សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 23, 2012

កម្មករ​រោង​ចក្រ​អូសេអង់​ប៉ះ​ទង្គិច​នឹង​សមត្ថកិច្ច

120823_05a
ក្រុម​កូ​ដករ​​ កម្មករ​រោង​ចក្រ​អូ​សេអង់ ​ទម្លាយ​របាំ​ង​រារាំង​របស់​សមត្ថ​កិច្ច​​
ដើរ​ក្បួន​ពី​ម្សិល​មិញ​​​

ភ្នំពេញៈ កម្មករ​ជាង​២៥០០​នាក់​នៅ​រោង​ចក្រ​អូសេអង់ បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​កម្លាំង​រាជ​អាវុធ​ហត្ថ​និង​នគរ​បាល​ប្រមាណ ១០០​នាក់ នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ពី​ម្សិល​មិញ នៅ​ក្នុង​ការ​ដើរ​ក្បួន​តវ៉ា​ជា​លើក​ទីពីរ​ពាក់ព័ន្ធ​នឹង​ករណី​បៀត​បៀន ផ្លូវ​ភេទ​លើ​កម្មការិនី​៤​នាក់។
កម្មករជាង​ពាក់​កណ្តាល​នៃ​កម្មករ​ជាង​៤ពាន់​នាក់​នៅ​រោង​ចក្រ​នេះ បាន​នាំ​គ្នា​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ ប៉ុន្តែ​ត្រូវ​បាន​បញ្ឈប់​ដោយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​ដោយ ខែល ​និង​ដំបង។​
ភាគីរោង​ចក្រអូ​សេអង់​ម្សិល​មិញ​បដិសេធ​មិន​ធ្វើ​តាម​ការ​ទាម​ទារ របស់​ក្រុម​កូដករ ដែល​ស្នើ​ឲ្យ​បណ្តេញ​អ្នក​គ្រប់​គ្រង​នោះទេ។
កម្មការិនី ណារី ក្នុង​ចំណោម​កម្មការិនី​បួន​នាក់ ដែល​ចោទ​អ្នក​គ្រប់​គ្រង​ថា​បៀត​បៀន​កេរ្តិ៍​ខ្មាស​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា សមត្ថកិច្ច​បាន​រុញ​ច្រាន​ក្រុម​កម្មករ​ដោយ​កម្លាំង​បាយ ហើយ​កម្មករ​ពីរ​នាក់​បាន​រង​របួស។
អ្នកនាង​ថា អ្នក​គ្រប់​គ្រង​ជន​ជាតិ​បង់ក្លា​ដែស​ឈ្មោះ Faruk Ahmad ​បាន​ស្ទាប​អង្អែល​ដៃ​នាង ហើយ​បាន​ឲ្យ​លេខ​ទូរស័ព្ទ​ប្រាប់​ឲ្យ​អ្នក​នាង​តេ​ទៅ​គាត់។

នៅ​ពេលនាង​មិន​ធ្វើ​តាម​គាត់​ចង់​បាន គាត់​បាន​ហាម​មិន​ឲ្យ​អ្នក​នាង​ធ្វើ​ការ​ងារ​ថែម​ម៉ោង។
ណារី បន្ត​ថា​៖ «​ខ្ញុំប្រាប់​នគរ​បាល​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដាក់​ពាក្យ​ប្តឹង​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ខ្ញុំ និង​សម្រាប់​កម្មករ​ដទៃ​ទៀត»។
កម្មការិនី​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​មាន​ភស្តុតាង​ចំពោះ​ករណី​បៀត​បៀន​កេរ្តិ៍ខ្មាស​នេះ​ដែរ ដោយ​អ្នក​នាង​មាន​សារផ្ញើ​តាម​ទូរស័ព្ទ​ពី​បុរស​នោះ។
នាងថា៖ «​គាត់​ឮ​ថា ខ្ញុំ​ត្រូវ​ការ​ប្រាក់ ហើយ​បាន​សុំ​ឲ្យ​ខ្ញុំ​ទៅ​ក្រៅ​ជា​មួយ​គាត់ ​និង​គេង​ជាមួយ​គាត់ ក្នុង​តម្លៃ​២០​ដុល្លារ ក្នុង​១យប់។ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ត្រូវ​ការ​ប្រាក់​ដែល​បានពី​ការ​ងារ​របស់ខ្ញុំ មិន​មែន​ពីការ​ដេក​ជា​មួយ​គាត់​ទេ»។
លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ថ្លែង​ថា លោក​ខក​ចិត្ត​ដែល​ក្រុម​ហ៊ុន​មិន​រក​ដំណោះ​ស្រាយ​មួយ​សម្រាប់ កម្មការិនី​ទាំង​នោះ។
អ្នកស្រី Jill Tucker ទីប្រឹក្សា បច្ចេក​ទេស​នៃ​កម្ម​វិធី​រោង​ចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា បាន​ថ្លែង​ថា គាត់​បារម្ភ​យ៉ាង​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ការ​បៀត​បៀន​កេរ្តិ៍​ខ្មាស។
អ្នកស្រីបន្ត​ថា​៖ «​ដោយ​យើង​រក​មិន​ឃើញ​ករណី​នេះ​នៅរោង​ចក្រ​ដទៃ​ទៀត វា​មិន​មាន​ន័យ​ថា ករណី​បែប​នេះ​មិន​កើត​មាន​នៅ​រោង​ចក្រ​ផ្សេង​នោះ​ទេ។ វាពិបាក​នឹង​ឲ្យ​កម្មការិនី​ស្តែង​ចេញ»។
អ្នកស្រីបន្ត​ថា ៖ «កម្មករ​ខ្លះ​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​និយាយ​ទេ​ដោយ​សារ​ពួក​គេ​មិន​ចង់ បាត់​បង់​ការងារ ប៉ុន្តែ​បើមាន​ការ​គាំទ្រ​ទាំង​ស្រុង​ពី​រោងចក្រ បញ្ហា​នេះ​ងាយ​នឹង​ប្រាប់​ទេ​»។
អ្នកស្រី Tucker បន្ត​ថា ៖ «វា​មិន​មែន​ជា​អ្វី​ដែល Gap នឹង​អត់​ឱន​ឲ្យ​នោះ​ទេ ហើយ​ពួក​គេ​បាន​ស្នើ​សុំ​ឲ្យ​យើង​ធ្វើ​ការ​ស៊ើប​អង្កេត»។
លោក Dave Welsh នា​យកប្រចាំ​ប្រទេស​នៃ​មជ្ឈ​មណ្ឌល​អាមេរិក​ដើម្បី​សាមគ្គី​ភាព​ពលកម្ម​អន្តរជាតិ​(ACILS) ថ្លែង​ថា ការ​ដែល​មាន​ចំនួន​កម្មករ​ដ៏​ច្រើន​បែប​នេះ​នាំ​គ្នា​ធ្វើ​ការ​តវ៉ា សម្រាប់​បញ្ហា​នោះ វា​បង្ហាញ​យ៉ាង​ច្បាស់​អំពី​តម្រូវ​ការ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​នោះ។
លោក ជួន វិច្ឆិកា ប្រធាន​រដ្ឋបាល​នៅ​រោង​ចក្រ​អូសេអង់​មិន​អាច​ទាក់​ទង​បានទេ កាល​ពី​ម្សិលមិញ៕ 

No comments:

Post a Comment

yes