លោក ម៉ម សូណង់ដូ ក្នុងពេលដែលសមត្ថកិច្ចនាំឡើងសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញៈ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងជានាយកវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ដែលជាប់ឃុំក្នុងពន្ធគារព្រៃស ជិត១ខែ ក្រោមបទចោទប្រកាន់ធំៗបួន នៅក្នុងជម្លោះដីធ្លីនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានធ្លាក់ខ្លួនឈឺជាថ្មី ទៀត។ នេះបើតាមអ្នកស្រី ឌិន ផាន់ណារ៉ា ភរិយាលោកបានអះអាងបន្ទាប់ពីបានទៅសួរសុខទុក្ខ កាលពីម្សិលមិញ។
អ្នកស្រី ឌិន ផាន់ណារ៉ា ដែលបានទៅសួរសុខទុក្ខស្វាមីពីរថ្ងៃ ជាប់គ្នា(១៥-១៦ សីហា) បានអះអាងថា ស្វាមីគាត់មានជំងឺរាកខ្លាំង ទន់ដៃជើងអស់កម្លាំង និងហើមមុខ ដើរស្ទើរតែមិនរួច។ អ្នកស្រីនិយាយថា៖ «គាត់ពិសាអ្វីអត់បាន តាំងពីថ្ងៃចន្ទ ហើយគាត់រាក អស់កម្លាំង។ ពីមុនមកគាត់ជាមនុស្សមាំទាំណាស់ គាត់ពុំដែលឈឺទេ តែពេលនេះជិតមួយខែ គាត់ឈឺពីរដង»។
អ្នកស្រីបន្តថា ឥឡូវស្វាមីគាត់ត្រូវគេយកចេញពីបន្ទប់ឃុំមកព្យាបាលនៅក្នុង បន្ទប់គិលានដ្ឋាន ហើយ ត្រូវគេដោះសេរ៉ូមចេញ និងបានគ្រាន់បើជាងមុនបន្តិច ប៉ុន្តែគាត់នៅរាកដដែល។ អ្នកស្រីបន្តថា៖ «ខ្ញុំអាណិតគាត់ណាស់ គាត់ជាមនុស្សចាស់ ហើយគាត់ដើរស្ទើរមិនរួច»។
អ្នកស្រីឲ្យដឹងទៀតថា ស្វាមីគាត់បានអំពាវនាវឲ្យតុលាការនិងរដ្ឋាភិបាលលើកលែងការចោទប្រកាន់រូបគាត់ ពីព្រោះគាត់ពុំបានប្រព្រឹត្តខុសដូចការចោទនោះទេ គាត់ពុំមានពាក់ព័ន្ធទៅនិងតំបន់អបគមន៍អីទេ។ អ្នកស្រីថា៖ «គាត់បានប្រាប់ខ្ញុំថា គាត់បដិសេធដាច់ខាតនូវការចោទនោះ។ គាត់មិនខុសទេ!»។
លោក ម៉ម សូណង់ដូ ត្រូវអាជ្ញាធរចាប់ខ្លួនថ្ងៃទី១៥ កក្កដា បន្ទាប់ពីការបង្ក្រាបដោយហិង្សាមួយពាក់ព័ន្ធនឹងការចាប់រានយក ដីធ្លីនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ក្នុងខែឧសភា។ នៅថ្ងៃទី១៦ ខែកក្កដា សាលាដំបូងភ្នំពេញបានសម្រេចឃុំខ្លួនលោកនៅពន្ធនាគារព្រៃស ក្រោមការចោទពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។
នេះជាលើកទី៣ ដែលលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារ លើកទី១ នៅក្នុងឆ្នាំ២០០៣ ទាក់ទងនឹងកុបកម្មប្រឆាំងថៃនិងលើកទី២ នៅក្នុងឆ្នាំ ២០០៥ ពាក់ព័ន្ធនឹងការរិះគន់សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។
លោក សុក សំអឿន មេធាវីលោក សូណង់ដូ មានប្រសាសន៍ថា ចៅក្រមបានបញ្ចប់ការស៊ើបអង្កេតហើយ។ លោកថា៖«ចាំឲ្យគេចេញដីកាដំណោះស្រាយសិន។ ខ្ញុំនឹងធ្វើលិខិតមួយសុំឲ្យចៅក្រមសម្រេចលើកលែងការចោទប្រកាន់ឲ្យគាត់»៕
No comments:
Post a Comment
yes