ភ្នំពេញៈប្រេងម្រះព្រៅចំនួន១២៣គីឡូក្រាមត្រូវកម្លាំងនគរបាលខណ្ឌដង្កោសហការជាមួយព្រះរាជអាជ្ញារងរួមសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនក្រុងបានចុះចាប់ក្នុងឃ្លាំងស្តុកមួយកន្លែងស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯកខណ្ឌដង្កោ។
ការឆ្មក់ចាប់នៅវេលាម៉ោង១៩និង២០នាទីយប់ថ្ងៃទី១៩សីហាកម្លាំងសមត្ថកិច្ចចាប់ម្ចាស់ឃ្លាំងបានម្នាក់ឈ្មោះសាយគីអាយុ៤០ឆ្នាំនិងកម្មករពីរនាក់ទៀតរួមរថយន្តប្រភេទកូរ៉េចំណុះ២តោនកន្លះចំនួន១និង២គ្រឿងទៀតកំពុងតែដំឡើងស៊ីទែន។
លោក ចៅសង្កាត់ជើងឯកស៊ុន ស៊ីវ ដែលបានចូលរួមក្នុងការចុះចាប់នោះបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទនៅថ្ងៃនេះថា ឃ្លំាងដែលមានផ្ទៃដីទំហំ៤០អាស្ថិតនៅក្នុងភូមិរលួសហើយម្ចាស់ឃ្លាំងនោះបានយកធ្វើជាទីតាំងសម្រាប់ផ្សាដែកធ្វើស៊ីទែនទឹកដែលម្ចាស់ឃ្លាំងនោះទើបតែផ្លាស់មកពីសង្កាត់ស្ទឹងមានជ័យ។
លោក ណាក់ណារ៉ុង អធិការរងខណ្ឌដង្កោបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញដែរថា ករណីឈានដល់មានការចាប់នេះគឺខាងជំនាញគ្រឿងញៀនក្រុងលោក ឧត្តមសេនីយ៍ត្រី បែនរ័ត្នស្នងការរងនគរបាលរាជធានីភ្នំពេញស្រាវជ្រាវដឹងហើយបានសហការជាមួយលោកព្រះរាជអាជ្ញារងមួយរូបទៀតចុះសហការជាមួយអាជ្ញាធរដែនដី។
លោក អធិការណាក់ណារ៉ុងបញ្ជាក់ថា ៖ “សមត្ថកិច្ចឃាត់បានរថយន្តដឹកប្រេងមួយគ្រឿងចំណុះ៨ពាន់លីត្រប៉ុន្តែស៊ីទែនរថយន្តគេធ្វើពីរជាន់ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចដោយផ្នែកខាងក្រៅគេដាក់ប្រេងម៉ាស៊ូតធម្មតាតែផ្នែកខាងក្នុងគេលាក់ប្រេងម្រះព្រៅ “។លោក អធិការរងប្រាប់ថាប្រេងម្រះព្រៅនិងរថយន្តសមត្ថកិច្ចកំពុងពិចារណាថាតើត្រូវទុកជាបណ្តោះអាសន្ននៅក្នុងឃ្លាំងឬក៏យ៉ាងម៉េចទេប៉ុន្តែជនសង្ស័យត្រូវបានកសាងសំណុំរឿងដើម្បីដោះស្រាយតាមច្បាប់ហើយ៕
No comments:
Post a Comment
yes