ពោធិ៍សាត់៖ ចរាចរឈើក្រញូងប្រភេទឈើប្រណិត បាននិងកំពុងដំណើរការឡើងវិញហើយនៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃទឹកដីខេត្តពោធិ៍សាត់ ខណៈដែលឈ្មួញឈើដុះស្លែមួយចំនួន បានកំពុងដើរពើងទ្រូងដាក់សមត្ថកិច្ច។
ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ រយៈពេលមួយថ្ងៃសោះ សមត្ថកិច្ចចាប់បានរថយន្តកាមរី ១ គ្រឿង នៅចំណុចដំណាក់ឈើក្រម វេលាម៉ោង ១ យប់ ក្នុងនោះ មានឈើពេញរថយន្ត ហើយនៅវេលាម៉ោង ៣:១៥ នាទី ថ្ងៃដដែល សមត្ថកិច្ចបានព័ទ្ធចាប់បានឈើក្រញូង ដែលគេស្គាល់ឈ្មោះថៅកែឈើក្រញូង ឈ្មោះ ទឹម គុងគា នៅភូមិព្រែកបី ក្នុងឃុំសំរោង ដូចគ្នា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានជាច្រើនកំណាត់ទៀត។
ក្នុងនោះ ឈើក្រញូងមុខធំប្រវែង ២ ម៉ែត្រ ចំនួន ១ ដុំ ផងដែរ។ បើតាម លោក ហេង ហៃ មន្ត្រីប៉េអឹមផ្ទៃប្រទេស ដែលបានសហការជាមួយរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ បានប្រាប់អ្នកសារព័ត៌មានថា កាលពីវេលាម៉ោង ១ រំលងអាធ្រាត្រ ត្រង់ចំណុចដំណាក់ឈើក្រម មានរថយន្តកាមរី ពណ៌ស្លាបក្អែក ១ គ្រឿង ពាក់ព័ន្ធស្លាកលេខ ភ្នំពេញ ២E-៦៥៥៨ បោះពួយចេញពីស្រុកវាលវែង តម្រង់ទៅផ្លូវជាតិលេខ៥ កម្លាំងរបស់លោកជាមួយរដ្ឋបាលព្រៃឈើ ក៏ធ្វើការស្ទាក់ចាប់ ហើយពេលនោះ ម្ចាស់រថយន្ត ក៏ចាក់ចោលរត់គេចខ្លួន កម្លាំងក៏អូសមកផ្នែករដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ ឆែកឃើញសុទ្ធតែឈើក្រញូងលើរថយន្ត ចំនួន ៣១ ដុំ ធ្វើកំណត់ហេតុរក្សាទុកនៅរដ្ឋបាលព្រៃឈើ និងបង្កសំណុំរឿងទៅតុលាការ។
បើតាម លោក គន់ សីហតេជៈ ព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ បានប្រាប់អ្នកសារព័ត៌មានថា ដោយមានកម្លាំងរបស់លោកផ្តល់ព័ត៌មានថា មានការលាក់ស្តុបឈើក្រញូងក្នុងភូមិមួយកន្លែង ឈ្មោះ ទឹម គុងគា នៅភូមិខាងលើ រូបលោកក៏បញ្ជាផ្ទាល់ទៅលោកព្រះរាជអាជ្ញារង ដឹកនាំកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស ចូលធ្វើការឆែកឆេរ ក៏ប្រទះឃើញឈើប្រណិតប្រភេទឈើក្រញូងខុសច្បាប់ ២៩ ដុំធំៗ ជិតមួយពាន់គឺឡូ និងឈើក្រញូងមុខធំមួយដុំ ប្រវែង ២ ម៉ែត្រ រឹបអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើតែម្តង។
លោកព្រះរាជអាជ្ញាបន្តថា ការឆែកឆេរនេះ ម្ចាស់ផ្ទះដឹងខ្លួនហើយគេចបាត់ ប៉ុន្តែ លោកបញ្ជាឲ្យសមត្ថកិច្ចជំនាញបង្កសំណុំរឿង និងធ្វើសាវតាជាតិ ទៅលើជនសង្ស័យជាម្ចាស់ឈើនេះហើយ។ សូមបញ្ជាក់ថា ករណីចរាចរឈើក្រញូង នៅទឹកដីខេត្តពោធិ៍សាត់នេះ បានស្ងប់មួយរយៈហើយ ប៉ុន្តែ ពេលនេះ គឺឈ្មួញកំពុងតែដឹកយ៉ាងគគ្រឹកគគ្រេងចេញពីព្រៃឡើងវិញ ជាពិសេសនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង៕
No comments:
Post a Comment
yes