សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 25, 2012

ផ្អើល​នាំ​គ្នា​ជីក​កកាយ​រក​មាស​នៅ​អង្គរ​បុរី​

ប្រជា​ពល​រដ្ឋ​​ជាច្រើន​ផ្អើល​នាំ​គ្នា​មក​ជីក​រក​កំណប់

ខេត្ត​តាកែវ ៖ មនុស្ស​​ម្នា​ក្មេង​ចាស់​ ប្រុស​ស្រី រាប់​រយ​នាក់​​បាន​នាំ​គ្នា​​ពពាក់​ពពូន​ទៅ​​ជីក​​កកាយ​រក​មាស​មាន​រយៈ​ពេល​៣-៤​ថ្ងៃ​មក​ហើយ​​នៅ​លើ​​បរិវេណ​​ក្បែរ​ផ្សារ​​អង្គរ​​បុរី ស្ថិត​ក្នុង​ភូមិ​​កំពង់​​លួង ឃុំ​ព្រែក​​ផ្ទោល ស្រុក​អង្គរបុរី ។ ការ​ភ្ញាក់​​ផ្អើល​​នាំ​គ្នា​ទៅ​កាយ​​រក​មាស​នេះ គឺ​បន្ទាប់​ពី​​មាន​ឮតៗ​គ្នា​ពី​ការ​រើស​បាន​​ដុំ​​មាស​តូចៗ​​ ខណៈ​​រថយន្តបែន​​​ដឹកយក​ដី​​មក​ចាក់​​ធ្វើ​ផ្លូវ​​១​ខ្សែ​​ឆ្ពោះ​ទៅ​ប្រាសាទ​ភ្នំ​ដា និង​​មួយ​​ផ្នែក​ទៀត​ការ​ចាក់​ដី​បំពេញ​ការ​សាង​សង់​នៅ​ភូមិ​កំពង់​ពោធិ៍​ដែល​នៅ​ឃ្លាត​ពី​កន្លែង​​ដែល​ផ្អើល​​ជី​ករក​មាស​​ប្រមាណ​​៥០​ម៉ែត្រ ។
តាម​ការ​សា​ក​សួរ​​នានា​បាន​បង្ហាញ​​ឱ្យ​ឃើញ​ថា ការ​ជីក​កកាយ​​របស់​ប្រជា​ពល​រដ្ឋ​​រក​មាស​នោះ​​ខ្លះ​ក៏​បាន​ប្រទះ​ឃើញ​​វត្ថុ​ប្រើ​ប្រាស់​​សម័យ​បុរាណដូចជា​​ក្អម​ក្រឡ​​គួរ​ឱ្យ​កត់​សម្គាល់​​ផងដែរ។

ស្ត្រី​ឈ្មោះ​ជឺ សារ៉ាន់ អាយុ​២៨​ឆ្នាំ និង​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​​ភូមិ​កំពង់​​លួង ឃុំ​ព្រែក​ផ្ទោល​ ស្រុក​អង្គ​រ​បុរី  និង​កំពុង​​តែ​ប្រើ​ដែក​​ជីក​​រក​​មាស​នោះ​​បាន​​ឱ្យ​ដឹង​ថា គាត់​​ និង​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ដែល​​រស់​នៅ​ក្នុង​តំបន់​នេះ​បាន​នាំ​គ្នា​​មក​ជីក​រក​មាស​នៅ​ទី​នេះ​​ តែ​មិន​បាន​​មាស​​​នោះ​ទេ ។ គាត់​បាន​បន្ត​ទៀត​​ថា មូល​ហេតុ​ដែល​មាន​ការ​នាំ​គ្នា​​មក​ជីក​រក​មាស​នេះ​​ដោយ​សារ​នា​ពេល​ថ្មីៗ​​នេះ​មាន​ការ​​ឈូស​ឆាយ​​ដី​សាង​សង់​​ផ្លូវ​ មាន​​គេ​រើស​បាន​ដុំ​មាស​​ខ្លះ​មែន​​​ ។
ប្រជា​ពល​រដ្ឋ​​ម្នាក់​រស់​នៅ​​អង្គរ​​បុរី​នោះ​​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា គាត់​​បាន​ជីកកកាយ​​ដី​នៅ​ទី​នេះ​​តាំង​ពី​ព្រលឹម​រហូត​មក​ដល់​​ម៉ោង​ប្រហែល​​២​រសៀល​​​មិន​ទាន់​បាន​រក​ឃើញ​មាស​នោះ​ទេ គឺ​បាន​តែ​ក្អមក្រឡ​​​ចាស់ៗ​ដែល​ធ្វើ​ឡើង​​អំពី​ដី​ឥដ្ឋ​​ពណ៌​ក្រហម តែ​មិន​ដឹង​​ថា ក្អម​នេះ​​​មាន​​អាយុ​កាល​​តាំង​ពី​ពេល​​ណា​មក​ទេ ។ ប្រជា​ពល​រដ្ឋ​​រូប​នេះ​​បាន​បន្ត​​ទៀត​ថា ក្អម​ដី​​ដែល​ជីក​បាន​នោះ​គាត់​លក់​មួយ​តម្លៃ​១.០០០​ទៅ​១.៥០០​រៀល ។ លោក​យាយ​​ឈ្មោះ​អឺង ហេង ក្នុង​វ័យ​​៧៣​ឆ្នាំ និង​ជា​ប្រជា​ពល​រដ្ឋ​​ដែល​រស់​នៅ​ភូមិ​​អង្គរ​​បុរី ​​​បាន​ឱ្យ​ដឹង​ដែរ​ថា កាល​ពី​គាត់​នៅ​ក្មេង​ក៏​ធ្លាប់​​​​រែង​រក​មាស​ដែរ ហើយ​ទឹក​ដី​ស្រុក​​អង្គ​​រ​បុរី​​នេះ​ជា​ទឹក​ដី​ដែល​សម្បូរ​ទៅ​ដោយ​មាស​តាំង​តែពី​​ដើម​រៀង​មក​​ ។ លោក​យាយ​​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា នៅ​ពេល​ខ្លះ​​​ក្រោយ​ពេល​​ភ្លៀង​ធ្លាក់​​ក៏​អាច​​រក​​មាស​បាន​ដែរ ជាដុំ​មាស​តូចៗ ។
ទោះ​បី​ជា​បែបណា ​លោក​ប៉ែន រដ្ឋា ដែល​ជា​មន្ត្រី​ប៉ូលិស​​កំពុង​តែ​ធ្វើ​ការ​​ការ​ពារ​សន្តិ​សុខ​​បាន​​ឱ្យ​ដឹង​ថា មិន​ទាន់​​មាន​ប្រជា​ពល​រដ្ឋ​​មួយ​ណា​ដែល​​ជី​ក​បាន​​មាស​នោះ​ទេ គឺ​ពួក​​គេ​​ជីក​បាន​តែ​​ក្អម​​ក្រឡ​ដែល​ធ្វើ​​ឡើង​ពី​​ដី​ឥដ្ឋ​តែ​ប៉ុណ្ណោះ ។ ផ្ទុយ​ទៅ​វិញ​​បុរស​យ៉ុង ងែត ក្នុង​វ័យ​៥០​​ឆ្នាំ បាន​រៀប​​រាប់​ដែរ​ថា កាល​ពី​មួយ​​ខែ​កន្លង​​ទៅ​​កូន​គាត់​​រើស​បាន​​មាស​​នៅ​ឯ​សាលា​រៀន​ដែល​កំពុង​​តែ​សាង​សង់​​ ខណៈ​រថយន្ត​​ដឹក​ដី​ពី​តំបន់​ជិត​​នោះ​​មក​ចាក់​បំពេញ​​ដី​ទំនាប​​សាលា​រៀន​ ស្ថិត​នៅ​ភូមិ​​កំពង់​ពោធិ៍​​ ក្បែរ​​​វិទ្យា​ល័យ​សុខ ​អាន​ព្រែក​ផ្ទោល ។
បុរស​រូបនេះបាន​បន្ថែម​ទៀត​​ថា មាស​ដែល​​កូន​គាត់​រើស​បាន​នោះ​មាន​សណ្ឋាន​ជា​​​គ្រឿង​​អលង្កា​រ​ពី​​សម័យ​បុរាណ​ដែលកប់​ទុក​​ជាយូរ​​​មក​ហើយ ។ ស្ត្រី​ឈ្មោះ​ ទ្រី​ ស្រី​ អាយុ​៤៣​ឆ្នាំ ​ជា​ប្រជា​ពលរដ្ឋ​​​ដែល​រស់នៅ​ក្នុង​ភូមិ​​កំពង់​ពោធិ៍​​បាន​ឱ្យដឹងដែរថា ​កូន​របស់​គាត់​​រើស​បាន​​មាស​ទម្ងន់​​៣​ខាំ​​​ ថ្លឹង​ជញ្ជីង​ថ្លឹង​ត្រី ។ មាស​​​មាន​រូប​រាង​​ដូចជា​សត្វ​នាគ​​​ ហើយការ​រើស​​បាន​នោះ​​​​ ខណៈ​​​​កូន​​​គាត់​ហែល​ទឹក​​​លេង​នៅក្បែរ​ទីធ្លា​​សាលា​រៀន​ដែល​កំពុង​តែ​​​សាង​សង់​​ ដែល​គេ​ដឹក​ដី​មក​ចាក់​បំពេញ​​​ ។ ​
លោក ណុប ឌល ​មេឃុំ​អង្គរបុរី​ ​​បាន​​​ឱ្យដឹង​ថា រឿង​ដែល​ប្រជាពលរដ្ឋ​​​ជីក​បាន​មាស​​​នេះ​ពិត​ជា​​​​​បាន​មែន​គឺ​មាន​អ្នក​ខ្លះ​​បាន​២ក្រាម​ ​អ្នក​ខ្លះ​​ទៀត​បាន​​​៣ក្រាម​ជា​គ្រឿង​​អលង្ការ​ពី​បុរាណ ។ លោកមេ​ឃុំ​​ក៏​បាន​បន្ថែម​​​ដែរថា ​កាល​ពី​ប្រហែល​​​​​​​១​ខែមុន​​​រូប​គាត់​​ផ្ទាល់​ក៏​រើស​បាន​​​​​ដែរ​តែ​ជាថ្ម​ដែល​​​មាន​រូប​រាង​​ជា​ជើងទម្រ​​ ។
លោក​ជា សម្បត្តិ​​ ប្រធាន​​ការិ​យា​ល័យ​វប្ប​ធម៌​​​ និង​វិចិត្រ​សិល្បៈ​ស្រុក​​អង្គរ​បុរី​​បាន​​ឱ្យ​ដឹង​ដែរថា ទឹក​ដី​អង្គរ​​បូរី​នេះ​ជា​ទីតាំង​​​ចាស់​​របស់​ប្រាសាទ​សម័យ​ហ្វូណន​​ដែល​មាន​​​ផ្ទៃក្រឡា​៦គីឡូម៉ែត្រ​ការ៉េ ។ បើគិត​ទៅគឺ​​នៅ​ចំ​ទី​តាំង​​ដែល​​​ប្រជាពលរដ្ឋតែង​​តែកាយ​បាន​មាស​នេះ​ឯង​ ។ លោក​បាន​និយាយ​​ដែរ​ថា ​ទីតាំង​​អង្គរ​បុរី​នេះ​​ជា​កន្លែង​​​​ផលិត​ឧបករណ៍​ និង​នាំចេញ​ទៅ​​ប្រទេស​ក្រៅ​​ដែល​កាល​សម័យដើម​​​នោះ​ប្រទេស​កម្ពុជា​​​បាន​ធ្វើសម្ព័ន្ធ​ភាព​ផ្នែក​ជំនួញ​​​ជាមួយ​បណ្តា​ប្រទេស​​ជិត​​ខាង​​ជាច្រើន​​ ជាពិសេស​​ប្រទេស​ចិន ៕

No comments:

Post a Comment

yes