ឧត្តរមានជ័យ៖ ប្រជាកសិករ ២០ គ្រួសារ រស់នៅភូមិថ្នល់កែង ឃុំស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ រងការរំលោភយកដី និងធ្វើការឆូសឆាយលើដីស្រែ និងដីចំការ របស់ពួកគាត់ ដោយក្រុមហ៊ុន តៃ និញ សៀមរាប បានទទួលដីពីរដ្ឋ វិនិយោគដំណាំកសិឧស្សាហ៍កម្មមួយកន្លែងស្ថិតលើដីជាប់ភូមិសាស្ត្រខាងលើ។ ប្រជាពលរដ្ឋទាំង ២០ គ្រួសារ នេះ បានអះអាងថា ជាដីពួកគាត់ធ្លាប់អាស្រ័យផលយូរឆ្នាំមកហើយ។
លោក ឡាយ គឹមសៀត ភេទប្រុស អាយុ ៥០ ឆ្នាំ តំណាងអោយពលរដ្ឋ ២០ គ្រួសារ រស់នៅភូមិ ឃុំ ស្រុក ខេត្ត ខាងលើ និយាយប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី១០ ថា ដីពួកគាត់ចំនួន ២០ គ្រួសារ បានកាប់គាស់ នឹងកម្លាំងមនុស្ស ហើយគ្រួសារមួយចំនួនបានជួលគ្រឿងចក្រកាយគល់ឈើ ស្ទើរតែអស់ពីលើដីទៅហើយ។
តែនៅរដូវវស្សានេះ ក្រុមហ៊ុន តៃ និញ សៀមរាប ហាមឃាត់មិនអោយធ្វើស្រែ និងចំការលើដីនោះទេ ដោយនិយាយថា ជាដីរបស់ក្រុមហ៊ុន។ គ្រួសារខ្លះចំណាយប្រាក់ទិញពូជសណ្ដែកសៀងអស់ជាច្រើនយកទៅដាំច្រើនហិកតា តែពេលនេះ ក្រុមហ៊ុន តៃ និញ ឈូសពង្រាបដីបំផ្លាញដំណាំពួកគាត់អស់បន្ថែមទៀត។
តំណាងប្រជាពលរដ្ឋបន្តទៀតថា កាលពីថ្ងៃទី៣១ ខែកក្កដា ក្រុមការងារយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ក្រុម ១២៤ និងក្រុមជំនាញវាស់វែងដីនៅមូលដ្ឋាន បានចុះវាស់ដីជូនពួកគាត់ដែរ តែក្រុមហ៊ុន តៃ និញ មករារាំងមិនអោយក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ វាស់លើដីនោះទេ។
ហើយក្នុងថ្ងៃនោះ ក្រុមការងារវាស់ដី ក៏បានរាយការណ៍ទៅក្រុមការងារដីរដ្ឋដល់ លោក វណ្ណ កុសល អភិបាលស្រុកត្រពាំងប្រាសាទដែរ។ លោក ឆាត វឌ្ឍនៈ ប្រធានក្រុមការងារយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ក្រុម១២៤ បានវាយតម្លៃពីស្ថានភាពដីនោះថា ជាប្រភេទដីមានផ្លូវពទ្ធ័ជុំវិញស្ថិតលើដី ២០ គ្រួសារ បានគាស់គល់ឈូសឆាយស្អាត និងស្រឡះ តាំងពីឆ្នាំ២០០៨ ដែលក្រុមហ៊ុនហាមឃាត់ ទើបម្ចាស់មិនបានដាំដុះ តែត្រៀមនឹងដាំដុះ ស្រាប់តែក្រុមហ៊ុនបានការអនុញ្ញាតពីរដ្ឋ ចុះថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០១១ ក្រុមហ៊ុនបានហាមឃាត់មិនអោយប្រជាពលរដ្ឋធ្វើការដាំដុះលើដីនោះ ទើបមកដល់បច្ចុប្បន្នមានស្មៅដុះឡើង។
លោក វណ្ណ កុសល អភិបាលស្រុកត្រពាំងប្រាសាទ បានអោយដឹងថា ទីតាំងដីពលរដ្ឋ ២០ គ្រួសារ មានទំហំ ៩៩,៧៦ ហិកតា ពិតជាមានការពាក់ព័ន្ធជាមួយនិងក្រុមហ៊ុន តៃ និញ មែន។ លោកក៏បញ្ជាអោយតំណាងអាជ្ញាធរស្រុក ភូមិ ឃុំ ចុះទៅទីតាំងពិត បន្ទាប់ពីបានទទួលបានដំណឹងពីក្រុមការងារយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ក្រុម១២៤ រាយការណ៍មក ហើយអាជ្ញាធរស្រុកសុំអោយក្រុមហ៊ុនផ្អាកដំណើរការមួយរយៈសិន ដើម្បីធ្វើការដោះស្រាយ តែក្រុមហ៊ុនមិនព្រម នៅតែបន្តធ្វើការឈូសឆាយដដែល។
ហើយនៅថ្ងៃទី០៧ ខែសីហា ក្រុមហ៊ុន តៃ និញ បានអោយកម្មករមកជីកអណ្ដូងទឹកនៅលើដីពលរដ្ឋមួយចំនួនដែលដាំដុះរួច និងមួយចំនួនទៀតត្រៀមដាំដុះ ក្រុមហ៊ុនបានដាក់គ្រឿងចក្រចុះឈូសឆាយលើទីតាំងដីនោះ បន្ថែមទៀត។
អាជ្ញាធរស្រុកក៏បានចុះទៅហាមឃាត់ម្ដងទៀត ក្រុមហ៊ុននៅតែមិនព្រមស្ដាប់ដដែល រហូតដល់ថ្ងៃទី០៩ ខែសីហា។ លោក វណ្ណ កុសល បានបញ្ជាក់ដឹងថា ទីតាំងដីនោះ ពិតជាមានផ្លូវព័ទ្ធជុំវិញ និងជាប្រភេទដីស្រែ និងចំការស្រឡះស្អាត (គ្មានដើមឈើ) ហើយពលរដ្ឋបានធ្វើការសំអាតដីនោះ ចាប់ពីឆ្នាំ២០០៨ មកម្ល៉េះ៕
No comments:
Post a Comment
yes