សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

បង្កើន​ការ​ព្រលែង​កូន​បង្កង​ទៅ​ក្នុង​បឹង​ធម្មជាតិ ដើម្បី​បង្កើន​ទិន្នផល​ខណៈ​តម្រូវ​ការ​ខ្វះខាត

120822_11
អាជីវករលក់បង្កង និង​អាហារ​​សមុទ្រ​ជាច្រើន​ទៀត​នៅផ្សារ​ធំថ្មី​។ 
រដ្ឋាភិបាល​កំពុង​បង្កើន​ការ​ព្រលែងបង្កងទៅក្នុងបឹង​ធម្មជាតិ​​​ 

ភ្នំពេញៈ​ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​កំពុង​បង្កើន​បរិមាណ​ផល​បង្កង​ធម្មជាតិ​តាម​រយៈ​ការ​ព្រលែង​ កូន​បង្កង​ទៅ​ក្នុង​បឹង​ធម្មជាតិ ដើម្បី​ផ្តត់​ផ្គង់​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ និង​ទីផ្សារ​ក្នុង​ស្រុក​។
តាម​តួលេខ​ពី​រដ្ឋបាល​ជលផល ​បង្ហាញ​ថា​ ក្នុង​រយៈ​ពេល​ជាង​២​ខែ​មក​នេះ ​គេ​បាន​លែង​កូន​បង្កង​ទៅ​ក្នុង​បឹង​ធម្មជាតិ​បាន​ជិត​កន្លះ​លាន​កូន​ហើយ ក្នុង​ចំណោម​៧លាន​កូន​នៃ​ផែនការ​រដ្ឋបាល​ជលផល​ដែល​នឹង​លែង​នៅ​ក្នុង ឆ្នាំ​២០១២​នេះ។​
តាម​ការ​ប៉ាន់​ប្រមាណ​បរិមាណ​ផល​ដែល​នឹង​ទទួល​បាន​ពីការ​លែង​កូន​បង្កង​៧លាន ​ក្បាល នឹង​ទទួល​បាន​មក​វិញ​ប្រមាណ​៧០​តោន ពោល​គឺ​៥​ភាគរយ​ដែល​សល់​ពីការ​ខូច​ខាត​បន្ទាប់ពី​ព្រលែង​ទៅ​ក្នុង​បឹង។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ជលផល។

លោក ​ណៅ ​ធួក​ អគ្គ​នាយក​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា​៖ «​យើង​បាន​ប្រមូល​មេពូជ​បង្កង​បាន​ច្រើន​ណាស់​ហើយ​។ ​យើង​បាន​លែង​នៅ​អាង​ត្រពាំង​ថ្ម​២០​ម៉ឺន​កូន។ ពេល​នេះ​យើង​មាន​កូន​បង្កង​ដែល​អាច​លែង​បាន​ចំនួន​ជិត​៤០​ម៉ឺន​កូន​ទៀត តែ​ត្រូវ​រង់ចាំ​ពេលវេលា​សម​ស្រប»។
ការ​ព្រលែង​កូន​បង្កង​ទៅ​ក្នុង​បឹង​ធម្មជាតិ​ជា​ផែនការ​ដើម្បី​បង្កើន ផល​បង្កង​ទឹក​សាប ដែល​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ដោយ​សារ​កំណើន​នៃ​បទ​ល្មើស​ខុស​ច្បាប់ ​និង ​កំណើន​ប្រជាជន​។
កូន​បង្កង​ដែល​នឹង​ត្រូវ​ព្រលែង​ច្រើន​ជាង​គេ​គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​ កំពង់ឆ្នាំង ព្រោះ​បង្កង​អាច​នឹង​ចល័ត​ទៅ​កាន់​ខេត្ត​ឆ្ងាយ​ៗ​ទៀត ​មាន​ដូច​ជា​កំពង់ចាម​រហូត​ដល់​ស្ទឹងត្រែង​។ ក្នុង​ចំនួន​១លាន​កូន​ដែល​បាន​ភ្ញាស់​រួច​ នៅ​សល់​ប្រមាណ​ចន្លោះ​ពី​៣​ម៉ឺន​ទៅ​១០​ម៉ឺន​កូន​ប៉ុណ្ណោះ​។
បទ​ល្មើស​នេសាទ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ផល​នេសាទ​ធ្លាក់​ចុះ​ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃ​បទ​ល្មើស​នេសាទ​នៅ​តែ​មាន​ជា​ហូរ​ហែ។
លោក ណៅ ​ធួក ​បញ្ជាក់​ថា ​សកម្មភាព​ល្មើស​ទំាង​នោះ​នឹង​មិន​អាច​លុប​បាន​ទាំង​ស្រុង​ទេ​។ ​លោក​បន្ត​ថា​៖ «បទល្មើស​នេះ​មិន​អាច​ឲ្យ​អស់​រលីង​បាន​ទេ​ ព្រោះ​មនុស្ស​រស់​នៅ​នឹង​ទឹក​។ ​ខ្ញុំ​ប្រដូច​ថា បើ​យើង​ធ្វើ​ឲ្យ​អស់​ចោរ​នៅ​ទី​ក្រុង​ភ្នំពេញ​ បទ​ល្មើស​នេសាទ​ក៏​អស់​ដែរ​»។​ លោក​បន្ថែម​ថា ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​មាន​ពី​៥​ទៅ​២០​ករណី​ជា​រៀង​រាល់​ថ្ងៃ​។
ក្រៅ​ពី​ផែន​ការ​ព្រលែង​ក្នុង​បឹង​ទឹក​សាប កសិករ​មួយ​ចំនួន​ក៏​បាន​បង្កើន​ការ​ចិញ្ចឹម​តាម​គ្រួសារ​ និង​កសិដ្ឋាន​របស់​ខ្លួន​ដែរ​។
កសិករ ព្រំ វ៉ាត រស់​នៅ​ស្រុក​អង្គរបុរី ខេត្ដ​ តាកែវ ​បាន​និយាយ​ថា​ លោក​បាន​ភ្ញាស់​កូន​បង្កង​នៅវ​គ្គទី១​ បាន​ចំនួន​២៤​ម៉ឺន ហើយ​ពេល​នេះ​លោក​កំពុង​រៀបចំ​ភ្ញាស់​កូន​បង្កង​ពី​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​កូន ទៀត ដើម្បី​បំពេញ​តាម​តម្រូវ​ការ​បញ្ជា​ទិញ​របស់​កសិករ​។
ព្រំ វ៉ា​ត​ សង្កេត​ឃើញ​ថា បង្កង​ទឹក​សាប​នៅ​ខេត្ត​តាកែវ ហាក់​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន។ ​បច្ចុប្បន្ន​បង្កង​មាន​តម្លៃ​ចាប់​ពី​២៣​ដុល្លារ ​ទៅ​៣០ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។​ នេះ​បើ​តាម ​លោក ព្រំ វ៉ាត។
លោក ​ខៀវ សំ ជា​កសិករ​ភ្ញាស់​កូន​បង្កង​ប្រមាណ​២​ម៉ឺន​ទៅ​៣ម៉ឺន​កូន​ក្នុង​មួយ​ឆ្នាំ សម្រាប់​លក់ នៅ​ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ បាន​និយាយ​ថា ឆ្នាំ​នេះ​លោក​មិន​បាន​ភ្ញាស់​កូន​បង្កង​លក់​ដូច​កាល​ពីឆ្នាំ​មុនៗ​ទៀត​ទេ ព្រោះ​ពុំ​មាន​កសិករ​បញ្ជា​ទិញ​សម្រាប់​យក​ទៅ​ចិញ្ចឹម​បន្ត​។
លោក​បន្ត​ថា៖​ «ការ​ភ្ញាស់​កូន​បង្កង​លក់​ទុក​លក់​គឺ​ត្រូវការ​ដើម​ទុន​ច្រើន ​បើ​មិន​មាន​អ្នក​បញ្ជា​ទិញ​មុន​ទេ វា​នាំ​ឲ្យ​ខាត​»។
ថ្មីៗ​នេះ​រដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ដល់​ប្រជាកសិករ ឲ្យ​បង្កើន​ការ​ចិញ្ចឹម​បង្កង​តាម​បែប​វារីវប្បកម្ម ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក ក៏​ជា​ការ​បង្កើន​បរិមាណ​ផល​សម្រាប់​នាំ​ចេញ​ផង​ដែរ។
កម្ពុជា​បាន​នាំ​ចេញ​ផល​នេសាទ​ទាំង​កែច្នៃ​ និង​មិន​ទាន់​កែច្នៃ​ ប៉ុន្តែ​ភាគច្រើន​នាំចេញ​ផលិត​​ផល​មិន​ទាន់​កែច្នៃ៕

No comments:

Post a Comment

yes