លោកចាន់ សុវ៉េត និយាយជាមួយទាហាន ក្នុងករណីជម្លោះដីធ្លី
នៅស្រុកឆ្លូង កាលពីខែឧសភា។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ លោក ចាន់ សុវ៉េត ប្រធានក្រុមស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ត្រូវកោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានី នាថ្ងៃទី២៤ ខែសីហា ខាងមុខនេះ។
យោងដីកាកោះថតចម្លងរបស់តុលាការ ចុះថ្ងៃទី៩ ខែសីហា ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ លោក ឆែ វីរៈ ដែលភ្នំពេញប៉ុស្តិ៍បានទទួល បានឲ្យដឹងថា លោក ចាន់ សុវ៉េត អាយុ៤៤ឆ្នាំ ត្រូវតុលាការចោទប្រកាន់ពីបទផ្តល់ជំនួយដល់ចារី ជាអាទិ៍។
ចៅក្រមស៊ើបសួរលោក ឆែ វីរៈ បានដាក់នៅក្នុងដីកាថា ៖ «ក្នុងករណីមិនចូលខ្លួនតាមកាលកំណត់នេះទេ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន»។
លោកចៅក្រម ឆែ វីរៈ និងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
លោក ចាន់ សុវ៉េត និងគ្រួសាររបស់លោកក៏មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានដូចគ្នាដែរ កាលពីម្សិលមិញ។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៅសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា លោកមានការភ្ញាក់ផ្អើលចំពោះដីកាកោះរបស់តុលាការ នេះនិងការចោទប្រកាន់មកលើលោក ចាន់ សុវ៉េត។
លោកបានបន្តថា យោងតាមការសង្កេតឃើញរបស់លោកអំពីការងាររបស់លោក ចាន់ សុវ៉េត និងសកម្មភាពរបស់គាត់ លោកមិនបានធ្វើអ្វីខុសច្បាប់នោះទេ ហើយគាត់ជាបុគ្គលិកល្អម្នាក់របស់អង្គការអាដហុក។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញថា៖ «យោងតាមការសង្កេតឃើញផ្ទាល់របស់ខ្ញុំ ចាប់តាំងពីគាត់បានបម្រើការងារឲ្យសមាគមការពារសិទ្ធិមនុស្ស អាដហុក រហូតមកដល់ពេលនេះ លោក ចាន់ សុវ៉េត មិនដែលធ្វើអ្វីខុសដែលផ្ទុយនឹងច្បាប់ក្នុងប្រទេសកម្ពុជាទេ ហើយឥឡូវនេះខ្ញុំកំពុងមានការងឿងឆ្ងល់ អំពីភស្តុតាងនិងបទល្មើសដែលតុលាការបានចោទប្រកាន់លើរូបគាត់»។
លោកបានបន្ថែមថា សកម្មភាពរបស់តុលាការមកលើលោក ចាន់ សុវ៉េត គឺមានបំណងគំរាមកំហែងមកលើសកម្មជនសិទ្ធិមនុស្សដទៃៗទៀត ព្រមទាំងសកម្មភាពរបស់ក្រុមអង្គការសិទ្ធិមនុស្សនានានៅក្នុង ប្រទេសកម្ពុជា។
លោកបានបន្តថា៖ «តាមរយៈសកម្មភាពរបស់តុលាការនេះ វាបង្ហាញថា ឥឡូវនេះ មិនមានសុវត្ថិភាពទេ សម្រាប់ក្រុមមន្ត្រីសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ហើយយើងមានក្តីបារម្ភយ៉ាងខ្លាំង អំពីបញ្ហានេះ»។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកចែកផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា៖ «សមាគមការពារសិទ្ធិមនុស្សអាដហុកសូមសម្តែងការព្រួយបារម្ភ ជាទីបំផុត ចំពោះដីកាបង្គាប់ឲ្យចូលខ្លួន ដែលចេញដោយលោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២»។
សេចក្តីថ្លែងការណ៍នេះបានបន្តទៀតថា៖ «កាយវិការនៃការប្រើប្រាស់ប្រព័ន្ធតុលាការលើសកម្មជនសិទ្ធិ មនុស្សដូច្នេះគ្មានអ្វីក្រៅពីការគំរាមកំហែង និងបំភិតបំភ័យលើអ្នកការពារសិទ្ធិមនុស្ស ហើយរារាំងពួកគេមិនឲ្យបំពេញកិច្ចការស្របច្បាប់នោះឡើយ។
យោងតាមមាត្រា ៤៥៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ជនដែលត្រូវបានចោទប្រកាន់ពីបទផ្តល់ជំនួយដល់ ចារី ជាអាទិ៍ ប្រសិនរកឃើញថាមានកំហុសពិតមែន នឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីមួយទៅបីឆ្នាំ៕ PS
No comments:
Post a Comment
yes