តាកែវ ៖ ភាពអនាធិបតេយ្យនៃបទល្មើសនេសាទក្នុងរដូវហាមឃាត់នៅត្រង់ចំណុចអតីតឡូត៍លេខ១៧-១៨-១៦-១៣-១៥ស្ថិតនៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ អាចកើតឡើងទៅបានដោយសារតែមានការឃុបឃិតពីមន្ត្រីជលផលចតុមុខ និងនាយសង្កាត់ជលផលស្រុកអង្គរបូរី ដែលបានបើកដៃឲ្យមន្ត្រីប៉ូលិសម្នាក់ឈ្មោះ ផារិន ធ្វើសកម្មភាព នាំជនជាតិវៀតណាមរាប់រយនាក់មកធ្វើនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទយ៉ាងអនាធិបតេយ្យដោយគ្មានខ្លាចញញើតចំពោះសមត្ថកិច្ចណាឡើយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្ននេះនៅរដូវទឹកឡើងហើយក៏ជារដូវបិទនេសាទនេះ គេសង្កេតឃើញមានការកើនឡើងនៃបទល្មើសនេសាទខុសច្បាប់ ដោយមានការឃុបឃិតពីមន្ត្រីមានសមត្ថកិច្ច ជាពិសេស មន្ត្រីជំនាញជលផលគ្រប់លំដាប់ថ្នាក់រួមទាំងមន្ត្រីប៉ូលិសផងដែរ។ ថ្មីៗនេះ លោក លេង ផារិន មន្ត្រីប៉ូលិសជាមនុស្សជំនិតរបស់លោក មូល ហួន អធិការស្រុកអង្គរបូរី ខេត្តតាកែវ ហើយក៏ជាអ្នកដើរប្រមូលសេដ្ឋកិច្ចជូនលោកអធិការខាងលើនេះបានឃុបឃិតជាមួយលោក ម៉ែន វិបុល និងលោក អន ចេតនា មន្ត្រីជំនាញជលផលចតុមុខ ក្នុងការ នាំជនជាតិវៀតណាមចូលមកធ្វើសកម្មភាពនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យដូចជា ដាក់លបបង្កង លបត្រីរ៉ស់ និងសៃយ៉ឺន រាប់រយម៉ែត្រស្ថិតក្នុងអតីតដែនឡូត៍នេសាទលេខ១៧-១៨-១៦-១៣-១៥ នៅក្នុងរដូវបិទនេសាទដោយគ្មានខ្លាចញញើតចំពោះសមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋាននោះទេ។
ប្រភពបានអះអាងបន្តទៀតថា ការធ្វើសកម្មភាពបែបនេះអាចរលូនល្អទៅបានក៏ព្រោះតែលោក ម៉ែន វិបុល និងលោក អន ចេតនា រួមទាំងលោកនាយសង្កាត់ជល ផលស្រុកអង្គរបូរី ខេត្តតាកែវ ជាអ្នកចូលដៃចូលជើងជាមួយលោក លេង ផារិន ដែលបានដើរអួតអាងប្រាប់គេឯងថា ជាកូនចៅជំនិតរបស់លោក មូល ហួន និងជាអ្នកដើរប្រមូលលុយពីបទល្មើសនេសាទទាំងអស់ដើម្បីយកទៅឲ្យមន្ត្រីជំនាញជលផល និងលោកអធិការសម្រាប់ចាយវាយ។ ទង្វើរបស់មន្ត្រីជលផលខិលខូចដែលបានឃុបឃិតឲ្យមានអំពើពុករលួយបែបនេះ ហើយមិនយកចិត្តទុកដាក់ បង្ក្រាបរាល់បទល្មើសនេសាទខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ទាមទារឲ្យថ្នាក់លើពិនិត្យមើលឡើងវិញជាបន្ទាន់ ៕
No comments:
Post a Comment
yes