កំពង់ធំ៖ កម្លាំងជំនាញរដ្ឋបាលព្រៃឈើ ផ្នែកកំពង់ថ្ម និងផ្នែករដ្ឋបាលព្រៃឈើស្ទោង រួមនិងកម្លាំងសឹករងខេត្ត បានសហការគ្នាតាមការឯកភាពពីស្ថាប័នសាលាដំបូង ខេត្តកំពង់ធំ ផងនោះ បានចុះធ្វើប្រតិបត្តិការបង្ក្រាបរថយន្តស៊េរីទំនើបដឹកឈើគ្រញូងបានចំនួន ២ គ្រឿង។
ដោយឡែក តៃកុងជាអ្នកបើកបររថយន្តល្មើស បានគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។ ការបង្ក្រាបករណីរថយន្តល្មើសដឹកឈើគ្រញូងនេះ ធ្វើឡើងកាលពីវេលាម៉ោង ១០:៥៣ នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នៅចំណុចភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង បានឲ្យដឹងថា លោកបានទទួលបញ្ជាពីលោក ឃឹម ប៉ាន់ នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ឲ្យជួយស្រាវជ្រាវរថយន្ត ចំនួន ២ គ្រឿង ដែលកម្លាំងផ្នែកកំពង់ថ្ម ដេញត្រឡប់ក្រោយ ហើយជិះរថយន្តគេចបាត់ត្រឹមចំណុចព្រំប្រទល់ស្រុកសន្ទុក និងក្រុងស្ទឹងសែន ពេលនោះ កម្លាំងល្បាតក៏ប្រទះឃើញរថយន្តល្មើសដឹកគ្រញូងទាំង ២ គ្រឿង នោះ នៅក្បែរគ្នាចំណុចបង្ក្រាបខាងលើ ទើបការបង្ក្រាបទទួលបានជោគជ័យ។
លោកបន្តថា រថយន្តដែលបង្ក្រាបបាន មានម៉ាកលុចស៊ីស LX 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-9808 ដឹកគ្រញូង ចំនួន ៤៥ ដុំ ស្មើនឹង ១.១៨០ ម៉ែត្រគូប។ មួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ ស៊េរី ៩៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-7039 ដឹកឈើគ្រញូង ចំនួន ៥៩ ដុំ ស្មើនឹង ១.២៧៩ ម៉ែត្រគូប៕
No comments:
Post a Comment
yes