សិស្សដែលត្រូវប្រឡងថ្ងៃនេះ សុំពរជ័យពីព្រះសង្ឃ នៅវត្តសំរោងអណ្តែត
កាលពីម្សិលមិញ
ភ្នំពេញៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សិស្សថ្នាក់ទី ១២ នឹងចាប់ផ្ដើម នៅព្រឹកថ្ងៃចន្ទនេះ ខណៈដែលមានកង្វល់ពីការចែកចាយចម្លើយវិញ្ញាសា នៅតាមមណ្ឌលប្រឡងនានា។
កាលពីម្សិលមិញ គេសង្កេតឃើញសិស្សានុសិស្សមួយចំនួន នៅរាជធានីភ្នំពេញ បាននាំគ្នាស្វែងរកទិញវិញ្ញាសា ដើម្បីទុកជាទុន ក្នុងការលួចចម្លងក្នុងពេលប្រឡង ខណៈសិស្សមួយចំនួនទៀត បាននាំគ្នាទៅវត្ត ដើម្បីឲ្យព្រះសង្ឃស្រោចទឹកនិងប្រទានពរជ័យឲ្យពួកគេបានប្រឡង ជាប់។
យុវសិស្ស តាន់ សុខសាន្ត មកពីវិទ្យាល័យឫស្សីកែវ ដែលត្រូវប្រឡងនៅមណ្ឌលវត្តភ្នំ និយាយថា រូបគេ បានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រឡងនេះ និងមានជំនឿលើខ្លួនឯងថា នឹងប្រឡងជាប់។ សុខសាន្ត និយាយដោយអំនួតថា៖ «នៅក្នុងសាលារៀន ខ្ញុំក៏មានឈ្មោះជាសិស្សល្អ និងពូកែម្នាក់ដែរ ខ្ញុំរៀនមិនដែលធ្លាក់ចំណាត់ថ្នាក់ ក្នុងមុខវិជ្ជាណាមួយនោះទេ ដូច្នេះការប្រឡងនេះ ខ្ញុំមានសង្ឃឹម ៨៥ ភាគរយថា ខ្ញុំនឹងជាប់»។
ចំណែកឯយុវសិស្ស ដាញ់ ថាវី នៅវិទ្យាល័យឫស្សីកែវដែរនោះ និយាយថា គេហាក់ដូចជាភ័យខ្លាច បើទោះជាគេបានទៅឲ្យព្រះសង្ឃ ស្រោចទឹក ដើម្បីបំបាត់ភាពភ័យខ្លាចក្នុងពេលប្រឡងរួចហើយក្ដី។ ថាវី បានប្រាប់នៅពេលដែលរូបគេ បានមកពិនិត្យមើលឈ្មោះ នៅមណ្ឌលវិទ្យាល័យវត្តភ្នំថា៖ «ពេលនេះ ខ្ញុំមានអារម្មណ៍ដូចជា ញាប់ញ័រ និងភ័យខ្លាច»។ យុវសិស្សរូបនេះ បន្តថា គេបានទិញវិញ្ញាសាមេរៀនមួយចំនួន ពីកន្លែងថតចម្លងឯកសារលក់ ដើម្បីទុកលួចកត់ចម្លង នៅពេលប្រឡង។ ថាវីបញ្ជាក់ថា៖ «ជាការពិត ចំណេះដឹងពិត គឺស្ថិតនៅលើការប្រឹងប្រែងរៀនសូត្រ និងការអនុវត្តធ្វើលំហាត់ មេរៀន ប៉ុន្តែពេលប្រឡង យើងក៏ត្រូវការឯកសារជំនួយខ្លះ សម្រាប់លួចកត់ចម្លងដែរ ព្រោះយើងមិនអាចចាំ ទាំងអស់នោះទេ»។
ជាមួយគ្នានេះ លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីថ្ងៃសុក្រ បានស្នើទៅក្រសួងអប់រំ ឲ្យមានវិធានការ ទប់ស្កាត់ចំពោះអ្នកគ្រប់គ្រង មណ្ឌលប្រឡងមួយចំនួន ដែលមានផែនការធ្វើចម្លើយលក់ នៅក្នុងមណ្ឌលប្រឡង។ នៅក្នុងលិខិតផ្ញើទៅកាន់ក្រសួងអប់រំ លោក រ៉ុង ឈុន ឲ្យដឹងថា តាមប្រភពព័ត៌មាន ពីសកម្មជនសមាគមរបស់លោក បានរាយការណ៍ថា មានអ្នកគ្រប់គ្រងមណ្ឌលប្រឡងមួយចំនួន កំពុងរៀបចំផែនការ សហការជាមួយគ្រូបង្រៀនថ្នាក់ទី ១២ ដោយមានភ្ជាប់សម្ភារមកជាមួយ ដូចជា កុំព្យូទ័រ និងម៉ាស៊ីនកូពី ដើម្បីធ្វើចម្លើយលក់ឲ្យបេក្ខជនប្រឡង។
លិខិតបន្តថា ករណីនេះ ធ្លាប់កើតមាន នៅតាមមណ្ឌលប្រឡងមួយចំនួន កាលពីឆ្នាំកន្លងមក ហើយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានលើកបញ្ហាទាំងនេះ ដាក់ជូនក្រសួងអប់រំ ពេលប្រឡងឆ្នាំមុនផងដែរ។ លោកបានបន្តថា៖«ដើម្បីឲ្យការប្រឡង ប្រព្រឹត្តទៅ មានលក្ខណៈត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបាន យើងសូមស្នើឲ្យក្រសួងអប់រំ មានវិធានការទប់ស្កាត់ រាល់បញ្ហាទាំងឡាយ ដែលអាចនឹងប៉ះពាល់ដល់ដំណើរការប្រឡង។ ម្យ៉ាងទៀត ជាការលើកកម្ពស់គុណភាពធនធានមនុស្ស និងអប់រំ ដើម្បីរៀបចំលក្ខណៈមុនពេលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលក្នុងតំបន់អាស៊ាន»។
លោកម៉ក់ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងអប់រំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា សិស្សានុសិស្សប្រមាណជាង ១១ ម៉ឺននាក់ នៅទូទាំងប្រទេស នឹងត្រូវចូលរួមការប្រឡងនេះ ដោយចាប់ផ្ដើមពីថ្ងៃចន្ទ ដល់ថ្ងៃពុធ។ លោកបានថ្លែងថា៖ «ជាគោលការណ៍ ក្រសួង តែងតែគិតគូរពីគុណភាព នៃការអប់រំជាចម្បងហើយក្រសួង ចង់បានឲ្យសិស្សប្រឡងប្រជែងគ្នា ដោយផ្អែកលើសមត្ថភាព ចំណេះដឹងផ្ទាល់ខ្លួនពិតប្រាកដរបស់ពួកគេ»។
លោកបានបន្តថា ក្រសួង បានចេញសេចក្ដីបម្រាម និងការព្រមានជាច្រើនដល់សិស្ស និង អាណាព្យាបាលរបស់ពួកគេ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណា កុំប្រព្រឹត្តនូវអំពើសូកប៉ាន់ ឃុបឃិត ឲ្យមានការលួចចម្លងគ្នាក្នុងពេលប្រឡង។ លោកថ្លែងថា៖«អំពើសូកប៉ាន់ ការលួចចម្លងគ្នាទៅវិញទៅមក គឺជាក្ដីកង្វល់ដ៏ធំរបស់ក្រសួង»។
កាលពីឆ្នាំមុន គ្រូបង្រៀនមួយចំនួននៅខេត្ត កោះកុង និងបាត់ដំបង បានរងនូវការដាក់ពិន័យរដ្ឋបាល បន្ទាប់ពីក្រសួងរកឃើញថា បានធ្វើកំណែវិញ្ញាសាមួយចំនួន ហើយលួចផ្ដល់ឲ្យសិស្សក្នុងពេលកំពុងប្រឡង៕
No comments:
Post a Comment
yes