ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងតំណាងប្រជាសហគមន៍ព្រៃឡង់ កាលពីម្សិលមិញបាននាំយកពាក្យបណ្តឹងដែលមានឈ្មោះ ជនប្រព្រឹត្តបទល្មើសចំនួន ១៥ នាក់ ភ្ជាប់ជាមួយវត្ថុតាង នៃវិនាសកម្មព្រៃឈើ នៅតំបន់ព្រៃឡង់ ដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ របស់រដ្ឋាភិបាលដើម្បីស្នើសុំឲ្យចាត់វិធានការទប់ស្កាត់ ខណៈបទល្មើសព្រៃឈើកំពុងតែកើតមានយ៉ាងអនាធិបតេយ្យ ប្រព្រឹត្តដោយមន្ត្រីមានសមត្ថកិច្ចនិងក្រុមឈ្មួញ។
នៅក្នុងឯកសារនោះ បានរៀបរាប់អំពីចំណុចប្រព្រឹត្តបទល្មើសចំនួន ៨ ទីតាំង ដែលក្រុមមន្ត្រីជំនាញកំពុងតែប្រើកម្លាំង កាប់ទន្ទ្រានព្រៃឈើ ដើម្បីរានយកដីធ្វើចម្ការដោយភ្ជាប់ទាំងឈ្មោះបុគ្គល និងស្ថានប័ន ដែលបានប្រព្រឹត្តបទល្មើស នៅកណ្តាលព្រៃឡង់ ហើយក៏មានភ្ជាប់ទៅជាមួយ នឹងរូបថត សកម្មភាពបទល្មើសចំនួន ៣០ សន្លឹកផងដែរ ដើម្បីដាក់ទៅស្ថាប័ននីមួយៗ។
លោក រឿន សុភាព តំណាងពលរដ្ឋស្រុកសណ្តាន់ បានឲ្យដឹងថា នៅក្នុងពាក្យបណ្តឹង បានដាក់ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងសាលាខេត្តកំពង់ធំនោះ បានរៀបរាប់ឈ្មោះជនប្រព្រឹត្តបទល្មើស នៅក្នុងព្រៃឡង់ ដូចជា មេឃុំ មេប៉ុស្តិ៍ អាជ្ញាធរស្រុក មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ហើយក៏មានភ្ជាប់នូវរូបថត សកម្មភាពបទល្មើសនៅកណ្តាលព្រៃស្រោងព្រៃឡង់ផងដែរ។ លោកថ្លែងថា៖«យើងសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី នឹងចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់ បន្ទាប់ពីទទួលបានឯកសារ និងវត្ថុតាងពីយើង។ បើមិនដូច្នោះទេ ព្រៃឈើ ក្នុងព្រៃឡង់នឹងត្រូវហិនហោចអស់ជាមិនខាន»។ លោកបានឲ្យដឹងទៀតថា នៅក្នុងព្រៃឡង់សព្វថ្ងៃ មានឈ្មួញមានលុយ មន្ត្រីជំនាញ ដែលពាក់ព័ន្ធប្រមាណជា ២០ នាក់ជាអ្នកប្រព្រឹត្តបទល្មើស នៅក្នុងព្រៃឡង់នោះ ហើយបន្ទាប់ពីពលរដ្ឋបានដើរល្បាត និងនិយាយចំឈ្មោះពួកគេ នៅតាមប្រព័ន្ធផ្សព្វផ្សាយសកម្មភាពប៉ុន្មានថ្ងៃចុងក្រោយនេះគឺ មានសភាពស្ងប់ស្ងាត់។
លោក ឈឹម សាវុធ អ្នកសម្របសម្រួលសម្រាប់វេទិកាសាធារណៈនៅមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានថ្លែងឲ្យដឹងថា របាយការណ៍អំពីសកម្មភាពល្បាតរបស់ប្រជាពលរដ្ឋ សហគមន៍ព្រៃឡង់និងការរកឃើញបទល្មើសព្រៃឈើនោះ បានដាក់ទៅស្ថាប័នរដ្ឋាភិបាល ដើម្បីស្នើសុំឲ្យមានការទប់ស្កាត់បទល្មើសព្រៃឈើ នៅក្នុងព្រៃឡង់ដែលបំពុងតែបំផ្លាញដោយមន្ត្រីមួយចំនួននៃស្ថាប័ន ជំនាញ។ លោកឲ្យដឹងថា៖«យើងបានប្រាប់អំពីទីតាំងដែលនាំឈើចេញកន្លែងកាប់បំផ្លាញព្រៃ រថយន្តដឹកឈើ អត្តសញ្ញាណជនល្មើស ដូច្នេះយើងសុំឲ្យរដ្ឋាភិបាលធ្វើការស្រាវជ្រាវដើម្បីប្តឹងទៅតុលាការចាត់វិធានការតាមនីតិវិធីច្បាប់»។
លោកឲ្យដឹងទៀតថា ប្រភេទឈើដែលពួកគេសម្រុកអារ នៅក្នុងតំបន់ព្រៃឡង់បច្ចុប្បន្ននេះ គឺមានដើមច្បោះជ័រ ឈើទាល ផ្តៀក កកោះ និងដួងចែម រឺឯឈើប្រណីតផ្សេងទៀត បានបាត់បង់អស់ជាច្រើនឆ្នាំមកហើយ។
លោកអ៊ុត សំអន ភិបាលរងខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា លោកពុំទាន់បានទទួលឯកសារបណ្តឹង និងវត្ថុតាងពីប្រជាពលរដ្ឋនៅឡើយទេ ប្រហែលជាខាងរដ្ឋាភិបាលមិនទាន់បានបញ្ជូនមកឲ្យរូបលោក តែលោកបានចាត់វិធានការមួយជំហានមុនរួចហើយ ហើយក៏បានបង្កើនកម្លាំងឲ្យចុះល្បាតនៅក្នុងតំបន់នោះជាពិសេសនៅ កន្លែងដឹកឈើចេញតែម្តង។ លោកថ្លែងថា៖«នៅជំហានក្រោយយើងនឹងធ្វើការផ្គុំគ្នា ជាមួយពលរដ្ឋដែលគាត់មានឆន្ទៈធ្វើការទប់ស្កាត់បទល្មើស ពីព្រោះយើងមានគោលដៅតែមួយ គឺប្រឆាំងបទល្មើសព្រៃឈើដូចគ្នា»។
លោក លឹម លាងសែ នាយរងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីបានថ្លែងថា លោកពុំទាន់ទទួលបានព័ត៌មាននោះនៅឡើយទេ។
កាលពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែសីហា ពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់ជិត ១០០ នាក់ បានធ្វើការល្បាតព្រៃ ដោយរកឃើញ បទល្មើសព្រៃឈើ ៥ ចំណុច ដែលជនល្មើសបានរុករានយកដីព្រៃស្រោងយកទៅធ្វើជាចម្ការ ហើយនៅក្នុងមួយចំណុចៗមានយ៉ាងហោចណាស់ក៏ដីចាប់ពី ២០ ទៅ ៣០ ហិកតា ដែរ និងឈើហ៊ុបធំៗ និងឈើអារដែលគេទើបតែកាប់ថ្មីៗ មានប្រមាណជា ៥០០ ម៉ែត្រគូប៕
No comments:
Post a Comment
yes