ភ្ញៀវទេសចរដែលទៅកម្សាន្តប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារ
នឹងកាន់តែទាក់ទាញពេលច្រកថ្មីបើក។ ជីវ័ន
ព្រះវិហារៈ រាជរដ្ឋាភិបាលកម្ពុជានិងថៃ គ្រោងនឹងបើកច្រកអន្តរជាតិថ្មីមួយទៀត ដោយភ្ជាប់ខេត្តព្រះវិហារជាមួយខេត្តអ៊ូប៊ុនប្រទេសថៃ។ នេះបើតាមការអះអាងរបស់លោកអភិបាលខេត្ត។
លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បាននិយាយថា អាជ្ញាធរខេត្តជាប់គ្នានៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាដើម្បីពិនិត្យមើលពីលទ្ធភាពបើកច្រកអន្តរជាតិមួយដោយប្រែក្លាយពីច្រកព្រំដែនធម្មតាទៅជាច្រកព្រំដែនអន្តរជាតិ។
លោកបន្តថា៖ «សព្វថ្ងៃនេះច្រកនេះជាច្រកព្រំដែនថៃ តែយើងចង់បើកវាជាច្រកអន្តរជាតិម្តង»។ លោក បានលើកឡើងថា ច្រកនេះឈ្មោះថាច្រក «អានសេះ» ដែលមានអាជ្ញាធរនៃប្រទេសទំាងពីរបើកឲ្យដំណើរការពីរថ្ងៃក្នុង មួយសប្តាហ៍ដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរផ្លាស់ប្តូរ ទំនិញគ្នា។
ទោះបើជាអាជ្ញាធរនៃប្រទេសទំាងពីរធ្លាប់ជួបពិភាក្សាគ្នាទាក់ទង ដល់ការបើកច្រកព្រំដែនអន្តរជាតិ «អានសេះ» នេះក្តី ក៏ពេលវេលាជាក់លាក់នៃការបើកដំណើរការជាផ្លូវការមិនទាន់បាន បញ្ជាក់នៅឡើយទេ។
លោក អ៊ុំ ម៉ារ៉ា បាននិយាយថា៖ «ឥឡូវយើងដំឡើងពីច្រកព្រំដែនទៅជាច្រកអន្តរជាតិ។ យើងកំពុងរៀបចំចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ច្រកនោះ តែវាមិនទាន់ដល់ពេលវេលាត្រូវបើកនៅឡើយទេ»។
ច្រកអន្តរជាតិនឹងធ្វើឲ្យទីនោះកាន់តែមានសក្តានុពល ដូចជា ប្រជាពលរដ្ឋអាចផ្លាស់ប្តូរទំនិញកាន់តែធំ ការដឹកទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរក៏កាន់តែ មានបរិមាណច្រើនជាងមុន ។ បញ្ហាសំខាន់គឺនឹងជំរុញដល់កំណើនវិស័យទេសចរណ៍កាន់តែល្អនៅតំបន់ នោះ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បាននិយាយថា ចម្ងាយផ្លូវធ្វើដំណើរពីច្រកអានសេះមកកាន់ប្រាសាទព្រះវិហារ អាចមានជាង៦០គីឡូម៉ែត្រ ហើយច្រកនេះស្ថិតនៅខាងកើតប្រាសាទព្រះវិហារ ខាងលិចមុំបីដែលជាតំបន់ព្រំប្រទល់ប្រទេសទំាងបី គឺកម្ពុជា ឡាវ និង ថៃ។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជន បាននិយាយថា ដំណឹងបើកច្រកនោះជាដំណឹងដ៏គួរឲ្យរីករាយមួយ ព្រោះថា ការងារក្រុមការងារមកពីឧស្សាហកម្មទេសចរណ៍ធ្លាប់បានស្នើឡើងកាល ពីឆ្នាំ២០០៨។
ការបើកច្រកអន្តរជាតិថ្មីនៅតំបន់ជិតប្រាសាទព្រះវិហារនេះ វានឹងធ្វើឲ្យទីតាំងនោះកាន់តែមានសក្តានុពលខ្លាំងបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកាន់ទីនោះ ព្រោះទីនោះមានសក្តានុពលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ។ លោកបន្តថា៖«ប្រសិនមានទំនាក់ទំនងល្អ ភ្ញៀវទេសចរបរទេសនឹងកើនឡើងនៅតំបន់នោះ ហើយខ្មែរក៏អាចចូលទៅថៃស្រួលដែរ»៕
No comments:
Post a Comment
yes