សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

លោក​ហ៊ុន សែន​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទៀត​ហើយ

120822_05
គំនរ​ឈើ​ហ៊ុប នៅ​​​ក្នុង​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​នៅ​ខេត្ត​ក្រចេះ

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​អនុបយោគ​លើ​ផ្ទៃដី​ទំហំ ២៣១៨២ ហិកតា​ទៀត​ស្ថិត​ក្នុង​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​ព្រះវិហារ​ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន ៣ ដើម្បី​ធ្វើ​ការ​វិនិយោគ ដាំ​ដំណាំ​កៅស៊ូ និង​ដំណាំ​កសិ-ឧស្សាហកម្ម ដោយ​យោង​តាម​ចំណុច​ទី ៤ នៃ​បទ​បញ្ជា ០១ បប ស្តី​ពី​វិធានការ ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច ។ នេះ​បើ​យោង​ទៅ​តាម​សៀវភៅ​រាជកិច្ច​ដែល​ចេញ​ផ្សាយ​ពី​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី​ ថ្ងៃ​ទី ៨ ខែ​សីហា​ ឆ្នាំ ២០១២​។
លោក​ នាយរដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ចុះ​ហត្ថលេខា​ចំនួន ​៣​ ដង ផ្តល់​ដី​នោះ​ដែល​ស្ថិត​ក្នុង​ស្រុក​សង្គម​ថ្មី​ ស្រុក​គូលែន និង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ធ្វើ​ការ​វិនិយោគ ដំណាំ​កៅស៊ូ និង​ដំណាំ​កសិ-ឧស្សាហកម្ម។ នេះ​បើ​យោង​តាម​អនុក្រឹត្យ ស្តីពី​ការ​ធ្វើ​អនុប្រយោគ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី ៣ ខែ​សីហា​ ឆ្នាំ ២០១២។

នៅ​ក្នុង​មាត្រា​ទីពីរ នៃ​អនុក្រិត្យ​រដ្ឋាភិបាល​នេះ​ បាន​បង្ហាញ​ថា​ ផ្ទៃ​ដី​ដែល​ត្រូវ​បាន​ធ្វើ​អនុបយោគ​ដូច​កំណត់​ក្នុង​មាត្រា​មួយ ​នៃ​អនុក្រឹត្យ​នេះ​ ត្រូវ​សិ្ថត​ក្រោម​ការ​ចាត់​ចែង​នីតិវិធី​បន្ត ដោយ​ក្រសួង​កសិកម្ម​ ជា​អាជ្ញាធរ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ​និង​ក្រសួង​សេដកិច្ច​ និង​ហិរញ្ញវត្ថុ ជា​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ ព្រម​ទាំង​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែន​ដី​ ស្រប​តាម​ច្បាប់ ​និង​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល។​ នៅ​ក្នុង​រាជក្រឹត្យ​បាន​បញ្ជាក់​ថា​៖ «​បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ ដែល​មាន​ខ្លឹម​សារ​ ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ ត្រូវ​ទុក​ជា​និរាករណ៍»។
ក្រុម​ហ៊ុន​ចំនួន​ ៣ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ពី​រដ្ឋាភិបាល​នោះ ​មាន​ដូច​ជា​ក្រុម​ហ៊ុន​ Green Choice (Cambodia) Co., Limited ទទួល​បាន​ដី​ចំនួន ​៧៨៦៣​ ហិកតា ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ ស្រុក​សង្គម​ថ្មី និង​ស្រុក​រវៀង។ ក្រុម​ហ៊ុន​អេមិណិន អ៊ីលីត (ខេមបូឌា) ខូអិលធីឌី ទទួល​បាន​ដី​ចំនួន ៧៣៥៩​ហិកតា ស្ថិត​ក្នុង​ស្រុក​គូលែន​ និង​ក្រុម​ហ៊ុន​ Distinct Harvest (Cambodia) Co., Ltd ទទួល​បាន​ដី​ចំនួន ៧៩៦០ ហិកតា​ សិ្ថត​ក្នុង​ស្រុក​សង្គម​ថ្មី ​និង​ស្រុក​រវៀង។
លោក ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ ក្រសួង​កសិកម្ម​ បាន​បដិសេធ ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​ កាល​ពី​ម្សិលមិញ ដោយ​មាន​ប្រសាសន៍​ថា​ លោក​ជាប់​រវល់​ភ្ញៀវ។ រីឯ​លោក អ៊ិត ណូឌី រដ្ឋ​លេខាធិការ ក្រសួង​នេះ​ ពុំ​អាច​ទំនាក់​ទំនង​ សុំ​អត្ថាធិប្បាយ​បាន​ឡើយ​។
កាល​ពី​ថ្ងៃ​ទី ៧ ខែ​ឧសភា​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ចេញ​សេចក្តី​ប្រកាស​ ផ្អាក​ជា​បន្ទាន់ និង​គ្មាន​កាល​កំណត់​នូវ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន​ហើយ​បាន​អំពាវនាវ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដី សម្បទាន ដែល​មាន​ស្រាប់​ទាំង​អស់។ ​នៅ​ថ្ងៃ​ទី ១៤ មិថុនា លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស​ ធ្វើ​ការ​វាស់វែង​បែង​ចែក​ដីធ្លី ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ទំនាស់​ដី​ធ្លី​ ជាមួយ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ធ្វើ​យ៉ាង​យូរ​បំផុត​រយៈ​ពេល​៦ ខែ។
ប៉ុន្តែ នៅ​ក្នុង​ចំណុច​ទី​ ៤ ​នៃ​បទ​បញ្ជា​ ០១​ បប ស្តី​ពី​វិធានការ​ពង្រឹង​ និង​បង្កើន​ប្រសិទ្ធភាព ​នៃ​ការ​គ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ បាន​កំណត់​ថា​ ចំពោះ​សម្បទាន​ដី​សេដ្ឋកិច្ច ​ដែល​បាន​ទទួល​ការ​អនុញ្ញាត ជា​គោលការណ៍​ ពី​រាជរដ្ឋាភិបាល​រួច​ហើយ​ មុន​ថ្ងៃ​ចេញ​បទ​បញ្ជា​នេះ​ ត្រូវ​បន្ត​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។
គេ​មិន​ដឹង​ថា តើ​ចំនួន​ដី​សម្បទាន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ជា​គោលការណ៍​រួច​ហើយ ពី​រដ្ឋាភិបាល​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​។
សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ដូច​ពេល​មុនៗ​ដែរ គឺ​មិន​គាំទ្រ​ឡើយ​ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ជា​អ្វី​ដែល​ពួក​គេ​ បាន​លើក​ឡើង​ជា​ដដែល​ៗ​ថា បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ធនធាន​ធម្មជាតិ និង​វិបត្តិ​សង្គម​ផ្សេងៗ ខណៈ​ដែល​ទីតាំង​នៃ​ការ​ផ្តល់​ដី​សម្បទាន​ទាំង​នោះ ខ្លះ​ជា​ដី​ព្រៃ​ស្រោង ឬ​ជា​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ ដែល​ជា​ញឹកញាប់​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា ក្នុង​នាម​សង្គម​ស៊ីវិល លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ ​ចំពោះ​ការ​បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​ពី​សំណាក់​រដ្ឋាភិបាល ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន នៅ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​ទៅ​ហើយ​ បើ​ទោះ​បី​ជា​ការ​បន្ត​ផ្តល់​នេះ យោង​ទៅ​តាម​ចំណុច​ទី ៤ នៃ​បទ​បញ្ជា ០១ ក្តី។ លោក​បន្ត​ថា​៖ «យើង​មិន​ដឹង​ថា​ តើ​នៅ​មាន​ក្រុមហ៊ុន​ប៉ុន្មាន​ទៀត ​ដែល​កំពុង​បន្ត​នីតិវិធី​នោះ​ទេ​។ ដូច្នេះ​វា​ធ្វើ​ឲ្យ​មតិ​សាធារណជន​យល់​ច្រឡំ​ថា​រដ្ឋាភិបាល ​នៅ​តែ​បន្ត​ផ្តល់​ដីឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ធ្វើ​ឲ្យ​បទ​បញ្ជា ០១ គ្មាន​ប្រសិទ្ធភាព»។
លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស សមរង្ស៊ី បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ ពី​ព្រោះ​វា​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​នោះ​ទេ​ ក្រៅ​អំពី​បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​វិបត្តិ​សង្គម​។
លោក​បន្ត​ថា​៖ «រដ្ឋាភិបាល​គេ​មាន​អំណាច ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ ​គួរ​តែ​វិនិច្ឆ័យ​ អំពី​ទង្វើ​របស់​រដ្ឋាភិបាល»។
យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១១​ រាជរដ្ឋាភិបាល​ បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ប្រមាណ ២ ២៧៦ ៣៤៩ ហិកតា​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​២២៥ ក្រុមហ៊ុន ក្នុង​នោះ​ផ្ទៃ​ដី​ចំនួន ២/៣ បាន​កាត់​ចេញ​ពី​ដី​ការពារ​ដោយ​ព្រះ​រាជក្រឹត្យ​៕

No comments:

Post a Comment

yes