ភ្នំពេញ: អគ្គលេខាធិការគណបក្សសម រង្ស៊ី បានធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំចូលជួបសួរសុខទុក្ខលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២។ ចៅក្រមតុលាការបានសម្រេចយល់ព្រមតាមសំណើ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារ របស់ក្រសួងមហាផ្ទៃ បានច្រានចោលការស្នើសុំនោះ ម្តងរួចមកហើយ។
ប្រភពពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ថា ដោយយោងតាមមាត្រា៥៥ និង មាត្រា៥៦ នៃច្បាប់ស្តីពីពន្ធនាគារ សាលាដំបូងរាជធានីភ្នំពេញ មិនហាមឃាត់ ចំពោះការចូលជួបសួរសុខទុក្ខលោក ម៉ម សូណង់ដូ ទេ តែត្រូវគោរពតាមច្បាប់ ស្តីពី ពន្ធនាគារ និងបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារព្រៃស។
យ៉ាងណាក៏ដោយ រហូតមកទល់រសៀលថ្ងៃទី១០សីហា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់ចេញលិខិតឆ្លើយតបជាផ្លូវការនោះទេ។
ក្នុងលិខិតដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ កន្លងទៅ លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការដ្ឋានគណបក្សសម រង្ស៊ី បានបញ្ជាក់ថា លោកម៉ម សូណង់ដូ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ដោយអនុវត្តតាមដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធករណីជម្លោះដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយបច្ចុប្បន្នកំពុងតែជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ ដូច្នេះលោកស្រីស្នើសុំលោកប្រធានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យប្រតិភូក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសម រង្ស៊ី ចំនួន ៧រូប មានដូចជា លោកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលកំពត, លោកជាម ចន្នី តំណាងរាស្ត្រមណ្ឌលកំពង់ចាម, លោកកែត ឃី តំណាងរាស្ត្រមណ្ឌលកំពង់ធំ, លោក សុវណ្ណ ពិសាខា តំណាងរាស្ត្រមណ្ឌលកំពង់ចាម, លោក ដាំ សិទិ្ធ តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកឡុង រី តំណាងរាស្ត្រមណ្ឌលក្រចេះ និងលោកគង់ បូរ៉ា តំណាងរាស្ត្រមណ្ឌលព្រៃវែង៕
No comments:
Post a Comment
yes