បេក្ខជនប្រលងជ្រើសរើសក្របខ័ណ្ឌធ្វើការនៅក្រសួងធម្មការ បានប្រតិកម្មចំពោះក្រសួងធម្មការ និងសាសនាថា ពួកគាត់បានប្រលងជាប់កាលពីឆ្នាំ២០១១ បែរជានៅឆ្នាំ២០១២ នេះ គេឲ្យមកប្រលងម្ដងទៀត ដោយសារពាក់ព័ន្ធនឹងបញ្ហាគ្មានប្រាក់សំណូក។
ព្រះសង្ឃមួយអង្គសុំមិនបញ្ចេញព្រះនាម មានថេរដីកានៅថ្ងៃទី២៣ ខែសីហា ថា ព្រះតេជគុណ និងនិស្សិតមួយចំនួនទៀត បានប្រលងជាប់ជាគ្រូមធ្យមបង្រៀនផ្នែកសាសនា កាលពីឆ្នាំ២០១១ រហូតដល់ក្រសួងចេញសេចក្ដីប្រកាសថា ព្រះតេជគុណ និងបេក្ខជនមួយចំនួនទៀត ប្រលងជាប់ជាស្ថាពរដើម្បីបំរើការងារជាគ្រូមធ្យមសិក្សាបង្រៀនផ្នែកសាសនា។
ផ្ទុយទៅវិញ ព្រះតេជគុណមានថេរដីកាថា នៅដើមខែសីហា នេះ នៅមុនពេលគេរៀបចំប្រលងជ្រើសរើសគ្រូនៅឆ្នាំ២០១២ ស្រាប់តែមន្ត្រីក្រសួងធម្មការបានទូរស័ព្ទឲ្យព្រះតេជគុណមកប្រលងម្ដងទៀត កាលពីថ្ងៃទី៩ សីហា ទៅវិញ។ ព្រះតេជគុណបញ្ជាក់ថា ព្រះតេជគុណក៏ទៅប្រលងម្ដងទៀតតាមការកោះហៅ តែការប្រកាសលទ្ធផលកាលពីសប្ដាហ៍មុនបែរជាព្រះតេជគុណធ្លាក់ទៅវិញ។
ដោយឡែក កាលពីថ្ងៃទី១៨ សីហា កន្លងទៅ ក្រសួងធម្មការក៏បានរៀបចំបេក្ខជន បេក្ខនារី ប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឲ្យចូលបំរើការងារនៅក្រសួងធម្មការ និងសាសនា ហើយក៏មានករណីដូចគ្នានេះដែរ។
ប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កាលពីឆ្នាំ២០១១ កន្លងទៅ និស្សិតបានប្រលងជាប់ចំនួន ១៦នាក់ ប៉ុន្តែអ្នកដែលបានចូលធ្វើការពិតប្រាកដនោះមានតែ ១១នាក់ទេ ពីព្រោះថា ភាគច្រើននៃអ្នកប្រលងជាប់ទាំងនោះបានសូកលុយឲ្យមន្ត្រីក្រសួងធម្មការអ្នកកាន់កិច្ចការប្រលង។ ចំពោះបេក្ខជនចំនួន ៥នាក់ទៀត ដែលប្រលងជាប់ក្នុងចំណោម ១៦នាក់នោះ ពួកគេត្រូវបានគណៈកម្មការរៀបចំប្រលង តម្រូវឲ្យមកប្រលងម្ដងទៀត។
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានគណៈកម្មការកណ្ដាលនៃគណៈកម្មការប្រលង លោក ផ្លោក ផន និងលោក សេង សុមុន្នី អនុរដ្ឋលេខាធិការ និងជាប្រធានអនុរក្សប្រលងនៃក្រសួងធម្មការ បដិសេធមិនអធិប្បាយអំពីបញ្ហានេះទេ នៅពេលឮអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី សួរសំណួរទាក់ទងបញ្ហានេះ នៅថ្ងៃទី២៣ សីហា។
លិខិតដែលវិទ្យុអាស៊ីសេរី ទទួលបានពីក្រសួងធម្មការ និងសាសនា ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងធម្មការ លោក មិន ឃិន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ បានប្រកាសស្ដីពីការទទួលយកបេក្ខជន បេក្ខនារីប្រលងជាប់ជាស្ថាពរឲ្យចូលបំរើការងារក្នុងក្រសួងធម្មការ និងសាសនាមានចំនួន ១៦នាក់។
នៅចំណុចប្រការ២ នៅក្នុងសេចក្ដីប្រកាសដដែលបានសរសេរថា ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់បេក្ខជនប្រលងជាប់នោះ ត្រូវឆ្លងកាត់កម្មសិក្សារយៈពេល ១២ខែ គិតពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១ តទៅ។ ប៉ុន្តែបញ្ជីរាយនាមបេក្ខជន បេក្ខនារី ប្រលងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងធម្មការ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១២ មាន ៧៣នាក់ ក្នុងនោះក្រសួងតម្រូវឲ្យអ្នកប្រលងជាប់ចំនួន ៥នាក់ កាលពីឆ្នាំ២០១១ ទៅចូលប្រលងម្ដងទៀតទៅវិញ។ ការប្រលងកាលពីថ្ងៃទី១៨ សីហា ក្រសួងមិនទាន់ប្រកាសលទ្ធផលនៅឡើយ៕
No comments:
Post a Comment
yes