លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឡើងលើយន្តហោះលាមន្ត្រីរាជការដែលទៅជូនដំណើរ
ស្តាច់ក្រាញ់ចេញទៅក្រៅទៀតហើយ
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអញ្ជើញទៅប្រទេសអ៊ឺរ៉ង់ ដើម្បី ចូលរួមកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់៣១ខែសីហា ឆ្នាំ២០១២នៅទីក្រុងតេអេរ៉ង់ សាធារណរដ្ឋអ៊ីស្លាមអ៊ឺរ៉ង់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាបានឲ្យដឹងថា ក្រៅពីកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតី នៃសាធារណៈរដ្ឋអ៊ីស្លាមអ៊ឺរ៉ង់ លោកម៉ាមូដ អាម៉ាឌី ណេចាដ (Mahmoud Ahmadinejad) ហើយនិងជួបជាមួយលោក គឹម យ៉ុងណាមប្រធានសភាប្រជាជាន់ខ្ពស់ នៃសាធារដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
បន្ទាប់ពីការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមពិពណ៍ចិន-អាស៊ីអ៊ឺរ៉ុបលើកទី២ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី០១ ដល់ទី០៥ ខែកញ្ញាឆ្នាំ២០១២នៅទីក្រុងអ៊ូរុំឈី តំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ សាធារណរដ្ឋប្រជាមានិតចិន។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក វេន ជាបាវ (Wen Jianbao) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនោះដែរប្រមុខការទូតកម្ពុជាលោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងដឹកនាំគណៈប្រតិភូទៅចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ដល់ទី០៤ ខែកញ្ញាឆ្នាំ២០១២នៅទីក្រុងញូឌែលី សាធារណរដ្ឋឥណ្ឌាផងដែរ។
No comments:
Post a Comment
yes