សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ជួប​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពត


ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​បង្កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ជួប​អ្នក​គាំទ្រ​នៅ​មូលដ្ឋាន​ខេត្ត​កំពត ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា។
RFA/Ouk Savborey
តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២។
ការ​ចុះ​ជួប​នោះ ក្នុង​បំណង​ពង្រឹង​ទឹក​ចិត្ត​អ្នក​គាំទ្រ​នៅ​មូលដ្ឋាន​បង្ហាញ​ពី​ភាព​រឹងមាំ ដែល​មិន​បែក​បាក់​ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។ ហើយ​ក៏​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា បាន​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​សុំ​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ សម្រាប់​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។
តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ថ្លែង​ប្រាប់​អ្នក​គាំទ្រ​ច្រើន​រយ​នាក់​នៅ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នេះ បាន​កើត​ចេញ​អំពី​សំណូមពរ​របស់​ម្ចាស់​ឆ្នោត ដែល​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​មាន សម រង្ស៊ី និង​សិទ្ធ​មនុស្ស រួម​គ្នា​ដើម្បី​បង្កើន​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣ ដើម្បី​ប្ដូរ​ការ​ដឹកនាំ​ប្រទេស។
អ្នកស្រី​បន្ត​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នេះ បាន​បង្កើត​នៅ​ថ្ងៃ​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ប្រទេស​ហ្វីលីពីន។ ចលនា​នេះ ក៏​បាន​រួម​គ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​រូប​សញ្ញា​ព្រះអាទិត្យ​រះ និង​មាន​កាំ​រស្មី​ចែងចាំង​ចំនួន​២៤ ដែល​តំណាង​ឲ្យ​ខេត្ត-ក្រុង នៅ​ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​សុំ​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ ដើម្បី​បាន​សិទ្ធិ​ស្រប​ច្បាប់​ចូល​រួម​បោះ​ឆ្នោត។

អ្នកស្រី មូរ សុខហួរ បន្ត​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​សិទ្ធិ​ស្រប​ច្បាប់​ហើយ នឹង​សុំ​អំណាច​ពី​ប្រជារាស្ត្រ​ដោយ​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​មាន​ការ​ប្ដូរ​ថ្នាក់​ដឹកនាំ ដោយ​ជ្រើសរើស​មេ​ដឹកនាំ​ណា​ដែល​បាន​បម្រើ​ពលរដ្ឋ​ពេញ​លក្ខណៈ។ អ្នកស្រី​បាន​ប្រកាស​ដែរ​ថា លោក សម រង្ស៊ី នឹង​វិល​មក​ប្រទេស​កម្ពុជា ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ៖ «ពីព្រោះ​មែន​ទែន អ្នក​ដែល​អាច​ទៅ​ដណ្ដើម​យក​សន្លឹក​ឆ្នោត ហើយ​ដណ្ដើម​ការ​ដឹកនាំ​ពី​លោក ហ៊ុន សែន អត់​មាន​អ្នក​ណា​ក្រៅ​ពី​លោក​ប្រធាន សម រង្ស៊ី ទេ»
អនុប្រធាន​គណៈកម្មការ​បណ្ដោះ​អាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​ការ​ចូល​រួម​កាន់​តែ​ច្រើន​ពី​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ផ្សេងៗ​ទៀត រួម​ទាំង​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែរ។ លោក​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ សុំ​ប្ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សុំ​ឲ្យ​លោក សម រង្ស៊ី បាន​ចូល​មក​ប្រទេស​វិញ។ កន្លង​មក អ្នក​កាន់​អំណាច​មួយ​ចំនួន​ប្រកាស​ថា ជា​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ មិន​ប្រកាន់​គណបក្ស​នយោបាយ តែ​បើ​ពលរដ្ឋ ឬ​មន្ត្រី​រាជការ​ហ៊ាន​និយាយ​ការ​ពិត ឬ​ហ៊ាន​តវ៉ា គេ​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ឲ្យ​ជាប់​គុក។
ចំពោះ​ការ​ផ្តល់​កាត​ជនជាតិ​ខ្មែរ ក៏​រើសអើង​ប្រជាពលរដ្ឋ​ដែល​ជា​ជន​ជាតិ​ខ្មែរ​សុទ្ធសាធ​នោះ​ដែរ។ អ្នក​ដែល​គេ​សម្គាល់​ថា ហ៊ាន​និយាយ​ការ​ពិត ឬ​ចង់​ដឹង​អ្វី​ដែល​ខុស​ពី​ការ​ដឹកនាំ​របស់​គេ​នោះ កាត​សម្គាល់​ខ្លួន គេ​នឹង​មិន​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើ​ទេ៖«អ្នក​សង្គ្រោះ​ជាតិ​ជា​នរណា ខ្ញុំ​សុំ​បញ្ជាក់​ម្តង​ទៀត មិន​មែន ប៉ុល ហំម មូរ សុខហួរ កឹម សុខា សម រង្ស៊ី ប៉ុន្មាន​នាក់​នោះ​ទេ គឺ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ ដែល​មូល​គ្នា​ដើម្បី​ធ្វើ​ការ​សង្គ្រោះ​ជាតិ​យើង»
នៅ​ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពត មាន​អតីត​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម រណឫទ្ធិ ថ្នាក់​ស្រុក និង​ខេត្ត​មក​ចូល​រួម​នៅ​ក្នុង​ចលនា​នេះ។
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​អធិការ​រង​ស្រុក​ជុំគីរី លោក ជិន អឿន បាន​ថ្លែង​ថា លោក​រង់ចាំ​ក្រុម​អ្នក​ប្រឆាំង​ពិត​ប្រាកដ ដើម្បី​ចូល​រួម​គាំទ្រ។ លោក​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នេះ ជា​ក្តី​សង្ឃឹម​របស់​គាត់​សម្រាប់​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​បែប​ផ្តាច់​ការ និង​គ្រួសារ​បក្ខពួក​និយម៖ «មាន​សិទ្ធិ​សេរី យើង​និយាយ​បាន។ ខាង​នោះ បើ​យើង​និយាយ វា​មិន​ស្រួល និង​ជួន​មាន​ទុក្ខ​មាន​ទោស វា​ដាក់​គុក ដាក់​ច្រវាក់។ នៅ​នេះ យើង​និយាយ​បាន។ យើង​ប្រជាធិបតេយ្យ យក​រាស្ត្រ​ជា​ធំ មិន​ដូច​អា​ផ្តាច់​ការ​ទេ។ ផ្តាច់​ការ យក​អំណាច​ខ្លួន​ឯង​ជា​ធំ»
មន្ត្រី​គណបក្ស នរោត្តម រណឫទ្ធិ លោក ម៉ៅ រតនា បាន​ថ្លែង​ថា ក្រោយ​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ លា​ឈប់​ពី​តំណែង​នយោបាយ លោក​ក៏​បាន​មក​ចូល​រួម​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ៖ «ខាង​គណបក្ស នរោត្តម រណឫទ្ធិ នៅ​អតីត​ខេត្ត​កំពត ក្នុង​ស្រុក​ឈូក ស្រុក​ជុំគីរី ក៏​បាន​អញ្ជើញ​មក​ចូល​រួម​ដែរ ហើយ​សុំ​ផ្ដាំ​ទៅ​លោក​ពូ​លួន ថា​នៅ​ជុំគីរី នេះ គឺ​យើង​ប្រមូល​ឲ្យ​អស់​មក មិន​បាច់​ឲ្យ​នៅ​អី ទៅ​ជឿ​អី ពួក​ក្រុម​បោកប្រាស់ យើង​ឈប់​ចាញ់​បោក​គេ​បន្ត​ទៅ​ទៀត​ទៅ»
សមាជិក​គណបក្ស នរោត្តម រណឫទ្ធិ ម្នាក់​ទៀត លោក ប៊ូ លួន ថ្លែង​ដែរ​ថា ដោយ​សារ​ការ​បែក​បាក់​ផ្ទៃ​ក្នុង គាត់​មិន​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឡើយ។ ទើប​គាត់​ងាក​មក​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដើម្បី​ប្រាប់​មហាជន​ពី​ល្បិច​លួច​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច៖ «ឈ្មោះ​ស្ទួន ក្រុម​ការងារ​គណបក្ស​កាន់​អំណាច គឺ​ម្នាក់ៗ​ឈ្មោះ​មិន​ខ្វះ​ពី​៥ ទៅ​៧ ឬ​៨​ទេ ក្នុង​ខេត្ត​កំពត ទាំង​មូល​ហ្នឹង។ ក្នុង​ម្នាក់​ម្តង​ចុះ​ទៅ​ឃុំ​នេះ ម្តង​ចុះ​ទៅ​ឃុំ​នោះ ម្តង​នៅ​ឃុំ​ត្រពាំងរាំង ក្នុង​ស្រុក​ជុំគីរី ខ្ញុំ​នេះ សម្បូរ​ណាស់​ក្រុម​ការងារ​គណបក្ស​ប្រជាជន ដែល​ចុះ​ពី​ភ្នំពេញ ពី​ខេត្ត​កំពត មក​ចល័ត​ចុះ​ឈ្មោះ​គ្រប់​ឃុំ ហើយ​អត់​ឲ្យ​លុប​ឈ្មោះ​ទេ ឈ្មោះ​នោះ​គឺ PECខេត្ត​ណែនាំ​មិន​ឲ្យ​លុប​ទេ។ តែ​ខ្ញុំ​នេះ​ហើយ ទាមទារ​តស៊ូ​ឲ្យ​លុប ប៉ុន្តែ​គេ​មិន​លុប​ដោយ​ថា ទាមទារ​ឯកសារ គ្មាន​សាមី​ខ្លួន​មក​បញ្ជាក់ អ៊ីចឹង គេ​អត់​លុប​ទេ អ៊ីចឹង​ឈ្មោះ​នៅ​ណែន​ពេញ​ទាំង​អស់ ឈ្មោះ​នោះ​មក​ដល់​ថ្ងៃ​នេះ​ណែន អ៊ីចឹង វិធី​លួច​ឈ្មោះ​នោះ ងាយ​ណាស់»
មន្ត្រី​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក អិន ញេញ ថ្លែង​ថា គាត់​បាន​ឃើញ​ការ​រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធ​មនុស្ស បង្កើត​ជា​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នេះ គាត់​រីករាយ និង​សង្ឃឹម​ថា អ្នក​ប្រជាធិបតេយ្យ​ចុង​ក្រោយ​នៃ​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ ដែល​ខំ​តស៊ូ​យូរ​មក​ហើយ ដើម្បី​សេរីភាព​នៃ​ការ​រស់នៅ។
តំណាង​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក គង់ សើរ ថ្លែង​ថា គាត់​សុំ​ឲ្យ​អ្នក​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក ម៉ម សូណង់ដូរ បាន​ចេញ​ក្រៅ​ឃុំ។
ប្រជាពលរដ្ឋ​នៅ​ស្រុក​ជុំគីរី ដែល​បាន​ចូល​រួម​ស្តាប់​ការ​បកស្រាយ​ពី​ភាព​រឹងមាំ នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង ដើម្បី​ត្រៀម​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣ ខាង​មុខ បាន​ថ្លែង​ថា ពួក​គាត់​សង្ឃឹម​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​មួយ​នេះ​នឹង​មិន​ដឹកនាំ​ពួក​គាត់​ទៅ​រក​របប​ផ្តាច់​ការ និង​កុម្មុយនីស្ត​នោះ​ឡើយ៖«ផ្តល់​មតិ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង មាន​ការ​សួរ និង​សំណួរ​ចម្លើយ​នោះ​បាន​ច្រើន មិន​ដូច​របប​ផ្តាច់​ការ​នោះ វា​មិន​អាច មិន​ហ៊ាន​ឲ្យ​មាន​សំណួរ​ចម្លើយ​ទេ»
បុរស​ម្នាក់​ទៀត​បន្ថែម​ថា ការ​ចុះ​ផ្ទាល់​របស់​ថ្នាក់​ដឹកនាំ​មក​ដល់​មូលដ្ឋាន នាំ​ឲ្យ​អ្នក​នៅ​ជនបទ​មាន​ក្តី​សង្ឃឹម នៃ​ការ​ពឹង​ផ្អែក​សម្រាប់​នយោបាយ​ផ្លាស់​ប្ដូរ​របប​ដឹកនាំ៖ «ចំណេញ​ទី១ ត្រង់​ថា គណបក្ស​ទាំង​២​នោះ​រួម​គ្នា​ទៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​បាន​សុខ​បាន​រីក​ចម្រើន ក្នុង​ជីវភាព​រស់នៅ​របស់​ពួក​គាត់។ ទី២​ទៀត យើង​កាត់​បន្ថយ​ភាព​អំពើ​ហិង្សា​ពី​ពួក​ក្រុម​កុម្មុយនីស្ត ពួក​ផ្តាច់​ការ»
ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​ជួប​ពលរដ្ឋ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ចំនួន​៤ស្រុក។ ពេល​ព្រឹក នៅ​ស្រុក​ឈូក និង​ស្រុក​ជុំគីរី ពេល​រសៀល នៅ​ស្រុក​អង្គរជ័យ និង​ស្រុក​បន្ទាយមាស។ នៅ​ថ្ងៃ​សៅរ៍ នឹង​ជួប​ជាមួយ​ប្រជាពលរដ្ឋ នៅ​ស្រុក​ផ្សេង​ទៀត ក្នុង​ខេត្ត​កំពត។ នៅ​រាល់​ពេល នៃ​ការ​ជួប​ជុំ​អ្នក​គាំទ្រ ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​២៤ ខែ​សីហា ឆ្នាំ​២០១២ សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​ជួយ​ការពារ​ពិធី​ប្រជុំ​នោះ ដោយ​គ្មាន​ការ​រំខាន​អ្វី​ឡើយ៕

No comments:

Post a Comment

yes