កម្មករសំណង់ធ្វើការឲ្យក្រុមហ៊ុនចំការកៅស៊ូចិន ឈ្មោះ សៀវហ្គេច (SevGek) នៅខេត្តស្ទឹងត្រែង ត្រូវបានថៅកែជំពាក់ប្រាក់ឈ្នួលអស់ជាច្រើនខែមកហើយ។
ក្រុមពលរដ្ឋដែលជាជនជាតិដើមភាគតិចទំពួនទាំងនោះ ដាក់ពាក្យប្តឹងទៅសាលាឃុំស្រែគ ស្រុកសេសាន ឲ្យក្រុមប្រឹក្សាឃុំនោះជួយអន្តរាគមន៍ទៅផ្នែកពាក់ព័ន្ធ ដើម្បីបានបើកប្រាក់ឈ្នួលសម្រាប់ផ្គត់ផ្គង់ជីវភាពពួកគាត់។
កម្មករសំណង់ជាជនជាតិទំពួន ១៦នាក់ ដែលធ្វើការឲ្យក្រុមហ៊ុនចំការកៅស៊ូចិន ឈ្មោះ សៀវហ្គេច ខកខានមិនបានបើកប្រាក់ឈ្នួលប្រមាណជាង ៤ខែទៅហើយ។ ក្រុមប្រជាពលរដ្ឋទាំងនោះចោទថា ក្រុមហ៊ុនចិននោះបោកប្រាស់ពួកគាត់ ដោយប្រើលេសថា ក្រុមហ៊ុនមិនទាន់មានលុយ។
តំណាងពលរដ្ឋជាជនជាតិដើមទំពួន លោកស្រី ហុត ថី នៅថ្ងៃទី១១ សីហា មានប្រសាសន៍ថា ក្រុមកម្មករសំណង់ធ្វើការឲ្យក្រុមហ៊ុនចិន អស់រយៈពេលជាច្រើនថ្ងៃសរុបទឹកប្រាក់ដែលខកខានមិនបានបើកជិត ៣លានរៀល។ លោកស្រីបន្តថា កម្មករទាំងអស់កំពុងតែរង់ចាំបើកប្រាក់ឈ្នួលរបស់ខ្លួនយ៉ាងអន្ទះសា។
លោកស្រី ហុត ថី បញ្ជាក់ថា កម្មករបានទៅទារលុយឈ្នួលកំលាំងពលកម្មជាច្រើនដងច្រើនសានៅតែមិនបានដោយមេការប្រាប់ថា មិនមានលុយបើកឲ្យឡើយ៖ «គេនិយាយថា កម្មករហ្នឹងចង់បើកលុយថ្ងៃណាក៏បាន តែឥឡូវគេកុហកសួរច្រើនដងហើយគេថា អត់ទាន់បើកថ្ងៃនេះ ហើយថ្ងៃនេះគេកុហកអ៊ីចឹង»។
លោកស្រី ហុត ថី បន្តថា ឯកសារបុងចំនួនថ្ងៃដែលកម្មករធ្វើការក៏ត្រូវក្រុមហ៊ុនដកយកទៅទុកបាត់ដែរ មិនឲ្យកម្មករវិញឡើយ។ ពេលសួរនាំគេប្រាប់ថា ទុកឲ្យកម្មករ។
ទន្ទឹមនឹងនេះ មេការសំណង់ក្រុមហ៊ុនចិន សៀវហ្គេច លោក ជ្រី ធា មានប្រសាសន៍ថា លោកមិនបានដឹងពីរឿងកម្មករជនជាតិទំពួនទាំងនោះឡើយ។ លោកបន្តថា លោកជាមេការថ្មី ហើយកម្មករនៅក្រោមបង្គាប់លោក ២០នាក់ ក៏មិនទាន់បានបើកប្រាក់ខែឲ្យនៅឡើយដែរ ដោយថៅកែក្រុមហ៊ុនប្រាប់ឲ្យរង់ចាំសិន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងថៅកែជនជាតិចិន ឈ្មោះ លាង និងឈ្មោះ ឡៅលី ដើម្បីសុំការអត្ថាធិប្បាយពីបញ្ហានេះបានទេ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២។
យ៉ាងណាក៏ដោយ មេឃុំស្រែគ លោក សៀក មេគង្គ មានប្រសាសន៍ថា នៅថ្ងៃទី១២ សីហា លោកនឹងប្រជុំក្រុមប្រឹក្សាឃុំ ហើយត្រៀមរៀបចំពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធដើម្បីជួយកម្មករ។ លោកបន្តថា លោកធ្លាប់នាំក្រុមប្រឹក្សាឃុំទៅសួរនាំដល់ក្រុមហ៊ុនដែរ តែមិនមានចម្លើយជាវិជ្ជមានឡើយ។
លោក សៀក មេគង្គ បញ្ជាក់ថា ពលរដ្ឋជនជាតិដើមទាំងនោះ មានជីវភាពក្រលំបាកពួកគាត់សង្ឃឹមបានប្រាក់ឈ្នួលមកផ្គត់ផ្គង់ជីវភាព តែពេលអត់បានប្រាក់ឈ្នួលពលរដ្ឋមួយចំនួនធ្លាក់ខ្លួនជំពាក់លុយគេទៀតផង៖ «ក្នុងនាមជាអាជ្ញាធរខ្ញុំសំណូមពរសុំឲ្យក្រុមហ៊ុន មេត្តាកុំបោកប្រាស់ញើសឈាមពលរដ្ឋខ្មែរ»។
លោក សៀក មេគង្គ បន្តថា លោកនឹងរៀបចំពាក្យបណ្ដឹងដាក់ទៅមន្ទីរការងារខេត្តឲ្យជួយដោះស្រាយ។
អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង លោក ង៉ាន់ រចនា មានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ។ លោកបន្តថា សុំឲ្យបងប្អូនកម្មករទាំងអស់ដាក់ពាក្យប្ដឹងនៅមន្ទីរការងារដើម្បីរកដំណោះស្រាយ។
លោក ង៉ាន់ រចនា សន្យាថា ពេលទទួលពាក្យបណ្ដឹងមន្ទីរការងារនឹងចាត់វិធានការលើបញ្ហានេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
អាជ្ញាធរមូលដ្ឋានឲ្យដឹងថា ពលរដ្ឋជនជាតិដើមភាគច្រើនមិនសូវមានចំណេះដឹង ជាមូលហេតុដែលងាយនឹងគេបោកប្រាស់។ មិនមានតួលេខណាមួយដែលបញ្ជាក់ថា មានករណីថៅកែជំពាក់ប្រាក់ឈ្នួលកម្មករប៉ុន្មានដងនោះទេ ប៉ុន្តែសង្គមស៊ីវិលអះអាងថា ករណីជំពាក់ប្រាក់ឈ្នួលកម្មករនៅខេត្តស្ទឹងត្រែងបែបនេះ កើតមានជាច្រើនលើកមកហើយ៕
No comments:
Post a Comment
yes