ខេត្ដកំពត ៖ ប្រជាពលរដ្ឋប្រមាណ ១០០នាក់ មកពីភូមិត្រញំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ទៅស្រែកនៅមុខតុលាការ ថាអយុត្ដិធម៌ណាស់ រឿងដែល ចាប់មនុស្ស ៣នាក់ ដាក់ពន្ធនាគារ ដោយគ្មានកំហុសសោះ គ្រាន់តែរឿងការពារដីភូមិឋានរបស់ខ្លួន ត្រូវគេរំលោភ បែរជាភាគីរំលោភថាដីរបស់គេ ហើយត្រូវចោទ ប្រកាន់តាមផ្លូវតុលាការ ថាប្រើហិង្សាក្នុងការទន្ទ្រានកាន់កាប់ លើអចលនវត្ថុ របស់អ្នកដទៃទៅវិញ ដែលនាំឱ្យមានការ ភ្ញាក់ផ្អើលទាំងព្រឹក នៅមុខសាលាដំបូង ខេត្ដកំពត ដែលត្រូវយាមកាមយ៉ាងតឹងរ៉ឹង ពីសំណាក់សមត្ថកិច្ច។
ចំណែកប្រជាពលរដ្ឋដែលមក ស្រែកតវ៉ា ដើម្បីជួយដល់ក្រុមគ្រួសារ មានមនុស្ស ៣នាក់ កំពុង ជាប់នៅពន្ធនាគារនេះ មានការមិនសប្បាយចិត្ដចំពោះអំពើ និងកាយវិការ របស់តុលាការទេ ហើយក៏មានអ្នកដេកននៀលលើផ្លូវ ហើយយាយចំណាស់ម្នាក់បាន ដួលសន្លប់ទៀតផង ស្ទះនៅលើដងផ្លូវមុខតុលាការ ហើយត្រូវកម្លាំង កងរាជអាវុធហត្ថ (អ.ហ) បិទចរាចរ ឱ្យអ្នកធ្វើដំណើរផ្អាកធ្វើចរាចរនៅលើដងផ្លូវនេះសិន។
គួរបញ្ជាក់ដែរថា ដីទំនាស់ដែលនាំឱ្យសាលាដំបូងខេត្ដកំពត ឈានទៅឃាត់ខ្លួនមនុស្ស ៣នាក់ ដាក់ពន្ធនាគារ តៅំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១១ គឺជាដីទំនាស់ដ៏រ៉ាំរៃមួយ មានជាយូរអង្វែងណាស់មកហើយ រវាង យាយ ហ៊ូ គីម និងប្រជាពលរដ្ឋ ៤គ្រួសារ ដែលដីទំនាស់នេះក្នុង អំឡុងឆ្នាំ១៩៩៥ ទៅឆ្នាំ១៩៩៦ គឺប្រមូលទិញដី នៅកន្លែងម្ដុំដីទំនាស់ខាងលើចំនួន ២៩ហិកតាជាង ពីប្រជាពលរដ្ឋមកពីភូមិកំពង់រោងខាង ជើង និងភូមិត្រញំងកញ្ឆែត ឃុំកំពង់រោង ស្រុកទឹកឈូ ខេត្ដកំពត។ ក្រោយពីទិញហើយ បានប្រែក្លាយដីទាំងជាង ២៩ហិកតា ឱ្យទៅជាដី កម្មសិទ្ធិស្របច្បាប់ តាមរយៈប័ណ្ណកម្មសិទ្ធិ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៨ ដោយបែងចែកទៅឱ្យកូនៗ ធ្វើជាកម្មសិទ្ធិ។
ក្នុងការទិញដីនេះ ដែរ គឺប្រជាជនមកពីភូមិខាងលើ បានលក់ឱ្យពិតប្រាកដមែន ម្យ៉ាងដីដែលលក់ឱ្យយាយ ហ៊ូ គីម នេះ គឺប្រជាពលរដ្ឋកាលនោះ បានដីទាំងនេះ របស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៨១មកម្ល៉េះ ដោយកាប់ឆ្ការព្រៃ ធ្វើជាចំការ និងភូមិឋាន។ ដោយឡែកមាន ៤គ្រួសារ ដែលមានដីក្នុង យាយ ហ៊ូ គីម ទិញនោះដែរ គឺពួកគាត់ពុំបានលក់ឱ្យ យាយ ហ៊ូ គីម នោះទេ ក្នុង ៤គ្រួសារ មួយគ្រួសារជាង ១ហិកតា ដែលមានអ្នកគួកជេដីជាច្រើន នាក់ បានទៅសុំទិញ និងបញ្ចុះបញ្ចូល ពួកគាត់ឱ្យលក់ទៅឱ្យ យាយ ហ៊ូ គីម ប៉ុន្ដែត្រូវបានពួកគាត់បដិសេធ មិនព្រមលក់ឱ្យជាដាច់ខាត។ នេះ បើតាមប្រភពពីក្រុមគ្រួសារ អ្នកជាប់ពន្ធនាគារ និងប្រជាពលរដ្ឋ ដែលមកស្រែករកយុត្ដិធម៌ នៅព្រឹកមិញនេះ។
គួរបញ្ជាក់ទៀតថា ក្នុងអំឡុងឆ្នាំ២០០៨ ក្រុមគ្រួសារកូនៗយាយ ហ៊ូ គីម ក្រោយពីមានប័ណ្ណកម្មសិទ្ធិហើយ ក៏ទៅបម្រុងអភិវឌ្ឍន៍នៅលើដី នោះ ដល់ចំដី ៤គ្រួសារ ដែលពុំទាន់បានលក់ឱ្យនោះ ក៏មានទំនាស់គ្នារវាងដីធ្លី ប៉ុន្ដែមិនមានហិង្សាអ្វីកើតឡើងនោះទេ គ្រាន់តែក្នុងលក្ខណៈ អ្នកទៅយកដី និងខាងប្រជាពលរដ្ឋ ៤គ្រួសារ ដែលកំពុងរង់នៅលើដីរបស់ខ្លួនជាក់ស្ដែងតែប៉ុណ្ណោះ។ ទាំងអស់នេះហើយ ធ្វើឱ្យអ្នកមានប្លង់ ដីកម្មសិទ្ធិ ដែលជាកូនៗរបស់យាយ ហ៊ូ គីម កើតទុក្ខមិនសុខចិត្ដ ប្ដឹងផ្ដល់គ្នារហូតដល់តុលាការកំពូល សម្រេចស្ថាពរឱ្យខាងភាគី យាយ ហ៊ូ គីម ឈ្នះក្ដី បានដីទាំងអស់នោះ ទោះបីអ្នកលក់ឱ្យ ឬមិនលក់ឱ្យក្ដី គឺជាដីរបស់គាត់ ទាំងអស់។ ឈានទៅប្ដឹងដល់ ៤គ្រួសារ ខាងលើ ធ្វើឱ្យ មនុស្ស ៣នាក់ ជាប់គុក។ រហូតមកដល់ថ្ងៃនេះ ប្រកាសសាលក្រមឱ្យមនុស្ស ៣នាក់ ជាប់ពិរុទ្ធ ប៉ុន្ដែមិនដឹង ប៉ុន្មានឆ្នាំនោះទេ។ ដោយពួកគាត់វាយតម្លៃថា មិនយុត្ដិធម៌ ទើបបបួលគ្នាមកតុលាការ ដើម្បីទាមទាររកយុត្ដិធម៌។
មនុស្ស ៣នាក់ ដែលសាលាដំបូងខេត្ដ ប្រកាសសាលក្រម នៅវេលាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ នេះ ចាត់ទុកជាអ្នកទោសរឿងដីធ្លី ទី១ មានឈ្មោះ ឈឹម បឿង ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរកសិករ។ ទី២ ឈ្មោះ ព្រាប អ៊ុង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ និងទី៣ ឈ្មោះ តែត ឃឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ។ អ្នកទាំងបី រស់នៅភូមិត្រញំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្ដ កំពត។ ជាប់ពន្ធនាគារចាប់ពីតុលាការខេត្ដ កោះហៅមកសាកសួរពី លើកដំបូង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១។
ទាក់ទិនករណីខាងលើនេះ លោក គាំ ឈាន ប្រធានតុលាការខេត្ដកំពត បានបញ្ជាក់ប្រាប់ដើមអម្ពិល នៅវេលាព្រឹកមិញថា ករណីប្រកាស សាលក្រម កំណត់ទោស មនុស្សទាំងបីខាងលើនេះ គឺលោកប្រគល់ភារកិច្ចទៅឱ្យចៅក្រមហើយ។ លោកបញ្ជាក់ទៀតថា ឱ្យសួរទៅលោកព្រះ រាជអាជ្ញាអមសាលាដំបូងខេត្ដ ទៅដឹងរឿងហ្នឹងហើយ។
លោក ជុំ សំបាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដកំពត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅវេលាម៉ោង ២០និង៥៧នាទី ព្រឹកថ្ងៃ ទី២៣ ខែសីហា តាមរយៈ ទូរស័ព្ទថា លោកពុំទាន់បានដឹងទេ ព្រោះគេពុំទាន់បានរាយការណ៍មករូបលោក ។ ហើយឱ្យសួរទៅលោក រស់ ពិសិដ្ឋ ជា ចៅក្រម ទទួលរឿងក្ដីខាងលើនេះ។ ដោយ ឡែកលោក រស់ ពិសិដ្ឋ ជាចៅក្រមទទួលរឿងក្ដីខាងលើនេះ ដើមអម្ពិលមិនអាចធ្វើការទំនាក់ទំនង បានទេ៕
No comments:
Post a Comment
yes