ភ្នំពេញ: កាលពីវេលាម៉ោងជាង ៧ យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នៅជិតផ្ទះលោក ហាក់ ម៉ៅ មានករណីផ្ទុះអាវុធ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងមានការភិតភ័យ។
ប្រភពពីមន្ត្រីប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា អ្នកដែលបាញ់បោះសេរីអនាធិបតេយ្យនោះ គឺលោកឧត្តមសេនីយ៍ទោ ចៅ ធារិទ្ធ ប្រធាននាយកដ្ឋានសំភារៈបច្ចេកទេស នៃក្រសួងការពារជាតិ និងត្រូវជាកូនលោកឧត្តមសេនីយ៍ឯក ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសំភារៈបច្ចេកទេស នៃក្រសួងការពារជាតិ។
បន្ទាប់ពីបាញ់រួច លោកឧត្តមសេនីយ៍ទោ ចៅ ធារិទ្ធ បានជិះរថយន្តគេចខ្លួនពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងអាវុធហត្ថក្រុង ដេញតាមចាប់ខ្លួនបាន នៅផ្លូវ២០០៤ ហួសកន្លែងបញ្ជរបង់ប្រាក់បន្តិច ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុ។ លោកឧត្តមសេនីយ៍ទោរូបនោះ ក៏ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីសួរនាំ។
លោក ពូ ដាវី មេបញ្ជាការរង និងជាប្រធានមន្ទីរព័ត៌មាន និងសន្តិសុខ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហាក់បីដូចជាចង់បិទបាំងរឿងនេះ ដោយលោកបាននិយាយថា "វាគ្រាន់តែជាការរាលកៃតែប៉ុណ្ណោះ" ហើយក៏មិនបានបញ្ជាក់លម្អិតពីរឿងនោះទេ។ លោកបានបញ្ជាក់ថា ករណីខាងលើនេះ ជាករណីរាលកៃកាំភ្លើងទេ។
រហូតដល់ព្រឹកថ្ងៃទី១៧សីហា ឆ្នាំ២០១២ លោកផ្កាយពីរនោះ ត្រូវបានឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំ ក្នុងរឿងបាញ់បោះសេរី កាលពីយប់មិញ៕ .
No comments:
Post a Comment
yes