មេដឹកនាំសហជីពអ្នកស្រី យ៉ាង សុភ័ណ្ឌ និងលោក រ៉ុង ឈុន
ក្នុងកូដកម្មកម្មកររោងចក្រតៃយ៉ាង
ប្រធានសម្ព័ន្ធ សហជីពកម្ពុជា(CATU)អ្នកស្រី យ៉ាង សុភ័ណ្ឌ បានឲ្យដឹងកាលពីម្សិលមិញថា កម្មករប្រហែលពាក់កណ្ដាលនៅក្នុងរោងចក្រ ទាំងអ្នកព្រមនិងមិនព្រមទទួលយកប្រាក់អតីតភាព បានសម្រេចចិត្តលាឈប់ពីការងារនៅរោងចក្រ តៃយ៉ាង និងរោងចក្រ ខាំវែល ដើម្បីទៅរកការងារផ្សេងធ្វើជំនួស។
អ្នកស្រីបន្តថា៖ «កម្មករចាកចេញពីរោងចក្រពីរនេះ ទៅរកការងារធ្វើនៅកន្លែងផ្សេង ព្រោះតែពួកគេមិនព្រមទទួលយកនូវអ្វីដែលរោងចក្រនិងសហជីពមួយ ចំនួនបានឃុបឃិតគ្នាធ្វើទាំងបំពានលើសិទ្ធិកម្មករ»។
អ្នកស្រី សុភ័ណ្ឌ បានថ្លែងថា ៖ «កម្មករនឹងចាកចេញទៅធ្វើការនៅរោងចក្រផ្សេង គឺប្រសើរជាងធ្វើការជាមួយថៅកែចិត្តអប្រិយទាំងនេះ ដែលមិនសហការជាមួយសហជីពល្អៗ តែបែរជាធ្វើការជាមួយសហជីពមិនល្អទៅវិញ។ ខ្ញុំដឹង សហជីពដែលមិនបានជួយកម្មករ តែខ្ញុំមិនចង់បញ្ចេញឈ្មោះទេ»។
អ្នក ស្រីបន្តដែរថា គាត់សោកស្ដាយចំពោះការលាឈប់ពីការងាររបស់កម្មករទាំងនេះប៉ុន្តែ អ្នកស្រីគិតថា វាក៏ល្អដែរដែលចាកចេញពីកន្លែងដែលគេមិនយកចិត្តទុកដាក់ដល់ កម្មករនោះ។
អ្នកស្រី សុភ័ណ្ឌ អះអាងថា កម្មករជាង២០ភាគរយ មិនទាន់ចូលធ្វើការវិញនៅឡើយទេហើយពួកគេកំពុងបន្តធ្វើកូដកម្ម ដើម្បីរង់ចាំលទ្ធផលពីមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាពការងារ អន្តរជាតិ(ACILS)។
អ្នកស្រីបានបញ្ជាក់ថា៖«ខ្ញុំនឹងអនុញ្ញាត ឲ្យកម្មករវិលចូលធ្វើ ការវិញ ពេលណាខ្ញុំទទួលបានកិច្ចព្រមព្រៀងពី ACILS នេះ បន្ទាប់ពីពួកគេជួបពិភាក្សាជាមួយក្រសួងសង្គមកិច្ចអំពីការទាមទារ របស់កម្មករ»។
អ្នកស្រី សុភ័ណ្ឌ លើកឡើងថា កិច្ចព្រមព្រៀងដែល ACILS បានពិភាក្សាជាមួយក្រសួងសង្គមកិច្ចគឺពាក់ព័ន្ធនឹងមេដឹកនាំ សហជីព៣៧នាក់ ដែលក្រុមហ៊ុនបណ្ដេញចេញផងដែរ ដើម្បីជួយឲ្យបានចូលធ្វើការវិញដោយគ្មានរងការប្តឹងប្ដល់ និងត្រូវដកពាក្យបណ្តឹងទាំងអស់នៅឯតុលាការផង។
អ្នកស្រី សុភ័ណ្ឌ ថា ៖ «ចំពោះប្រាក់អតីតភាពដែលយើងបានទាមទារ ACILS ថានឹងចំណាយពេលពិភាក្សាអំពីករណីនេះនៅពេលក្រោយទៀត»។
លោក វូ ម៉េងហួរ អ្នកគ្រប់គ្រងនៅរោងចក្រ តៃយ៉ាង អះអាងពីសប្ដាហ៍មុនថា កម្មករមួយចំនួនយល់ព្រមទទួលប្រាក់ដែលក្រុមហ៊ុនផ្ដល់ឲ្យ ចំនួន ៧០ ដុល្លារ ហើយចូលធ្វើការវិញ តែខ្លះក៏បានលាឈប់ពីការងារដែរ។
លោក បញ្ជាក់ថា៖ «មានកម្មករ ៤.២៧៤នាក់ ព្រមទទួលយកប្រាក់អតីតភាពនេះ ហើយមានកម្មករតែ២២៦នាក់ទេ ដែលមិនព្រមទទួលយកប្រាក់នេះ»។
លោក ម៉េងហួរ ថា៖ «កម្មករមកធ្វើការវិញមានពី៨៩ទៅ៩០ភាគរយ ហើយអ្នកលាឈប់ពីការងារបន្ទាប់ពីបានទទួលយកប្រាក់នេះ ព្រោះតែការខ្មាសអៀននឹងកម្មករដូចគ្នា»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាប្រាប់ដែរថា កម្មករ១៥ទៅ២០ភាគរយបាននិងបន្តលាឈប់ពីក្រុមហ៊ុននេះ។លោកថា៖ «ខ្ញុំសោកស្តាយចំពោះកម្មករដែលចាកចេញពីរោងចក្រនេះ ហើយចំនួននេះនឹងមានការកើនឡើងទៀត»។ លោកថាកម្មករមិនចង់ធ្វើឲ្យក្រុមហ៊ុនខូចឈ្មោះទេ ព្រោះអាចធ្វើឲ្យអ្នកបញ្ជាទិញខកចិត្តនឹងក្រុមហ៊ុននេះ៕
No comments:
Post a Comment
yes