ប្រជាពលរដ្ឋ ១៧គ្រួសារ នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានគម្រោងដាក់បណ្ដឹងទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំការជួយអន្តរាគមន៍ ដោយពួកគាត់បានចោទប្រកាន់ក្រុមហ៊ុនភាពីម៉ិចថា បានរំលោភយកដីចំការរបស់ពួកគាត់ជាង ២៥ហិកតារ ដោយមានការគាំទ្រពីអាជ្ញាធរខេត្តផង។
«សំឡេងយំ»៖ សំឡេងទ្រហោយំសំពះអង្វររបស់ប្រជាពលរដ្ឋ ១៧គ្រួសារនៅភូមិព្រងិល ពុំបានធ្វើឲ្យអាជ្ញាធរខេត្តរំជួលចិត្តនោះទេ។
បុរសអ្នកភូមិឈ្មោះ មុត ខន ជាប្រជាពលរដ្ឋនៅភូមិព្រងិល ឃុំព្រងិល។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ សីហា ថា កម្លាំងប្រដាប់អាវុធមួយក្រុមដែលអះអាងថា បានទទួលបញ្ជាពីអភិបាលខេត្តលោក ខូយ សុខា បានមកគំរាមពួកគាត់ឲ្យប្រគល់ដីនេះទៅឲ្យក្រុមហ៊ុនភាពីម៉ិច បើមិនដូច្នោះទេពួកគាត់នឹងត្រូវចាប់ខ្លួន។ គាត់ថា ទន្ទឹមនឹងការគំរាមកំហែងពីកម្លាំងប្រដាប់អាវុធ មានកម្មករក្រុមហ៊ុនប្រមាណ ៤០នាក់ បាននាំគ្នាដើររុះរើដកបង្គោលរបងដីដែលអ្នកភូមិបានធ្វើដើម្បីសម្គាល់ព្រំដីរបស់ពួកគាត់ រួចក្រុមហ៊ុនបានយកត្រាក់ទ័រមកឈូសឆាយដណ្ដើមយកដីធ្លីរបស់អ្នកភូមិតែម្ដង។
លោក មុត ខន៖ «ដីនេះពួកខ្ញុំធ្វើតាំងពីឆ្នាំ១៩៨៧ ម៉្លេះ តែដល់ឆ្នាំ១៩៩៥ ខាងរដ្ឋបាលព្រៃឈើគាត់មកប្រាប់ថា ជាដីព្រៃរបស់រដ្ឋ។ ពួកខ្ញុំមានភស្តុតាងគ្រប់គ្រាន់បង្ហាញថា ពួកខ្ញុំកាន់កាប់តាំងពីឆ្នាំ១៩៨៧ មែន ជាពិសេសមានដើមឈើហូបផ្លែគ្រប់ប្រភេទ ដូចជាដូង ស្វាយ ជាដើម បានទទួលផលជាច្រើនឆ្នាំមកហើយ...»។
ស្ត្រីអ្នកភូមិឈ្មោះ ផៃ ស៊ីចាន់ បានឲ្យដឹងថា ក្រុមកម្លាំងប្រដាប់អាវុធចម្រុះបានមកគំរាមឲ្យគាត់ចាកចេញពីដីនេះជាបន្ទាន់ បើពុំដូច្នោះទេគាត់នឹងរងការចាប់ខ្លួនដាក់ពន្ធនាគារ៖ «សម្ដេចស្រែកថា ដីទីណាប៉ះពាល់ជាមួយប្រជាជនគឺត្រូវកាត់ទៅឲ្យប្រជាជន។ តែឥឡូវប៉ះពាល់ហើយតែក្រុមហ៊ុនបែរជាដណ្ដើមយកតែម្ដង។ ខ្ញុំចង់ដឹងថា ហេតុអីសម្ដេចស្រែកហើយតែខាងក្រោមគេមិនស្ដាប់។សម្រែករបស់សម្ដេចគ្មានប្រសិទ្ធភាព ក្រុមហ៊ុនបានបំពានលើប្រសាសន៍របស់សម្ដេច ឥឡូវយើងខ្ញុំសុំឲ្យសម្ដេចជួយ...»។
ដីទំនាស់ដែលមានទំហំជាង ២៥ហិកតារនេះ ស្ថិតនៅម្ដុំច្រកអណ្ដូងត្រាវគៀត ចម្ងាយប្រមាណ ១.៦០០ម៉ែត្រពីថ្នល់ជាតិលេខ ៥៦ ឆ្ពោះទៅទិសខាងកើត ស្ថិតក្នុងភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
មេឃុំព្រងិល គឺលោក ឱក ឈឹម មានប្រសាសន៍ថា ក្រុមហ៊ុនភាពីម៉ិច មកដាក់ទីតាំង និងឈូសឆាយដីដោយពុំមានសិក្សាពីផលប៉ះពាល់ លុះកើតមានទំនាស់ជាមួយប្រជាពលរដ្ឋទើបសុំឲ្យអាជ្ញាធរជួយដោះស្រាយ។
លោកថា បញ្ហានេះហួសពីលទ្ធភាពដោះស្រាយរបស់អាជ្ញាធរឃុំលោកសុំឲ្យថ្នាក់លើជួយរកដំណោះស្រាយទំនាស់នេះជូនប្រជាពលរដ្ឋផង៖ «ក្រុមហ៊ុនគេមើលមិនឃើញអាជ្ញាធរភូមិ ឃុំទេ។គេចង់ធ្វើអ្វីគេធ្វើតែខ្លួនគេ លុះកើតមានទំនាស់ជាមួយប្រជាពលរដ្ឋទើបសុំឲ្យអាជ្ញាធរជួយដោះស្រាយ...»។
សំណូមពរអាជ្ញាធរឃុំពុំទទួលបានលទ្ធផលទេ។ ដោយកាលពីថ្ងៃទី៣១ កក្កដា អាជ្ញាធរខេត្តបានប្រើកម្លាំងប្រដាប់អាវុធការពារឲ្យកម្មករក្រុមហ៊ុនដកបង្គោលរបង និងឈូសឆាយដីទំនាស់នេះតែម្ដង។
ដោយអស់សង្ឃឹមចំពោះអាជ្ញាធរខេត្ត អ្នកភូមិបានឲ្យដឹងថា ពួកគាត់កំពុងរៀបចំពាក្យបណ្ដឹងទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ដើម្បីឲ្យលោកនាយករដ្ឋមន្ត្រីជួយពួកគាត់វិញម្ដង។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា ក្រុមហ៊ុនភាពីម៉ិច កំពុងរំលោភលើសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ ២៨៩ ចុះថ្ងៃទី១៤ មីនា ឆ្នាំ២០១១ ត្រង់ចំណុចដែលបានចែងថា ចំពោះដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់បង្កបង្កើនផល និងអាស្រ័យផលត្រូវដកចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនហើយរក្សាទុកឲ្យប្រជាពលរដ្ឋ។ លោកថា អាជ្ញាធរខេត្តក៏កំពុងរួមចំណែករំលោភលើសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាលនេះដែរ៕
No comments:
Post a Comment
yes