លោក យ៉ា ណាវុធ នៅក្នុងសន្និសីទកាសែតស្តីពីបញ្ហាប្រឈម
របស់ពលករចំណាកស្រុក កាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន
ភ្នំពេញ អង្គការសមាគមចំនួនបួនបានចេញសេចក្តីថ្លែងការណ៍រួមពីថ្ងៃអង្គារ អំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយករណីពលកររងគ្រោះ ដែលវិលមកស្រុកវិញដោយមិនបានទទួលប្រាក់ខែ ជាមួយនឹងក្រុមហ៊ុនជ្រើសរើសពលករដែលបានបិទនិងដកហូត អាជ្ញាប័ណ្ណចំនួនពីរ គឺក្រុមហ៊ុន T&Pនិងក្រុមហ៊ុន Giant Ocean International Fishery ។
ក្នុងសេចក្តីថ្លែងការណ៍អង្គការសមាគមទាំងបួន រួមមានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ហៅអាដហុក (ADHOC), អង្គការខារ៉ាមកម្ពុជា(CARAM) គណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស កម្ពុជា (CHRAC) និងគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី ភេទ (NGO-CEDAW) កំពុងបារម្ភអំពីសិទ្ធិពលករចំណាកស្រុក បន្ទាប់ពីមានការតវ៉ាថ្មីៗនេះ ជាមួយក្រុមហ៊ុនទាំងពីរ។
បណ្តាអង្គការទំាងនោះបានទទួលពាក្យបណ្តឹងចំនួន១០២ ទាក់ទងនឹងក្រុមហ៊ុនទាំងពីរ ក្នុងនោះ មាន ៤៦ករណី ទាក់ទិននឹងក្រុមហ៊ុនGiant Ocean និង ៥៦ករណីទាក់ទិននឹងក្រុមហ៊ុន T&P នៅក្នុង៦ខែ ឆ្នាំ២០១២នេះ។ ចំនួននេះកើនឡើង៧ដងបើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើទារុណកម្ម ការបាត់ខ្លួន ជាប់ពន្ធនាគារ មិនបានទទួលប្រាក់ឈ្នួល និងអត់អាហារ រហូតមានជំងឺនិងស្លាប់ជាដើម។
លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមបានថ្លែងក្នុងសន្និសីទ កាសែតម្សិលមិញថា ក្រុមហ៊ុនT&P រដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណ និងក្រុមហ៊ុន Giant Ocean ត្រូវបានបិទកាលដើមឆ្នាំ២០១២ ប៉ុន្តែ ក្រុមហ៊ុនទាំងពីរនេះមិនទទួលខុសត្រូវ ចំពោះពលករដែលធ្វើការនិងជាប់ឃុំឃាំងនៅបរទេសទេ។
លោកបន្តថា ពលករបានសុំឲ្យជួយពួកគេជាបន្ទាន់ តាមការទូរស័ព្ទមកក្រុមគ្រួសារឲ្យដាក់ពាក្យប្តឹង។ ពលកររងគ្រោះទាំងនោះធ្វើការងារលើសម៉ោង ហើយមិនបានប្រាក់ឈ្នួលទេពេលវិលត្រឡប់មកស្រុកវិញ។
លោកបន្ថែមថា៖ «ថ្មីៗនេះក្រុមអង្គការកំពុងធ្វើការរួមគ្នា បានទទួលពាក្យបណ្តឹងជាច្រើនពីជនរងគ្រោះដែលធ្វើការនៅបរទេស តាមរយៈក្រុមហ៊ុនទាំង២នេះ។ យើងឆ្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុនទាំងនោះបញ្ជូនពលករទៅប្រទេសសិង្ហបុរី ចិន ហ្វីជី ម៉ូរីទីស និងអា្រហ្វិកខាងត្បូង? ពីព្រោះថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យបញ្ជូនទៅប្រទេសថៃ កូរ៉េ និងម៉ាឡេស៊ី ប៉ុណ្ណោះ។ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះពលករខ្លួនទេ នៅពេលពួកគេរងនូវការកេងប្រវ័ញ្ចលើកម្លាំងពលកម្ម»។
លោកបានបញ្ជាក់ថា៖ «អង្គការសមាគមយើង សូមអំពាវនាវសុំឲ្យរដ្ឋាភិបាលដោះស្រាយសំណងជំងឺចិត្តជូនពលករ ដែលរងការកេងប្រវ័ញ្ចពលកម្ម និងមិនបានប្រាក់ឈ្នួល និងសុំឲ្យផាកពិន័យដល់ជនដែលរំលោភបំពានច្បាប់»។
លោក ជួន ចំរុង ប្រធានកម្មវិធីផ្នែកស្រី្តនិងកុមារ នៃសមាគមន៍អាដហុកថ្លែងថា បន្ទាប់ពីយើងបានទទួលពាក្យប្តឹងចោទក្រុមហ៊ុនទាំង២ ពីក្រុមគ្រួសារជនរងគ្រោះ លើករណីបាត់ខ្លួនក្នុងប្រទេសទាំងនោះ យើងទាំងអស់គ្នាមានការព្រួយបារម្ភណាស់។
លោកស្រី ពុង ឈីវកេក ប្រធានបណ្តាញ NGO-CEDOC មានប្រសាសន៍ថា៖ «យើងព្រួយបារម្ភដោយសារឮថា ពលករចំណាកស្រុក ជាជនរងគ្រោះនៅប្រទេសទាំងនោះ។ គ្រួសាររបស់គេក្រីក្រពេក ទើបពួកគេចេញទៅធ្វើការឯបរទេស ទោះបីជាពួកគេមិនចេះភាសាក៏ដោយ»។
លោក ម៉ៅ ភ័ក្រ អាយុ៣២ឆ្នាំមកពីខេត្តព្រៃវែង និយាយទំាងភ័យរកកលចង់យំថា គាត់បានទៅធ្វើការជាអ្នកនេសាទនៅប្រទេសហ្វីជី តាមរយៈក្រុមហ៊ុន Giant Ocean។ ក្រុមហ៊ុនសន្យាថា បញ្ជូនគាត់ទៅប្រទេសជប៉ុន ប៉ុន្តែបែរជាឲ្យទៅប្រទេសហ្វីជី។ ដោយការងារលំបាកនិងប្រាក់ខែ គាត់ក៏ទូរស័ព្ទមកគ្រួសារឲ្យប្តឹងអង្គការឲ្យជួយ ហើយគាត់បានមកដល់ផ្ទះនៅដើមខែសីហានេះ។
ម៉ៅ ភ័ក្រ បន្តថា៖ «លុយតែ១រៀលមិនបានផង ពេលខ្ញុំវិលមកស្រុកវិញ ទោះជាខ្ញុំធ្វើការនៅលើសមុទ្រជាង១ឆ្នាំក៏ដោយ។ ខ្ញុំបានធ្វើការគ្មានពេលសម្រាកនិងគ្មានអាហារ។ ជួនខ្ញុំត្រូវគេវាយធ្វើបាបនិងអត់អាហារពេញ១ថ្ងៃ ជួន២ថ្ងៃក៏មាន។ ខ្ញុំមិនបានទទួលប្រាក់ខែសោះ»៕
No comments:
Post a Comment
yes