និស្សិតឆ្នាំទី៣ ផ្នែកទីផ្សារ នៃវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ បានប្រាប់ថា ប្អូនធ្លាប់ដើររើសអេតចាយយកទៅលក់ ដើម្បីផ្គត់ផ្គង់ការរៀនសូត្រ។ ការដែលប្អូនធ្លាក់ខ្លួនរើសអេតចាយ ក៏ព្រោះតែម្ដាយឪពុករបស់ប្អូនមិនមានលទ្ធភាពផ្ដល់ប្រាក់ឲ្យ ប្អូនក្នុងការរៀនសូត្រ។
និស្សិតឆ្នាំទី៣ និង ជាក្មេងវត្តបទុមវតី បានរៀបរាប់ពីជីវិតរបស់ខ្លួនឲ្យ Sabay ដឹងថា ប្អូនមានឈ្មោះ ផន ផា មានស្រុកកំណើតនៅ ភូមិព្រហូត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្ត ព្រៃវែង ។ ឪពុកម្ដាយរបស់ប្អូនគឺជាកសិករ មិនចេះអក្សរ និង មានជីវភាពក្រីក្រណាស់។ ប្អូនគឺជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ ប្រុស៣ ស្រី២។ ក្នុងចំណោមបងប្អូនរបស់ប្អូនទាំងអស់ គឺមានតែប្អូនម្នាក់គត់ដែលបានរៀនចប់ថ្នាក់បាក់ឌុប។
ប្អូនបានបញ្ចប់ថ្នាក់បាក់ឌុបនៅឆ្នាំ២០០៩ ដោយទទួលបាននិទ្ទេស E ប៉ុន្តែប្អូនមិនទាន់បានចូលរៀនមហាវិទ្យាល័យភ្លាមៗនោះទេ។ ប្អូនបានព្យាយាមស្នើសុំអាហារូបករណ៍ដែរ ពីថ្នាក់ដឹកនាំមួយចំនួន តាមរយៈអាជ្ញាធរនៅក្នុងភូមិឃុំរបស់ប្អូន ប៉ុន្តែត្រូវបរាជ័យរហូត។ ប៉ុន្តែការព្យាយាមមិនចុះចាញ់របស់ប្អូនបានសម្រេចដូចប្រាថ្នា ដោយប្អូនត្រូវបានគេផ្តល់អាហាររូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញ។ ប្អូនបានចាប់យកជំនាញច្បាប់នៅពេលនោះ។ បន្ទាប់ពីទទួលបានអាហារូបករណ៍ភ្លាម ប្អូនបានឡើងមកភ្នំពេញ ដោយបានសុំព្រះសង្ឃមកស្នាក់នៅ ក្នុងវត្តបទុមវតី តាមរយៈព្រះសង្ឃដែលត្រូវជាបងប្អូនជីដូនមួយ។
ការស្នាក់នៅក្នុងវត្តនៅរាជធានីភ្នំពេញ មិនដូចជាស្នាក់នៅវត្តឯជនបទនោះទេ។ ទាំងព្រះសង្ឃ និង ទាំងនិស្សិតទាំងអស់ ត្រូវតែដោះស្រាយថ្លៃម្ហូបអាហារ ចង្ហាន់ និង ថ្លៃទឹក ថ្លៃភ្លើងដោយខ្លួនឯង។ ដោយសារ ប្អូនគឺជានិស្សិតមានជីវភាពក្រីក្រជាងគេនៅក្នុងវត្ត ប្អូនត្រូវបានព្រះសង្ឃ និង មិត្តភក្ដិរួមកុដិជួយចេញថ្លៃម្ហូបអាហារ និង ទឹកភ្លើងឲ្យ ប៉ុន្តែប្អូនត្រូវទៅផ្សារ ទិញម្ហូបអាហារមកចំអិន និងជួយរៀបចំទុកដាក់ចាន ឆ្នាំងជាការតបស្នងវិញ។ បើទោះបីជា ប្អូនពុំត្រូវចំណាយលើថ្លៃស្នាក់នៅ ម្ហូបអាហារ និង ទឹកភ្លើងក្តី ប៉ុន្តែប្អូនត្រូវប្រឈមទៅនឹងការចំណាយលើសម្លៀកបំពាក់ ជាពិសេសសម្ភារៈសិក្សា។
ដោយសាឪពុកម្តាយរបស់ប្អូនជាកសិករដំាដុះលើដីស្រែតិចតួច ពួកគាត់មិនមានថវិកាណាដើម្បីផ្ញើមកឲ្យប្អូន ផន ផា ដែលកំពុងស្នាក់នៅសិក្សាក្នុងរាជធានីភ្នំពេញទេ។ ដើម្បីបានប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដំបូងឡើយប្អូនក៏សម្រេចចិត្តដើររើសសំបកដបទឹកសុទ្ធ និង សំបកកំប៉ុងនៅក្នុងវត្ត។ ប្អូនមានការខ្មាសអៀនជាខ្លាំង នៅពេលប្អូនដើររើសលើកដំបូង បើទោះបីជា ប្អូនដើររើសត្រឹមក្នុងបរិវេណកុដិក្តី។ ប៉ុន្តែបន្ទាប់ពីទទួលបានការលើកទឹកចិត្តពីព្រះសង្ឃ ក៏ដូចជានិស្សិតក្នុងវត្តថា ទង្វើដែលប្អូនធ្វើមិនមែនជាអំពើខុសច្បាប់នោះ ប្អូនក៏ហ៊ានចេញដើររើសអេតចាយស្ទើរគ្រប់កុដិទាំងអស់នៅក្នុងបរិវេណវត្តបទុមវតីនេះតែម្ដង។
ដំបូងឡើយ ពេលដែលប្អូនធ្វើដំណើរទៅសាលារៀនម្តងៗ ប្អូនត្រូវខ្ចីកង់បងមិត្តភ័ក្ដិរបស់ប្អូនដែលរស់នៅក្នុងកុដិជាមួយគ្នា ពីព្រោះប្អូនពុំទាន់មានយានជំនិះដោយខ្លួនឯងទេ។ ទើបតែចុងឆ្នាំ២០១១នេះ ប្អូនត្រូវបានសប្បុរសជនម្នាក់ដែលមកធ្វើបុណ្យក្នុងវត្ត ទិញកង់មួយឲ្យប្អូនបានជិះមកទល់នឹងសព្វថ្ងៃនេះ។
ដំបូងប្អូនមានការភាន់ច្រឡំបន្តិចសម្រាប់អាហាររូបករណ៍ដែលគេផ្តល់ឲ្យដើម្បីរៀនច្បាប់នេះ។ ប្អូនយល់ថា អាហាររូបករណ៍ដែលសាលាផ្តល់ឲ្យរៀនផ្នែកច្បាប់នេះ គឺពេញលេញ១០០%។ ប៉ុន្តែតាមពិត អាហាររូបករណ៍នេះផ្តល់ឲ្យត្រឹមតែ៥០% ប៉ុណ្ណោះ។ ដោយគ្មានលទ្ធភាពបង់ថ្លៃសិក្សារយៈពេល២ឆ្នាំបន្តទៅទៀតបាន ប្អូនបានសម្រេចចិត្តឈប់រៀនត្រឹមឆ្នាំទី២តែម្ដង។
បន្ទាប់ពីឈប់រៀន ប្អូនក៏ទទូលបានសំណាងមួយយ៉ាងធំ គឺទទួលអាហាររូបករណ៍មួយផ្សេងទៀតនៅឆ្នាំដដែលនោះ។ ព្រះសង្ឃដែលគង់នៅវត្តបទុមវតី បានផ្តល់អាហារូបករណ៍១០០%ឲ្យប្អូនរៀននៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ ផ្នែកទីផ្សារ ដែលប្អូនកំពុងក្រេបជញ្ជក់សព្វថ្ងៃនេះ។
ការពឹងផ្អែកទៅលើរបរជាអ្នករើសអេតចាយនៅក្នុងវត្ត មិនអាចដោះស្រាយជីវភាពប្រចាំថ្ងៃបាននោះទេ។ ពេលទំនេរពីការសិក្សា ជាពិសេសនៅចុងសប្ដាហ៍ ប្អូនបានទៅធ្វើការជាអ្នករត់តុនៅតាមពិធីអាពាហ៍ពិពាហ៍ក៏ដូចជាពិធីជប់លៀងផ្សេងៗបន្ថែមទៀត។ ការងារជាអ្នករត់តុ បានទទួលប្រាក់ចន្លោះពី៤ដុល្លារ ទៅ ៥ដុល្លារ ក្នុងមួយថ្ងៃ។ ការងារជាអ្នករត់តុ នៅតាមពិធីផ្សេងៗមិនសូវមានជារៀងរាល់ថ្ងៃនោះទេ ជាធម្មតាមានប្រហែលជា៥ ទៅ១០ថ្ងៃប៉ុណ្ណោះ ដូច្នេះប្រាក់ដែលប្អូនទទួលបានគឺត្រឹមចន្លោះពី២០ ទៅ ៤០ដុល្លារប៉ុណ្ណោះ។ ដោយសារតែ ការងារជាអ្នករត់តុនៅតាមពិធីអាពាហ៍ពិពាហ៍ក៏ដូចជាពិធីជប់លៀងផ្សេងៗ មិនមានភាពស្ថិតស្ថេរ ប្អូនបានសម្រេចចិត្តឈប់ធ្វើការនៅទីនោះ ហើយបានមកដាក់ពាក្យមកធ្វើជាអ្នករត់តុនៅក្នុងភោជនីយដ្ឋានទំនើបមួយ កាលពីជាងកន្លះខែមុន។
ការរៀនផង ធ្វើការផង មិនមែនជាការងាយស្រួលទេ ព្រោះប្អូនមិនសូវរៀនបានដិតដល់។ ប្អូនបានសន្យានឹងខ្លួនឯងថា ត្រូវតែតស៊ូរហូតដល់បញ្ចប់បរិញ្ញាបត្រឲ្យខាងតែបាន បើទោះបីជាលំបាកយ៉ាងណាក៏ដោយ។ មកទល់បច្ចុប្បន្ននេះ ប្អូនរៀនដល់ឆ្នាំទី៣ ហើយ។ អ្វីដែលជាក្ដីប្រាថ្នារបស់ប្អូននោះ គឺក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ប្អូនត្រូវតែមានការការងារធ្វើមួយរឹងមាំ ហើយជំហានបន្ទាប់របស់ប្អូនគឺចង់ក្លាយជាអ្នកជំនួញម្នាក់នៅថ្ងៃអនាគត។
ខាងលើនេះ គ្រាន់តែជីវិតពិតរបស់និស្សិតក្មេងវត្តមកពីជនបទមួយរូបដែលបានផ្ញើខ្លួនផ្ញើប្រាណទៅលើវត្តអារាម ដើម្បីសិក្សារៀនសូត្រ។ ដោយសារតែបញ្ហាជីវភាព យុវជនម្នាក់នេះ ហ៊ានដើររើសអេតចាយ នៅក្នុងបរិវេណវត្តរបស់ខ្លួន ដើម្បីលក់យកប្រាក់មកដោះស្រាយលើជីវភាពប្រចាំថ្ងៃ។ ចុះអ្នកវិញ ធ្លាប់ជួបជីវិតដូចយុវជន ផន ផា ដែរ ឬ ទេ? តើអ្នកមានអ្វីជា ការលើកទឹកចិត្តដល់យុវជនម្នាក់នេះ?
No comments:
Post a Comment
yes