លោក ហ៊ុន សែន និងសមភាគីវៀតណាម សម្ពោធបង្គោលព្រំដែន
នៅខេត្តកំពត កាលពីខែមិថុនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចូលទៅឆ្លើយសំណួរ
នៅរដ្ឋសភានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា វៀតណាម ដែលនៅតែចម្រូងចម្រាស។
គណបក្សប្រឆាំង និងអ្នកវិភាគ ចង់ឲ្យលោកនាយករដ្ឋមន្ត្រី
ចូលទៅឆ្លើយសំណួរ របស់សមាជិកសភា
ជាជាងការចូលទៅថ្លែងសុន្ទរកថាតែម្នាក់ឯង ដែលមិនបានឆ្លើយតប
ទៅនឹងអ្វី ដែលជាការមន្ទិលសង្ស័យ និងជាកង្វល់ពិតប្រាកដ
ពាក់ព័ន្ធនឹងការកំណត់បង្គោលព្រំដែនកម្ពុជាវៀតណាម
ដែលមជ្ឈដ្ឋានមួយចំនួន គិតថា បានធ្វើឲ្យកម្ពុជា បាត់បង់ទឹកដី។អគ្គលេខាធិការ ដ្ឋានរបស់សភា លោក ឡេង ប៉េងឡុង បានកោះហៅសមាជិកសភា ឲ្យត្រឡប់មកចូលរួមសម័យប្រជុំរដ្ឋសភា នៅថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះ បន្ទាប់ពីសម្រាកវិសមកាលបីខែ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយ ដោយអគ្គលេខាដ្ឋានរដ្ឋសភា កាលពីថ្ងៃសុក្រ បានសរសេរថា ក្នុងអំឡុងសម័យប្រជុំនេះ នឹងមានការឆ្លើយផ្ទាល់ ទៅសភាជាតិ អំពីការកំណត់បង្គោលព្រំដែន រវាងកម្ពុជានិងវៀតណាម។
លោកយឹម សុវណ្ណ អ្នកនាំគណបក្ស សម រង្ស៊ី (SRP) បានថ្លែងថា តំណាងរដ្ឋាភិបាល ត្រូវតែចូលមកឆ្លើយបំភ្លឺ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ទៅតាមការកោះហៅរបស់រដ្ឋសភា។
តំណាងរាស្ត្រ SRP លោក សុន ឆ័យ កាលពីខែមិថុនា បានសរសេរលិខិតមួយច្បាប់ តាមរយៈ លោក ហេង សំរិន ប្រធានរដ្ឋសភា កោះអញ្ជើញលោកនាយករដ្ឋមន្រ្តី មកឆ្លើយសំណួរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមជាពិសេស គម្រោងនៃការដោះដូរភូមិខ្មែរពីរ គឺភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃ ដែលជាភូមិកំណើតរបស់លោកហេង សំរិន នៅក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ទៅឲ្យវៀតណាម។ លិខិតនេះ ក៏បានអំពាវនាវ ដល់លោក ហ៊ុន សែន ឲ្យបំភ្លឺ ពីការបោះបង្គោលព្រំដែនលេខ ៣១៤ ចន្លោះពីខេត្តកំពត និងប្រទេសវៀតណាម ផងដែរ ដែល SRP អះអាងថា បានកាត់ផ្តាច់ពលរដ្ឋខ្មែរចេញពីដីរបស់ពួកគេ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍បន្តថា៖«យើងសូមស្វាគមន៍ ចំពោះលោកនាយករដ្ឋមន្រ្តី ដើម្បីថ្លែងពីបញ្ហាការកំណត់បង្គោលព្រំដែន ទៅកាន់សមាជិកសភាជាតិ ប៉ុន្តែស្របពេលនេះដែរ យើង ចង់ឲ្យតំណាងរដ្ឋាភិបាល ផ្លាស់ប្តូរទម្លាប់ចាស់ ពីការគ្រាន់តែអានសុន្ទរកថា មកជាការរង់ចាំឆ្លើយសំណួរ របស់អ្នកតំណាងរាស្ត្រ។ ធ្វើដូច្នេះ សមាជិកសភាម្នាក់ៗ នឹងមានឱកាសសួរសំណួរ ដែលពួកគេ មានចម្ងល់»។
លោក ហ៊ុន សែន បានថ្លែងសុន្ទរកថា របស់លោកភាគច្រើន កាលពីសប្តាហ៍មុនទៅកាន់និស្សិត បញ្ចប់ការសិក្សា ចំនួន ២៥០០ នាក់ នៅឯវិទ្យាស្ថានជាតិអប់រំ ដោយគូសបញ្ជាក់ ពីការទទួលយក ការអញ្ជើញរបស់គណបក្សសម រង្ស៊ី ដើម្បីថ្លែងទៅកាន់សភាជាតិ អំពីបញ្ហាព្រំដែនកម្ពុជា វៀតណាម។ លោក ហ៊ុន សែន បាននិយាយថា៖ «ខ្ញុំ បានសុំពេល ៤ ម៉ោងដើម្បីថ្លែងអំពីការកំណត់បង្គោលព្រំដែន ប៉ុន្តែវា មិនមានបញ្ហាទេ ប្រសិនបើខ្ញុំ ចំណាយពេល ៧ ម៉ោងឥតឈប់»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានថ្លែងកាលពីម្សិលមិញថា លោកនាយករដ្ឋមន្រ្តី ឬតំណាងរបស់លោក ត្រូវតែចូលរួមសម័យប្រជុំសភាម្តង ក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយសំណួរ របស់សមាជិកសភា ស្របតាមរដ្ឋធម្មនុញ្ញ។ លោក ម៉ុងហៃ ថ្លែងបន្តថា៖«រដ្ឋាភិបាល មិនបានគោរពរដ្ឋធម្មនុញ្ញរបស់យើង ឲ្យបានត្រឹមត្រូវទេ ព្រោះរដ្ឋធម្មនុញ្ញ បានតម្រូវឲ្យនាយករដ្ឋមន្រ្តី ឬតំណាងរបស់គាត់ ចូលទៅឲ្យសមាជិកសភាសាកសួរម្តងក្នុងមួយសប្តាហ៍។ ចាប់តាំងពីឆ្នាំ ១៩៩៣ មក ខ្ញុំរកឃើញថា លោកនាយករដ្ឋមន្រ្តី បានចូលទៅឆ្លើយសំណួរក្នុងសភា មិនដល់ ១០ ដងទេ ហើយភាគច្រើននៃការឆ្លើយសំណួរទាំងនោះ គឺគ្រាន់តែអានសេចក្តីថ្លែងការណ៍ដែលមិនមានការបើកចំហ សម្រាប់ការសាកសួរទេ»៕
No comments:
Post a Comment
yes