លោក កឹម សុខា និង លោក សម រង្ស៊ី ជួបជាមួយពលរដ្ឋខ្មែរក្រោម
នៅកាណាដានិអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ភាពជោគជ័យដ៏ធំធេងរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ក្នុងការច្របាច់រួមបញ្ចូលគ្នាជាសម្លេងតែមួយ ដោយបង្កើតបាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងឈាន ឆ្ពស់ទៅបង្កើតគណបក្ស សង្គ្រោះជាតិ
ក្នុងពេលឆាប់ៗខាងមុខនេះ បានធ្វើឲ្យអ្នកមិនសប្បាយ
ចិត្តពីការរួមកម្លាំងអ្នកប្រជាធិបតេយ្យ បានក្លែងលិខិតពីការបែបបាក់សម្ព័ន្ធភាពរវាងគណបក្ស
សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ។
នៅក្នុងលិខិតក្លែងក្លាយរបស់ជនមិនស្គាល់មុខនោះ
គឺក្នុងចេតនាដើម្បីធ្វើឲ្យមានភាពជ្រួលច្របល់ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រមកលើ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងអ្វី ដែលសំខាន់ជាងនេះទៅទៀតនោះ
គឺពួកគេចង់ធ្វើការមួលបង្ក្រាប់មកលើលោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំថាលោក សម រង្ស៊ី គឺជាអ្នកនយោបាយក្រឡេកក្រឡុច ។
ទង្វើដែលជនខិលខូចលួចធ្វើលិខិតក្លែងរបស់លោក សម រង្ស៊ី
បែបនេះគឺបណ្តាលមកពីពួកគេ ខ្លាចពីប្រជាប្រិយភាពរបស់លោក សម រង្ស៊ី
ដែលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង ស្រុក និងក្រៅស្រុកនោះ ។
ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺពួកគេទាំងនោះ មានចេតនាមិនចង់ឲ្យលោក សម រង្ស៊ី
វិលចូលមកក្នុងស្រុកដើម្បីប្រគួតប្រជែងជាមួយនិងគណបក្ស ប្រជាជន
ដែលគេបានដឹងយ៉ាងច្បាស់ថា នៅពេលបោះឆ្នោតជាតិអាណត្តិទី៥នេះ គណបក្សប្រជាជន ពិតជាចាញ់គណបក្សដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ
ដែលមានឈ្មោះថា គណបក្ស សង្គ្រោះជាតិ ។ ដោយហេតុថា
ប្រជាពលរដ្ឋខ្មែរភាគច្រើនគឺឈប់គាំទ្រ មកលើគណបក្សប្រជាជនទៀតហើយ
ដោយសារតែគណបក្សមួយនេះកាន់អំណាចជិត៣០ឆ្នាំមកហើយគឺ ដឹកនាំប្រទេសតាមរបៀបផ្តាច់ការ
ដែលធ្វើឲ្យពួកគាត់គ្រាំគ្រា និងរងទុក្ខគ្មានពេលល្ហែរនោះ ។
បន្ទាប់ពីមានការក្លែងលិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី
កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១២ អគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី លោកស្រី កែ
សុវណ្ណរតន៏ និងលោក យ៉ែម បុញ្ញាឬទ្ធិ អគ្គលេខាធិការរបស់គណបក្ស សិទ្ធិមនុស្ស
បានចេញលិខិតរួមគ្នាមួយច្បាប់ដោយបានធ្វើការបដិសេធទាំងស្រុងចំពោះលិខិតដែលចេញកាលពីថ្ងៃទី១១
ខែសីហា ឆ្នាំ២០១២ ពីការសុំដកខ្លួនរបស់លោក សម រង្ស៊ី ពីសម្ព័ន្ធភាពរវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នោះ ។
លិខិតបដិសេធរួមគ្នារបស់អគ្គលេខាធិការគណបក្ស សម រង្ស៊ី និង គណបក្ស
សិទ្ធិមនុស្ស មានខ្លឹមសារថា « អគ្គលេខាធិការដ្ឋានគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស សូមបដិសេធយ៉ាងដាច់អហង្ការនូវលិខិតក្លែងបន្លំដោយជនខិលខូច
ដែលបានយកឈ្មោះលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងលោក កឹម សុខា ប្រធានគណបក្ស
សិទ្ធិមនុស្ស ទៅបង្កាច់បង្ខូច ក្នុងចេតនានយោបាយដោយលើកឡើងថា
គណបក្សទាំងពីរបញ្ចប់ការរួមបញ្ចូលគ្នាក្នុងក្របខណ្ឌ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងមិនអាចឈានទៅរកការបង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា
គណបក្ស សង្គ្រោះជាតិ » ។
ខ្លឹមសារនៅក្នុងលិខិតបដិសេធរបស់ អគ្គលេខាធិការគណបក្ស សម រង្ស៊ី និង គណបក្ស
សិទ្ធិមនុស្ស បានឲ្យដឹងទៀតថា « មហាជនខ្មែរដឹងយ៉ាងច្បាស់ថា
ក្រុមខិលខូចកំពុងប្រើកលល្បិចក្លែងបន្លំឯកសារក្នុងន័យញុះញង់មិនឲ្យគណបក្សទាំងពីររួបរួមគ្នាបាន
ដោយបង្ហាញនូវភាពភ័យ ស្លន់ស្លោ នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៣ឈានជិតមកដល់ ។
អគ្គលេខាធិការដ្ឋាន គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
សង្ឃឹមថាការប្រើមធ្យោបាយមិនស្របច្បាប់បែប នេះ
នឹងត្រូវបានវែកមុខមកផ្តន្ទាទោសតាមច្បាប់ជាធរមាន » ។
សូមជំរាបជូនផងដែរថា ជាមួយគ្នានោះកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ លោក កឹម
សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និង ជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏បានចេញលិខិតបដិសេធមួយច្បាប់ផងដែរថា « ដូចខ្ញុំបានជំរាបជូន បងប្អូនជនរួមជាតិ
រួចហើយថា គណបក្ស សិទ្ធិមនុស្ស និងរួមគ្នាជាមួយគណបក្ស សម រង្ស៊ី ដើម្បីបង្កើតគណបក្ស
សង្គ្រោះជាតិ ។ ជនខិលខូច ឬក្រុមខិលខូចនោះមានការភ័យស្លន់ស្លោរ ប្រើឧបាយកលញុះញង់
បំបែកបំបាក់ដើម្បីកុំឲ្យខ្មែរយើងមានឯកភាពជាតិ និងសាមគ្គីជាតិបាន ដើម្បីងាយស្រួល
ជិះជាន់និងត្រួតត្រា » ។
ហើយនៅលិខិតបដិសេធនោះលោក កឹម សុខា ក៏បានប្រកាសពីគោលជំហររបស់លោកជាថ្មីម្តងទៀតថា «
ខ្ញុំ កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
សូមប្តេជ្ញាសារជាថ្មីម្តងទៀត ចំពោះមុខមហាជនខ្មែរ ដែលតែងតែស្នើឲ្យខ្ញុំស្វែងរកការបង្រួបបង្រួមជាតិ
រវាងអ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម ថាបេសកកម្មជាប្រវត្តិសាស្រ្តនេះ
ខ្ញុំនឹងខិតខំសម្រេចធ្វើឲ្យបានដល់គោលដៅ » ។
សូមជំរាបជូនផងដែរថា បើយោងតាមការជំរាបជូនរបស់លោកស្រី មូរ សុខហួរ ដែលជាប្រធាន
អគ្គលេខាធិការរដ្ឋាន ចលនាប្រជាធិបតេយ្យេសង្គ្រោះជាតិ នាពេលកន្លងមកបានឲ្យដឹងថា
បន្ទាប់ពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី ១៧
ខែកក្កដា ឆ្នាំ២០១២ និងនៅបន្ទាប់ពីមានសេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី
ដែលជាប្រធាន ចលនាប្រជាធិបតេយ្យជាបន្តរបន្ទាប់មក គឺមានប្រជាពលរដ្ឋ
និងអ្នកនយោបាយជាច្រើនបាននិងកុំពុងតែអញ្ជើញមកចូលរួមជាមួយនិង
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស ។
លោកស្រី មូរ សុខហួរ ក្នុងនាមជាប្រធានអគ្គលេខាធិការរដ្ឋាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានប្រាប់ឲ្យដឹងទៀតផងថា
ក្នុងចំណោមអ្នកដែលមកចូលរួមជាមួយនឹង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គឺមានទាំងឥស្សរជននយោបាយជាន់ខ្ពស់របស់គណបក្សកាន់អំណាច
សព្វថ្ងៃ និង អ្នកមកពីគណបក្ស ហ៊្វុនស៊ិនប៉ិច ក៏ដូចជាគណបក្ស នរោត្តម រណឬទ្ធិ
ផងដែរ ។
ដោយសារតែបញ្ហាទាំងអស់នេះហើយ
ទើបបានជាជនខិលខូចលួចប្រើល្បិចខ្មៅកខ្វក់ដើម្បីធ្វើ ការបន្សាប
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងអ្វីដែលជាគោលបំណងរបស់គេសំខាន់នោះ
គឺដើម្បីធ្វើការទាញទំលាក់ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី
នឹងដើម្បីបង្អាក់សេចក្តីទុកខិត្ត របស់ប្រជាពលរដ្ឋខ្មែរមកលើលោក សម រង្ស៊ី
ដែលជាអ្នកនយោបាយដ៏ឆ្នើម ដែលហ៊ានពុះពារគ្រប់ឧបសគ្គ
នឹងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា រស់នៅបាន សុខសាន្ត
។
ដូចនេះកម្លាំងអ្នកស្នេហាជាតិ អ្នកស្រលាញ់លិទ្ធិប្រជាធិបតេយ្យ
គ្មានអ្វីមកបំបែកបំបាក់បាននោះឡើយ ហើយគណបក្ស សង្គ្រោះជាតិ ដែលកើតចេញពី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងយកឈ្នះលើគណបក្សដែលដឹកនាំប្រទេសតាមរបៀបផ្តាប់ការ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ជាក់ជាមិនខាន ព្រោះគណបក្ស សង្គ្រោះជាតិ ដែលកើតចេញពី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គឺជាក្តីសង្ឃឹមចុងក្រោយតែមួយគត់របស់ប្រជារាស្រ្តខ្មែរ ៕
No comments:
Post a Comment
yes