កំពង់ធំ ៖ រថយន្តរបស់លោក ស្រ៊ូ ដែលត្រូវបានគេដឹងថា ជាឈ្មួញល្បីល្បាញជាងគេនៅក្នុងទឹកដីខេត្តសៀមរាប ឧត្តរមានជ័យ ខេត្តកំពង់ធំ ដែលជាអ្នកកំពូលខាងរកស៊ីដឹកឈើគ្រញូងត្រូវបានសមត្ថកិច្ចជំនាញរាយអន្ទាក់ចាប់ទាល់តែបាន។
លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឲ្យដឹងថា មុនឈានដល់ការឃាត់រថយន្តដឹកឈើគ្រញូងមួយគ្រឿងនេះ ដោយសារលោកបានទទួលបទបញ្ជាពីថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដឹកនាំកំលាំងសហការជាមួយផ្នែក ស្ទាក់ចាប់រថយន្ត ប្រភេទ យ៊ីឌុប ពាក់ស្លាកលេខ កំពង់ចាម 3A-2674 ស្ទាក់ចាប់បាននៅចំណុច ភូមិ ជ្រាប់ ឃុំ ប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ការបង្រ្កាបនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១០ ខែ សីហា ឆ្នាំ ២០១២ ក្រោយមកក៏ត្រូវបានត្រួតពិនិត្យមើលដោយពុំមានឯកសារណាមួយជាផ្លូវការ។ លោកបានបន្តថា ការដឹកឈើគ្រញូង នោះដោយសំអាងទៅលើឯកសារសុំច្បាប់ស្ពឹនភ្នែកសុំដឹកឈើគ្រញូងចំនួន១៩ម៉ែត្រគូប ប៉ុន្តែនៅលើរថយន្តឈើមិនតិចជាង៣៥ម៉ែត្រគូប។ តៃកុងរថយន្តក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ រួចបានលួចដាក់មេប្រូចបាត់ស្រមោលតែម្ដង។
លោក សុទ្ធ ម៉ារី នាយផ្នែកបានបញ្ជាក់ថា ចំពោះការវាស់វែងឬចាត់ការចំពោះឈើគ្រញូងរបស់លោកស្រ៊ូ យ៉ាងណានោះ លោកពុំទាន់ហ៊ានធ្វើអ្វីទាំងអស់ ដោយរង់ចាំលោក ឆេង គឹមស្រ៊ុន ប្រតិភូរាជរដ្ឋាភិបាលជាអ្នកមកពិនិត្យ។
ប្រភពពីអ្នកបានឃើញហេតុការណ៍បាននិយាយថា មន្រ្តីតូចតាចបានត្រឹមតែឈរមើលលេបទឹកមាត់ប៉ុណ្ណោះ ដោយសារតែឈើទាំងនេះគឺជារបស់មេឈ្មួញដ៏ល្បី ទាល់តែប្រធានរដ្ឋបាលព្រៃឈើថ្នាក់លើចុះមក ទើបអាចដោះស្រាយបាន។ ត្រឹមមេព្រៃរបស់ខេត្តគ្រាន់តែបើកតង់មើលក៏មិនហ៊ានផង។
ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ឈ្មួញឈើបានដឹកឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យ ឆ្លងកាត់តាមស្រុកស្វាយលើ ចូលមកខេត្តកំពង់ធំ ឆ្ពោះទៅខេត្តព្រះវិហារ តែការដឹកនោះគឺពេញ ឡានចេញប៉េសេបង្រ្គប់កិច្ចសំរាប់បង្អើលសមត្ថកិច្ចតែប៉ុណ្ណោះ ប៉ុន្តែពេលខ្លះលួចដឹកបង្កប់នៅក្នុងបាតរថយន្តធុនយក្សជាមួយនឹងឈើលេខពីរ តែសកម្មភាពទាំងនេះ លោកស្រ៊ូ និងសមត្ថកិច្ចប្រហែលជាសហការគ្នាបានល្អ។ ប្រភពបន្តទៀតថា គ្មានមេព្រៃថ្លើមធំណាម្នាក់ហ៊ានកាក់រថយន្ត របស់លោកស្រ៊ូនោះទេ តែការកាក់នេះគឺជាការច្រឡំ ហើយក៏បែកការណ៍ដល់អ្នកសារព័ត៌មាន ទើបព្រលែងក៏មិនហ៊ាន ទើបរំខានដល់លោក ឆេង គឹមស៊ុន ចុះមកដោះស្រាយ៕
No comments:
Post a Comment
yes