ការគំរាមកំហែងទៅលើអ្នកការពារសិទ្ធិមនុស្ស ដែលជារឿយៗបានរិះគន់ទៅលើរដ្ឋាភិបាល នៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ តួយ៉ាង លោក សៀ ភារម្យ ជានាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន ត្រូវបានសហព័ន្ធនិស្សិតដែលមានជំហរគាំទ្ររដ្ឋាភិបាល ព្រមានអោយបញ្ឈប់ការរិះគន់គោលនយោបាយរបស់រដ្ឋាភិបាលពីការវាស់វែងដីធ្លីដោយក្រុមនិស្សិតស្ម័គ្រចិត្ត។
ការព្រមាននោះ កើតឡើងបន្ទាប់ពីលោកបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ទាក់ទិននឹងគោលនយោបាយចាស់សកម្មភាពថ្មីរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដីធ្លី។
អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ហៅករណីនៃការព្រមានលោក សៀ ភារម្យ ថា ជាការគំរាមកំហែងដល់ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការអនុវត្តនីតិរដ្ឋ។
មន្ត្រីផ្នែកគម្រោងអ្នកការពារសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនធឿន មានប្រសាសន៍ថា ក្នុងភាពជាពលរដ្ឋរស់នៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ លោក សៀ ភារម្យ មានសិទ្ធិបញ្ចេញទស្សនៈចំពោះការអនុវត្តណាមួយរបស់រដ្ឋាភិបាល។ លោក សួន ប៊ុនធឿន បន្តថា ការគំរាមចំពោះអ្នករិះគន់រដ្ឋាភិបាល គឺបង្ហាញថា សេរីភាពបញ្ចេញមតិនៅកម្ពុជាបានរួមតូច។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអោយដឹងថា កាលពីថ្ងៃទី៣ ខែសីហា កន្លងមក សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា និងសមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត បានចេញសេចក្ដីថ្លែងការណ៍មួយព្រមានលោក សៀ ភារម្យ អោយបញ្ឈប់ការរិះគន់លើគោលនយោបាយរដ្ឋាភិបាលក្នុងការវាស់វែងដីធ្លី។
សេចក្ដីថ្លែងការណ៍ដដែលនោះបានបន្តថា ទាំងលោក សៀ ភារម្យ និងសមាជិកអង្គការសង្គមស៊ីវិលដទៃទៀត នៅតែបន្តការរិះគន់នោះ ពួកគេនឹងមិនអាចទទួលខុសត្រូវចំពោះប្រតិកម្មផ្សេងៗពីយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លី និងពីសំណាក់ប្រជាពលរដ្ឋឡើយ។
ការព្រមាននោះកើតឡើងបន្ទាប់ពីលោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន កាលពីថ្ងៃទី១ ខែសីហា បានផ្ដល់ការសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដោយលើកឡើងថា ការចុះវាស់វែងដីធ្លីតាមគោលនយោបាយរបស់រដ្ឋាភិបាលនោះ គឺពុំមានប្រសិទ្ធភាព និងនិរន្តរភាពឡើយ គឺគ្រាន់តែជាការបង្កើនរូបភាពផ្នែកនយោបាយប៉ុណ្ណោះ។
ការព្រមាននោះទៀតសោត គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា ដោយទទួលស្គាល់ថា ការបញ្ជូនយុវជនស្ម័គ្រចិត្តអោយបំពេញបេសកកម្មវាស់វែងដីធ្លី គឺដើម្បីចំណេញនយោបាយ។ ស្របគ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានផ្ទាល់មាត់ដល់អ្នករិះគន់នយោបាយនោះថែមទៀត។
កាលពីខែឧសភា លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន ក៏ធ្លាប់ទទួលបានទទួលការព្រមានតាមរយៈសារអេឡិចត្រូនិក (អ៊ីមែល=E-mail) ចំនួន១០៣ដង ដោយជំរុញអោយលោកបញ្ឈប់សកម្មភាពជួយតស៊ូមតិការពារសិទ្ធិលំនៅឋាន សម្រាប់អ្នកបឹងកក់ និងអ្នកបុរីកីឡា ដែលត្រូវម្ចាស់សារអេឡិចត្រូនិកចាត់ទុកជាការញុះញង់ប្រជាពលរដ្ឋ៕
No comments:
Post a Comment
yes