ភ្នំពេញ៖ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាសហការជាមួយគណៈកម្មាធិការអាហារូបករណ៍ អា ស៊ានរបស់វិទ្យាស្ថានកម្ពុជាសម្រាប់អភិវឌ្ឍន៍ និងសិទ្ធិមនុស្ស បានផ្ដល់អាហារូបករណ៍សម្រាប់សិស្សក្រីក្រ ចំនួន២០០០នាក់ ឲ្យចូលសិក្សាថ្នាក់ឆ្នាំមូលដ្ឋានក្នុងឆ្នាំសិក្សា ២០១២-២០១៣នេះ បន្ទាប់ពីពួកគេបានប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗកន្លងមកនេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្អូនៗ ដែលជាបេក្ខភាពសិស្សអាហារូបករណ៍កាលពីរសៀលថ្ងៃទី១១ ខែ សីហា នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្ដមបណ្ឌិត ជា ចំរើន សមាជិករដ្ឋសភា និង ជាប្រធានសា កលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាបានមានប្រសាសន៍ថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ជារៀងរហូតមកតែងតែផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រមកពីតាមបណ្ដាខេត្ត ក្រុងនានាឲ្យមានឱកាសចូលសិក្សាបន្តថ្នាក់ឧត្ដមសិក្សាបន្ទាប់ពីពួកគេបានប្រឡងបញ្ចប់ មធ្យមសិក្សាទុតិយភូមិរួចមក។
ឯកឧត្ដមបណ្ឌិត បានបន្តទៀតថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានផ្ដើមចេញពីរូបភាព អង្គ ការមិនមែនរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា ឃីដូ រហូត បានអភិវឌ្ឍន៍ខ្លួនក្លាយជាសាកលវិទ្យាល័យដូចសព្វថ្ងៃ ហើយត្រូវទទួលស្គាល់ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជនមួយនៅកម្ពុជា ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ប្រកបដោយគុណភាព តាមទិសស្លោក រៀនឱ្យមានចំណេះដឹង ,រៀនឱ្យមាន ចំណេះធ្វើ, រៀនឱ្យមានសីលធម៌,និងរៀនឲ្យចេះរស់នៅជាមួយគ្នា ដោយគ្មានការរើសអើងអ្វី ទាំងអស់។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់សិស្សនិស្សិតទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ត្រូវគោរពវិន័យរបស់សាលា ខិតខំស្ដាប់គ្រូបង្រៀន ឆ្លៀតពេលទំនេរ ធ្វើការសិក្សាស្រាវ ជ្រាវរៀនសូត្រស្វ័យសិក្សា ម្យ៉ាង ទៀតត្រូវចេះជ្រើសរើសមុខវិជ្ជាសិក្សា ដែលខ្លួនពេញចិត្ត ហើយត្រូវមានផែនការសិក្សាច្បាស់លាស់ ដោយតាំងចិត្តតស៊ូព្យាយាមទាំងនេះដែលនាំឲ្យ យើងឈានឆ្ពោះទៅរកភាពជោគជ័យ នៃជីវិតនិងមុខ របររបស់ខ្លួនទៅថ្ងៃអនាគត ដោយស្រប ទៅនឹងគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងពោលថា មន្ត្រីដែលល្អត្រូវមានចំណេះដឹង បទពិសោធន៍ការងារ និងបុគ្គលិកលក្ខណៈល្អ៕
No comments:
Post a Comment
yes