ក្រុមប្រជាពលរដ្ឋមួយចំនួន នៅភូមិរលំរុនថ្មី នៃឃុំស្រែណូយ បានឱ្យដឹងថា ពួកគេត្រូវការធ្វើសៀវភៅស្នាក់នៅសម្រាប់ត្រៀមទុកជាឯកសារផ្លូវច្បាប់ នៅពេលដែលក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីមកដល់ ដើម្បីរៀបចំធ្វើកម្មសិទ្ធិដីធ្លី ក៏ប៉ុន្តែ សៀវភៅស្នាក់នៅនោះត្រូវបង់ប្រាក់ជាច្រើនម៉ឺនរៀល ដែលធ្វើឱ្យគ្រួសារខ្លះពុំមានប្រាក់គ្រប់គ្រាន់ ត្រូវខកខាន។
បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ទើបតែទៅរស់នៅក្នុងភូមិរលំរុនថ្មី ប្រហែល៧ខែ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១១ ខែសីហា ថា កាលពីពេលថ្មីៗគ្រួសាររបស់គាត់បានឱ្យប៉ូលិសធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ហើយត្រូវបង់ប្រាក់ទៅឱ្យមន្ត្រីប៉ូលិសដែលចុះធ្វើនោះ ចំនួន៦ម៉ឺនរៀល។
បុរសដដែលបានត្អូញត្អែរថា ការធ្វើសៀវភៅស្នាក់នៅដែលត្រូវបង់ប្រាក់៦ម៉ឺនរៀល គឺវាថ្លៃចំពោះគ្រួសាររបស់គាត់ ដែលកំពុងមានជីវភាពខ្វះខាត៖ «ធ្វើសៀវភៅគ្រួសារផង និងសៀវភៅស្នាក់នៅផង ១គ្រួសារ៦ម៉ឺន។ គេថាយក៦ម៉ឺនហ្នឹង ទៅរត់ការផង អីផង ហើយវាយត្រាក៏ច្រើនកន្លែង។ ខ្ញុំខ្ចីគេខ្លះទៅ លុយខ្លួនឯងខ្លះ ដើរស៊ីឈ្នួលគេខ្លះបានទៅ»។
បុរសដដែលបានបញ្ជាក់ថា នៅក្នុងភូមិរបស់គាត់ គឺមានប្រជាពលរដ្ឋប្រហែលជាង២០គ្រួសារ ដែលត្រូវការធ្វើសៀវភៅស្នាក់នៅ ក៏ប៉ុន្តែនៅពេលដែលដឹងថា ត្រូវបង់ប្រាក់ច្រើនម៉ឺនទៅឱ្យប៉ូលិស គឺពួកគេខ្លះដែលមានលុយត្រឹមតែ១ម៉ឺនរៀល ក៏មិនហ៊ានធ្វើទេ។
ទោះយ៉ាងណា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែណូយ បានបដិសេធថា ការអះអាងបែបនោះ គឺជាការមិនពិត។
លោក នី សាវ៉ុន ជាប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំឃុំស្រែណូយ បានមានប្រសាសន៍ថា កន្លងទៅក្រុមនគរបាលជំនាញដែលសហការជាមួយប៉ូលិសប៉ុស្តិ៍របស់លោក បានចុះទៅធ្វើ ហើយក៏បានទទួលប្រាក់ពីប្រជាពលរដ្ឋខ្លះ ២ម៉ឺន ៣ម៉ឺន និង៦ម៉ឺនរៀលមែន ក៏ប៉ុន្តែប៉ូលិសមិនបានតម្រូវឱ្យអ្នកភូមិទាំងនោះ បង់លុយទៅតាមការកំណត់ឡើយ៖ «មិនបានទៅទារគាត់ដាក់កំណត់ដាក់អីទេ ព្រោះសៀវភៅនោះនៅឆ្ងាយ ក៏គ្នាទៅទិញឯសៀមរាបឯណោះ ហើយនូវត្រូវទៅស៊ីញេនៅអធិការ នូវអី ក៏គាត់យកជាលុយជាស្អីខ្លះសម្រាប់ថ្លៃប្រេងម៉ូតូ ប្រេងអី។ គ្រាន់តែសុំថ្លៃក្រដាស ថ្លៃអី ព្រោះក្រដាសនោះវាត្រូវជាលុយជាកាក់ដែរ។ ប៉ុណ្ណោះ ឯងមិនបានដាក់តម្រូវអីទេ ប៉ុន្តែចេះតែវែងឆ្ងាយទៅណា»។
មន្ត្រីប៉ូលិសដដែល បានបញ្ជាក់ថា បន្តបន្ទាប់មក លោកក៏បានលេចឮការនិយាយតៗគ្នាថា ប៉ូលិសបានធ្វើសៀវភៅស្នាក់នៅយកលុយច្រើន ក៏ប៉ុន្តែលោកបានប្រាប់អ្នកភូមិដែលមានលុយតិចតួច ហើយមិនហ៊ានទៅធ្វើសៀវភៅស្នាក់នៅនោះ ឱ្យទៅធ្វើវិញ ពីព្រោះប៉ូលិសមិនបានកំណត់ចំនួនប្រាក់ឱ្យបង់ថ្លៃនោះទេ។
លោក ឆែម សាវឿន ជាមេឃុំស្រែណូយ ក៏បានមានប្រសាសន៍ថា តាមគោលការណ៍កំណត់ គឺសៀវភៅស្នាក់នៅ ដែលធ្វើឱ្យប្រជាពលរដ្ឋ១គ្រួសារ ត្រូវបង់ប្រាក់តែជាង១ម៉ឺនរៀលប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោកមេឃុំបានបដិសេធចោលការចោទប្រកាន់ដែលថា ប៉ូលិសបានទារលុយច្រើនពីការធ្វើសៀវភៅស្នាក់នៅនោះ។ លោកថា បើមានគ្រួសារច្រើនធ្វើសៀវភៅស្នាក់នៅ គឺប៉ូលិសងាយស្រួល ហើយអាចយកតម្លៃតិច ក៏ប៉ុន្តែ បើមានតែ១គ្រួសារធ្វើសៀវភៅនោះ គឺប៉ូលិសអាចយកលុយច្រើនជាង ពីព្រោះត្រូវធ្វើដំណើរទៅផ្លូវឆ្ងាយ ដើម្បីបោះត្រា និងចំណាយលើការធ្វើដំណើរជាដើម។
ទោះយ៉ាងណា មន្ត្រីក្រុមប្រឹក្សាស្រុកវ៉ារិន មួយរូបដែលមិនហ៊ានបញ្ចេញឈ្មោះ បានអះអាងថា ការដែលប៉ូលិសយកលុយ៦ម៉ឺនរៀលពីការធ្វើសៀវភៅស្នាក់នៅ១ក្បាលនោះ គឺវាថ្លៃ បើប្រៀបធៀបទៅនឹងជីវភាពប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅតំបន់ដាច់ស្រយាល ដែលអាចរកកម្រៃបានប្រមាណ៥ពាន់រៀលក្នុង១ថ្ងៃនោះ។
ក្រុមប្រឹក្សាស្រុកដដែល បានអំពាវនាវឱ្យអាជ្ញាធរខេត្តសៀមរាប ជួយអន្តរាគមន៍ចំពោះតម្លៃនៃការធ្វើសៀវភៅស្នាក់នៅនេះផង នៅពេលដែលប្រជាពលរដ្ឋជាច្រើនកំពុងត្រូវការធ្វើដើម្បីត្រៀមចាំការវាស់វែងដីធ្លីរបស់ក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីទទួលបានកម្មសិទ្ធិនោះ៕
No comments:
Post a Comment
yes