថលេខាជាថ្មី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដើម្បីបង្កើតសម្ព័ន្ធភាពគណបក្សប្រឆាំង ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មុននឹងឈានទៅបង្កើតគណបក្សថ្មីមួយរួមគ្នា ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២៕
No comments:
Post a Comment
yes