សេអ៊ូល៖ សារពត៌មានយ៉នហាប់ រាយការណ៍នៅថ្ងៃច័ន្ទទី២០ ខែសីហានេះថា គណបក្ស New Frontier ឬ សែណូរី ដែលជាគណបក្សអភិរក្សនិយមកណ្តាល-ស្តាំ ដែលមានសំលេងគាំទ្រច្រើនក្នុងរដ្ឋសភាកូរ៉េខាងត្បូង បានជ្រើសរើសលោកស្រី ប៉ាក់ កឹនយ៉េ ដែលជាបុត្រី របស់ជនផ្តាច់ការ ប៉ាក់ ឆងហ៊ី អោយធ្វើជាតំណាង របស់គណបក្ស ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងខែធ្នូខាងមុខនេះ។
សេចក្តីរាយការណ៍ បានអោយដឹងថា លោកស្រី ប៉ាក់ កឹនយ៉េ អាយុ ៦០ ឆ្នាំ ដែលជាកូនស្រី របស់អតីតប្រធានាធិបតី ប៉ាក់ ឆងហ៊ី ដែលគ្រប់គ្រងប្រទេសកូរ៉េខាងត្បូងក្នុងកំឡុងឆ្នាំ ១៩៦១-១៩៧៩ នោះ បានទទួលសំលេងគាំទ្រ ៨៦ ភាគរយអោយធ្វើជាតំណាងរបស់គណបក្ស ក្នុងពេលដែលមានពត៌មានលេចលឺថា លោកស្រីអាច នឹងសាងប្រវត្តិសាស្ត្រថ្មី ដោយបានយកជ័យជំនៈ ក្នុងការបោះឆ្នោតប្រធានាធិបតី ដែលនឹងរៀបចំឡើងនៅចុងឆ្នាំនេះ និងអាចក្លាយជាប្រធានាធិបតីស្ត្រីដំបូង របស់ប្រទេសកូរ៉េខាងត្បូង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ និងអ្នកជំនាញផ្នែកនយោបាយកូរ៉េខាងត្បូងយល់ឃើញថា ចំណុចប្រឈមសំខាន់ ដែលរង់ចាំអ្នកនយោបាយស្ត្រីរូបនេះ គឺ ការដែលលោកស្រីត្រូវយកឈ្នៈចិត្ត ក្រុមអ្នកដែលមានសិទ្ធិបោះឆ្នោត ដែលជាស្ត្រីវ័យក្មេងសម័យថ្មី ដែលរស់នៅក្នុងតំបន់ធំៗ អោយបាន ជាពិសេសក្នុងរឿងការបង្កើតកម្មវិធី និងសន្តិសុខផ្នែកសង្គម ខណៈពេលជាមួយគ្នានេះ ក៏ត្រូវមានគោលជំហរ ដែលសង្គមអាចទទួលយកបាន ចំពោះការបង្កើតសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ដែលជាប្រទេសជិតខាង ដោយលោកស្រីត្រូវសំរេចចិត្តថា នឹងត្រូវអនុវត្តនយោបាយបែបរឹងប៉ឹង ចំពោះរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបន្តទៀតតាមនយោបាយ របស់លោកប្រធានាធិបតី លី ម្យុងបាក់ មេដឹកនាំកូរ៉េខាងត្បូងបច្ចុប្បន្ន ឬ ជ្រើសរើសយកនយោបាយសន្តិវិធីជាមួយកូរ៉េខាងជើងនោះ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ នេះ ដើម្បីជ្រើសរើសយកបុគ្គលណាមួយ មកទទួលតំណែងបន្តពីលោកប្រធានាធិបតី លី ម្យុងបាក់ មេដឹកនាំបច្ចុប្បន្ន ដែលកំពុងតែនឹងអស់អាណត្តិនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៣ ដោយតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង បានចែងថា ប្រធានាធិបតីមានអាណត្តិទទួលតំណែងថ្មីម្តងរយៈពេល ៥ ឆ្នាំនិងអាចកាន់តំណែងប្រធានាធិបតី បានត្រឹមតែមួយអាណត្តិតែប៉ុណ្ណោះ។
No comments:
Post a Comment
yes