ប្រជាពលរដ្ឋតែងរិះគន់ថា មន្ត្រីរាជការធ្វើការរដ្ឋបំពេញការងារមិនបានល្អដូចបុគ្គលិកនៅតាមស្ថាប័នក្រុមហ៊ុនឯកជននោះទេ។ ប្រជាពលរដ្ឋបានអះអាងថា ការផ្ដល់សេវាសាធារណៈរបស់រដ្ឋ បែរជាទារលុយកាក់ក្រៅបន្ថែមលើសកំណត់ បើពុំនោះទេ ពួកគេនឹងមិនបំពេញកាតព្វកិច្ចតាមការស្នើសុំដែលពលរដ្ឋចង់បាននោះទេ។
ប្រជាពលរដ្ឋមួយចំនួនបានចោទប្រកាន់ស្មៀនឃុំមួយ នៅក្នុងស្រុកលើកដែក ខេត្តកណ្ដាល ថាបានទារប្រាក់ពួកគេរាប់ម៉ឺនរៀលជាថ្នូរទៅនឹងការបោះត្រានៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី។
បុរសឈ្មោះ ស៊ ឫទ្ធា ពលរដ្ឋរស់នៅឃុំព្រែកដាច់ ស្រុកលើកដែក បានឲ្យដឹងថា កាលពីថ្ងៃទី០៧ សីហា សាច់ញាតិរបស់គាត់បានទៅធ្វើលិខិតផ្ទេរសិទ្ធិដីធ្លីចែកឲ្យកូន គ្រាន់តែបំពេញបែបបទតាំងពីថ្នាក់ភូមិឃុំ និងស្មៀន គាត់ត្រូវចំណាយប្រាក់អស់៨ម៉ឺនរៀល ដោយឡែកតែស្មៀនឃុំព្រែកដាច់ ចំនួន៥ម៉ឺនរៀលសម្រាប់ថ្លៃប្រថាប់ត្រាមេឃុំឲ្យពួកគាត់។ បញ្ហានេះ គឺជាទម្លាប់អាក្រក់មួយដែលធ្វើឲ្យពលរដ្ឋគ្មានជំនឿទៅលើប្រព័ន្ធសេវាសាធារណៈរបស់រដ្ឋ ដែលអនុវត្តដោយមន្ត្រីរាជការនោះឡើយ។
លោក ស៊ ឫទ្ធា៖ «ប្រជាជននៅក្នុងភូមិនេះមួយចំនួន គាត់ទៅធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលកេរ្តិ៍ម្ដាយគាត់ចែកឲ្យ។ ដល់ពេលទៅត្រឹមភូមិ គាត់ផ្ទេរយកពីរម៉ឺន។ ដល់ពេលដល់ឃុំអត់អីទេ ឃុំគាត់ស៊ីញេឲ្យ ជូនប៉ុន្មានគាត់យកប៉ុណ្ណឹង។ ប៉ុន្តែដោយឡែកដល់ស្មៀន គាត់ទារយកលិខិតផ្ទេរសិទ្ធិនោះយកប្រាំម៉ឺនដាច់តែម្ដង។ សរុបទៅមួយច្បាប់វា៨ម៉ឺនបាត់ហើយ តែដោយឡែកភូមិឃុំបន្តិចបន្តួចមិនអីទេ តែស្មៀន។ ទោះបីថាយើងមានប៉ុន្មានច្បាប់ក៏ដោយ គេដឹងតែ១ច្បាប់៥ម៉ឺនដាច់ថ្លៃហ្មង ហ្នឹងលិខិតផ្ទេរសិទ្ធិ បើលិខិតកាន់កាប់គេយក៣ម៉ឺន ហើយបើយើងសុំចុះគេតែ៥ពាន់អត់បានផង»។
ប្រជាពលរដ្ឋមួយចំនួនទៀតនៅក្នុងឃុំព្រែកដាច់ ដែលអះអាងថា ធ្លាប់បានធ្វើលិខិតផ្ទេរសិទ្ធិដូចគ្នានេះដែរ ថ្លែងប្រហែលគ្នានេះដែរថា ស្មៀនឃុំបានទារលុយពីពលរដ្ឋដូច្នេះមែន។ ប្រការនេះបានធ្វើឲ្យពលរដ្ឋមានអារម្មណ៍មិនសប្បាយចិត្តសោះ៖ «បើប្រធានឃុំអត់ទារទេ។ ខ្ញុំឃើញគាត់អាណិតគាត់ ជិះកង់កញ្ចាស់ ខ្ញុំក៏ឲ្យគាត់ម្នាក់មួយម៉ឺនទៅ។ បោះត្រានៅស្មៀនហ្នឹង គ្រាន់តែគេមើលលិខិតហ្នឹង យើងអត់ទាន់សាកសួរអ្វីទេ គាត់គ្រាន់ប្រាប់ថា បើលិខិតផ្ទេរសិទ្ធិយកប្រាំម៉ឺន។ គាត់ថាអាហ្នឹងលិខិតផ្ទេរសិទ្ធិកាន់កាប់ប៉ុណ្ណឹងណា។ បើសិនណាសិទ្ធិទិញលក់វិញ គេដាក់៥០ដុល្លារ។ អ៊ីចឹងដូចជាគាបប្រជាពលរដ្ឋពេកហើយ។ ការពិត ប្រជាពលរដ្ឋគឺរំពឹងគាត់ដែលគាត់មានត្រាហ្នឹងណាស់ ដើម្បីឲ្យគាត់ជួយប្រជាជន តែតាមការពិតប្រជាជនបើអត់មានលុយអត់បានធ្វើអាហ្នឹងទេ»។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ស្មៀនឃុំព្រែកដាច់ ដុន ដាណា បដិសេធ។ លោកបានអះអាងថា កន្លងមកគឺប្រជាពលរដ្ឋអ្នកឲ្យគាត់ខ្លួនឯងប៉ុណ្ណោះ៖ «ខ្ញុំអត់បានទៅទារអីច្រើនៗ អ៊ីចឹងទេ ព្រោះអីអត់មានកំណត់តម្លៃសេវាអ៊ីចឹងផង។ ប្រជាពលរដ្ឋធម្មតាគាត់មក គឺយើងមិនដែលនិយាយបញ្ហាលុយអីទេ។ គាត់មក ខ្ញុំធ្វើឲ្យគាត់ សំខាន់ពិនិត្យទៅលើឯកសារថា តើការផ្ទេរហ្នឹងវាត្រឹមត្រូវ ឬអត់ ហើយផ្ដិតមេដៃហ្នឹងត្រឹមត្រូវអ្នកផ្ទេរ អ្នកទទួលត្រឹមត្រូវអស់ឬនៅ»។
ពាក់ព័ន្ធបញ្ហានេះ មេឃុំព្រែកដាច់ លោក យី សារុំ មានប្រសាសន៍ថា លោកពុំបានដឹងព័ត៌មាននេះទេ។ ប៉ុន្តែលោកនឹងពិនិត្យមើល ហើយធ្វើការកែទម្រង់ជៀសវាងបញ្ហាដូច្នេះតទៅទៀត។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បានអះអាងថា មន្ត្រីរាជការថ្នាក់ក្រោមធ្វើការមិនមានប្រសិទ្ធភាពនោះ ក៏វាទាក់ទងទៅនឹងប្រាក់បៀវត្សនៅមានកម្រិតទាបដែរ។ ទោះបីជារដ្ឋាភិបាលមានគោលនយោបាយដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ក្នុង១ឆ្នាំចំនួន១៥% ក្ដី៕
No comments:
Post a Comment
yes