សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 30, 2012

ការ​អត់ឱន​ចំពោះ​អំពើ​ពុករលួយ​ពេល​ប្រឡង​នឹង​បង្ក​ជា​វិបត្តិ​ធ្ងន់ធ្ងរ

120830_02
សិស្ស​ប្រឡង​បាក់​ឌុប ទៅ​សុំ​​ព្រះ​សង្ឃ​វត្ត​សំរោង​អណ្តែត​ជួយ​ឲ្យ​ប្រឡង​ជាប់ 
នៅ​មុន​ថ្ងៃ​ប្រឡង​កាល​ពី​ដើម​ខែ​នេះ

សិស្ស​វិទ្យាល័យ​ទាំង​អស់​ ដែល​ទើប​បញ្ចប់​ការ​ប្រឡង​ចេញ​ទូទាំង​ប្រទេស កាល​ពី​ជាង ៣ សប្តាហ៍​មុន កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​យ៉ាង​អន្ទះសា។
ការ​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ គឺជា​ដំណាក់​កាល​សំខាន់ សម្រាប់​សិស្ស​ជាច្រើន ហើយ​ពួក​គេ​បាន​ត្រៀម​ខ្លួន និង​ខិត​ខំ​ប្រឹងប្រែង​សិក្សា​។ ​ប៉ុន្តែ​សកម្មភាព​របស់​ពួក​គេ​ នៅ​ក្នុង​ពេល​​ប្រឡង គឺ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​វា​នឹង​ជា​កត្តា​កំណត់​ឱកាស សម្រាប់​ការ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ ហើយ​សកម្មភាព នៅ​ក្នុង​ការ​ប្រឡង​របស់​ពួក​គេ​អាច​នឹង​ជួយ ​ឬ​ផ្តល់​ទុក្ខ​ទោស ដល់​ពួក​គេ​នៅ​ពេល​ពួក​គេ​ស្វែងរក​ការងារ។
ជា​ការ​គួរ​ឲ្យ​សោកស្តាយ ភស្តុតាង​មួយ​ចំនួន​នៃ​អំពើ​ស៊ី​សំណូក និង​ការ​បើក​ចម្លង​ឯកសារ នៅ​ពេល​ប្រឡង បាន​បង្ហាញ​ឡើង​។ ​បញ្ហា​គឺថា មេ​ប្រយោគ​បាន​កំណត់​ឲ្យ​សិស្ស​បេក្ខជន​ប្រឡង​ទាំង​អស់​រៃ​ប្រាក់ នៅ​ក្នុង​អំឡុង​ពេល​ប្រឡង ហើយ​ដែល​ការ​រៃ​ប្រាក់​ពី​សិស្ស​នេះ​ គឺ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​សិស្ស​បើក​ចម្លង​ឯកសារ និង​លប​មើល​គ្នា​នៅ​ពេល​ប្រឡង​។
​អំពើ​នេះ បាន​កើត​មាន​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​អស់​។ ករណី​ខ្លះ​ទៀត​ មេ​ប្រយោគ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សរសេរ​លើ​ក្រដាស​ប្រឡង ជំនួស​សិស្ស ដើម្បី​ទទួល​បាន​ប្រាក់​​សំណូក​ច្រើន​។ ​ការ​អនុវត្ត​បែប​នេះ វា​ជា​រឿង​គួរ​ឲ្យ​អកុសល បើ​ទោះ​បី​វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក៏​ដោយ​។
សូម្បី​តែ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​តឹងរ៉ឹង ត្រូវ​បាន​ដាក់​ចេញ​ក៏​ដោយ ក៏​នៅ​មិន​អាច​លុប​បំបាត់​អំពើ​ចម្លង​ឯកសារ និង​ការ​ចម្លង​គ្នា​នេះ​បាន​ដែរ​។ ប៉ុន្តែ​បញ្ហា​ដែល​បារម្ភ​បំផុត​គឺ ការ​អនុវត្ត​អំពើ​ស៊ី​សំណូក ដើម្បី​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ចម្លង​ឯកសារ និង​ចម្លង​គ្នា ឥឡូវ​នេះ កំពុង​កើត​មាន​គ្រប់​ទីកន្លែង ហើយ​ត្រូវ​បាន​ទទួល​យក​ថា​ ជា​ការ​ពិត និង​មិន​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។ ជាង​នេះ​ទៀត​ មេ​ប្រយោគ​ខ្លះ បាន​ចាត់​ទុក​ថា ការ​ប្រឡង​នោះ គឺជា​ឱកាស​សម្រាប់​រក​ចំណូល​បន្ថែម។ ម្យ៉ាង​វិញ​ទៀត សិស្ស​ខ្លះ ជ្រើសរើស​យក​ជម្រើស​ឲ្យ​ប្រាក់​ទៅ​គ្រូ​ដើម្បី​បាន​ប្រឡង​ជាប់ ជា​ជាង​ការ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ និង​ត្រៀម​ខ្លួន​ សម្រាប់​ការ​ប្រឡង​។
បន្ថែម​ពី​នេះ​ទៀត ឪពុក​ម្តាយ ​ជា​ទូទៅ​មាន​ឆន្ទៈ​ផ្តល់​ប្រាក់​ឲ្យ​កូន​របស់​ខ្លួន ដើម្បី​ឲ្យ​ទៅ​មេ​ប្រយោគ​នៅ​ពេល​ប្រឡង ហើយ​ក្នុង​អំឡុង​ពេល​ជិត​ប្រឡង ការ​លក់​ឯកសារ​បោកប្រាស់ ដែល​ថា ជា​ចម្លើយ​សម្រាប់​សំណួរ ចេញ​ពេល​ប្រឡង​បាន​កើត​មាន​ឡើង​ផង​ដែរ​។ មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​នោះ​ទេ​ ប៉ុន្តែ​ផលវិបាក​នៃ​ការ​អត់ឱន ចំពោះ​អំពើ​ទាំង​នេះ អាច​នឹង​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ។ សិស្ស​ទាំង​ឡាយ ​ទទួល​រង​ការ​អនុវត្ត​នៃ​ប្រព័ន្ធ​អនុញ្ញាត ឲ្យ​ជាប់​ការ​ប្រឡង​យ៉ាង​ងាយស្រួល​នេះ​ហើយ​ទស្សនៈ នៃ​ការ​ចំណាយ​ប្រាក់ ដើម្បី​ទទួល​បាន​សញ្ញាបត្រ បាន​ធ្វើ​ឲ្យ​សិស្ស​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ​។ ​ពួក​គេ​អាច​នឹង​បរាជ័យ​ ក្នុង​ការ​បង្កើត​ជំនាញ និង​ចំណេះ​ដឹង ដែល​ត្រូវ​ការ​ដើម្បី​ដឹក​នាំ​ជីវិត​របស់​ខ្លួន និង​ការ​រួម​ចំណែក​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​។
ជាង​នេះ​ទៀត ​ការ​ធ្វើ​សកល​ភាវូបនីយកម្ម នឹង​ធ្វើ​ឲ្យ​ពួក​គេ​ កាន់​តែ​លំបាក ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​កម្លាំង​ការងារ នៃ​ប្រទេស​ដទៃៗ ដែល​មាន​ជំនាញ​ និង​ចំណេះ​ដឹង​ខ្លាំង​ជាង ទាំង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក។
ខ្ញុំ​ក៏​មិន​អាច​ជួយ​បាន​ដែរ ប៉ុន្តែ​ខ្ញុំ​មាន​ថា​ តើ​បទពិសោធ​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​សិស្ស​មាន​អនាគត​ប្រកួត​ប្រជែង​យ៉ាង​ដូច​ម្តេច​ទៅ​?
ក្រៅ​ពី​សម្រាប់​ការ​អនុញ្ញាត​ឲ្យ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ សញ្ញាបត្រ​កម្រិត​វិទ្យាល័យ​គឺ​ជា​និមិត្ត​សញ្ញា នៃ​ការ​ទទួល​ស្គាល់ និង​សរសើរ​។ ការ​ពិត​ដែល​ថា ​សញ្ញាបត្រ​នេះ​ អាច​ទិញ និង​លក់​បាន អាច​នឹង​ជា​សារ​អាក្រក់​មួយ ទៅ​ដល់​យុវវ័យ​ជំនាន់​ក្រោយ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា ប្រាក់​អាច​ដោះ​ដូរ​ជាមួយ​នឹង​ការ​មិន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ ហើយ​ជា​ជម្រើស​មួយ​ ដែល​អាច​ទទួល​យក​បាន​។
ពិត​ណាស់ នេះ​មិន​មែន​ជា​មេ​រៀន ដែល​យើង​ចង់​ទុក​ឲ្យ​មាន​សម្រាប់​កូន​ចៅ​របស់​យើង​នោះ​ទេ​។ ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ មិន​មែន​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ទៅ​បាន​។ ​ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ចាប់​ផ្តើម​ ដាក់​ចេញ​នូវ​គោលនយោបាយ​មិន​អត់ឱន ចំពោះ​អំពើ​ស៊ី​សំណូក ការ​ចម្លង​ឯកសារ និង​ចម្លង​គ្នា​នៅ​ពេល​ប្រឡង​។
មេ​ប្រយោគ ដែល​ប្រព្រឹត្ត ឬ​ទទួល​សំណូក​គួរ​ត្រូវ​បាន​ហាម​ប្រាម មិន​ឲ្យ​ចូល​ធ្វើ​ជា​មេ​ប្រយោគ​សម្រាប់​ការ​ប្រឡង​លើក​ក្រោយ​ទៀត​នោះ​ទេ ​ហើយ​ក៏​មិន​គួរ​ដំឡើង​តំណែង​ណា​មួយ​ឲ្យ​គាត់​ដែរ​។
ដោយ​ពឹង​ផ្អែក​ លើ​សកម្មភាព​តឹងរ៉ឹង របស់​មេ​ប្រយោគ​ទាំង​នោះ សិស្ស​ណា​ ដែល​ត្រូវ​បាន​ឃើញ​ និង​ចាប់​បាន​ពេល​កំពុង​ចម្លង​ឯកសារ ឬ​ចម្លង​គ្នា គួរ​ឲ្យ​ធ្វើ​ការ​ប្រឡង​ឡើង​វិញ​ម្តង​ទៀត ឬ​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ​។ នៅ​ពេល​ជាមួយ​គ្នា​នេះ ប្រព័ន្ធ​អប់រំ​ត្រូវ​ការ​កំណែ​ទម្រង់ ដែល​ផ្តោត​ផង​ដែរ ទៅ​លើ​ជំនាញ​វិភាគ និង​ចេះ​រិះគន់​ ជា​ជាង​ការ​រៀន​តាម​រយៈ​តែ​ការ​ទន្ទេញ​មេរៀន​តាម​គ្រូ​។
ជាង​នេះ​ទៀត សាកល​វិទ្យាល័យ​ គួរ​តែ​មាន​លក្ខខណ្ឌ​តម្រូវ​បន្ថែម​ទៀត ​សម្រាប់​សិស្ស​ចូល​រៀន​សាកល​វិទ្យាល័យ​ដូច​ជា ការ​ប្រឡង​ ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​រៀន​ជា​ជាង​ទទួល​យក​ចូល​រៀន​ត្រឹម​ តែ​សញ្ញា​បត្រ​ថ្នាក់​ទី​ ១២ ​របស់​ពួក​គេ​។  ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​សិស្ស​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ជាង​មុន និង​ប្រកួត​ប្រជែង​គ្នា។ ​ម្យ៉ាង​វិញ​ទៀត ​វិធាន​ការ​មួយ​ចំនួន ​គួរ​តែ​មាន​ដូចជា​ការ​ផ្តល់​ប្រាក់​ខែ​ឲ្យ​គ្រូ​ឲ្យ​បាន​សមរម្យ​ និង​បណ្តុះ​បណ្តាល​គ្រូ​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​។ ​សំខាន់​បំផុត​នោះ ការ​ដោះស្រាយ​បញ្ហា​នេះ​ គឺ​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ដូច​ជា សិស្ស​ ឪពុក​ម្តាយ ​គ្រូ​ និង​អ្នក​បង្កើត​គោល​នយោបាយ​។
សញ្ញា​ល្អ​ប្រសើរ​មួយ ​នឹង​កើត​មាន​ឡើង ​នៅ​ពេល​អំពើ​ស៊ី​សំណូក​ ការ​ចម្លង​ឯក​សារ និង​ការ​ចម្លង​គ្នា​នៅ​ពេល​ប្រឡង​ត្រូវ​បាន​លុប​បំបាត់​ចោល៕

No comments:

Post a Comment

yes