ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការ អន្តរក្រសួងដើម្បីកសាង «ពហុកីឡដ្ឋានជាតិមរតកតេជោ» ជាថ្នូរនឹងដីបឹងពោងពាយ ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ទទួលបន្ទុកជាប្រធាននៃគណៈកម្មការអន្តរក្រសួងនេះ ដែលមានភារកិច្ចចម្បងគឺការចុះវាស់វែងកំណត់ព្រំប្រទល់ពហុកីឡដ្ឋាន និងប្លង់សាងសង់ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
កាលពីថ្ងៃ៨ ខែសីហា លោក កែប ជុតិមា បានចុះហត្ថលេខាលើការបង្កើតអនុគណៈកម្មការអន្តរក្រសួងចំនួន៤ទៀត គឺអនុគណៈកម្មការបច្ចេកទេស អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ អនុគណៈកម្មការត្រួតពិនិត្យការសាងសង់ និងអនុគណៈកម្មការវាយតម្លៃដីធ្លី និងសំណង់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួង និងស្ថាប័នដែលពាក់ព័ន្ធ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននិយាយប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារកន្លងមកថា «ពហុកីឡដ្ឋានជាតិមរតកតេជោ» នឹងក្លាយជាពហុកីឡដ្ឋានថ្មីដ៏ទំនើបមួយរបស់កម្ពុជាដែលសមស្របទៅតាម បទដ្ឋានអន្តរជាតិ ដោយ NOCC គឺជាម្ចាស់គម្រោងក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអនុប្រធាននៃអនុគណៈកម្មការត្រួតពិនិត្យការសាងសង់ រួមទាំងអនុគណៈកម្មការវាយតម្លៃដីធ្លី និងសំណង់ បានបញ្ជាក់ឲ្យដឹងថា ពហុកីឡដ្ឋានដ៏ថ្មីទំនើបមួយនេះ នឹងសាងសង់នៅលើផ្ទៃដីទំហំ៩៤ហិកតា ដែលស្ថិតនៅភាគខាងកើត រាជធានីភ្នំពេញ (នៅតំបន់ស្ពានឧកញ៉ា លី យ៉ុងផាត់)។
លោកបានអះអាងថា ផ្ទៃដីប្រមាណ៦០ភាគរយនៃផ្ទៃដីទាំងមូលនឹងគ្របដណ្តប់ទៅដោយតំបន់ បៃតង ដោយមានដើមឈើ ស្មៅ និងសួនច្បារ ជាដើម រីឯផ្ទៃដី៤០ភាគរយទៀត គឺជាសំណង់កីឡដ្ឋានដែលមានការិយាល័យ និងទីលានកីឡាចម្រុះជាច្រើន។
ទាក់ទងនឹងសំណួរលម្អិតស្តីអំពីដំណើរការនៃការសាងសង់ ត្រូវបានលោក វ៉ាត់ ចំរើន អះអាងថា ការដ្ឋាននឹងចាប់ឡើងនៅចុងឆ្នាំ២០១២នេះ ប៉ុន្តែលោកមិនទាន់ហ៊ានអះអាងថា វានឹងត្រូវបញ្ចប់នៅពេលណានោះទេ។
បើតាមការបញ្ជាក់របស់លោក ការសាងសង់នឹងប្រព្រឹត្តទៅជាច្រើនដំណាក់កាល ហើយការប្រើប្រាស់នឹងធ្វើឡើងជាបណ្តើរៗទៅតាមផ្នែកដែលបានសាងសង់ រួចរាល់ហើយ។ គម្រោងនៃការសាងសង់ទាំងអស់នឹងត្រូវបានត្រួតពិនិត្យជាលក្ខណៈ អន្តរជាតិ។
តម្លៃនៃគម្រោងមិនត្រូវបានបង្ហើបឲ្យដឹងជាផ្លូវការឡើយ ប៉ុន្តែបើតាមវិស្វករជំនាញ ការសាងសង់ពហុកីឡដ្ឋានបែបបទដ្ឋានអន្តរជាតិ អាចចំណាយទឹកប្រាក់ពី១០០លាន រហូតដល់ទៅ៥០០លានដុល្លារអាមេរិកឯណោះ។
ថវិកានៃការសាងសង់គឺជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជា ដោយសាលារាជធានីភ្នំពេញ ជាអ្នកផ្តល់ទីតាំង ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាម្ចាស់គម្រោង ក្រោមកិច្ចសហការពីសំណាក់ក្រសួង និងស្ថាប័នដទៃទៀត។
យោងតាមឯកសារដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន គម្រោងនៃការសាងសង់នេះត្រូវបានរចនាដោយក្រុមហ៊ុន Architect Solutions។
ប្លង់ត្រួសៗនៃគម្រោងមានដូចជា ទីលានបាល់ទាត់ និងរត់ប្រណាំង នៅលើក្រឡាផ្ទៃទំហំ ៩ហិកតាដែលអាចផ្ទុកអ្នកទស្សនាបានចំនួនជាង៤៣០០០នាក់ សាលហាត់ខាងក្នុង Indoor Sports នៅលើក្រឡាផ្ទៃ៣,៦ហិកតាដែលអាចផ្ទុកអ្នកទស្សនាបានជាង១៥០០០នាក់ អាងហែលទឹកនៅលើក្រឡាផ្ទៃ៣,៦ហិកតាដែលអាចផ្ទុកអ្នកទស្សនាជាង ៦០០០នាក់ សាលបាល់បោះ បាល់ទះ ហ៊្វូតសាលនៅលើក្រឡាផ្ទៃ១,៥ហិកតាដែលអាចផ្ទុកអ្នកទស្សនាបានជាង៣០០០ នាក់ សាលហាត់សាច់ដុំនៅលើក្រឡាផ្ទៃ១,៥ហិកតាដែលអាចផ្ទុកអ្នកទស្សនាជាង ១៥០០នាក់ សាលកាយសម្ព័ន្ធនៅលើក្រឡាផ្ទៃ២,១ហិកតាដែលអាចផ្ទុកអ្នក ទស្សនាជាង៣៧០០នាក់ សាលវាយសី វាយកូនឃ្លីលើតុនៅលើផ្ទៃក្រឡា២,១ហិកតាដែលអាចផ្ទុកអ្នកទស្សនាចំនួន ជាង៣៧០០នាក់ សាលកាយសម្ព័ន្ធកីឡាប្រពៃណីនៅលើក្រឡាផ្ទៃ២,១ហិកតាដែលអាចផ្ទុក អ្នកទស្សនាបានជាង៣៧០០នាក់។
រីឯអគារស្នាក់នៅ និងអាហារដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីទំហំ ២,២ហិកតា ដោយមានអគារ៦ជាន់ចំនួន៤អគារ និង៨ជាន់ចំនួន៤អគារ ក្នុងនោះមានបន្ទប់សរុបចំនួន៤០០ និងអាហារដ្ឋានចំនួន២កន្លែង។
បន្ថែមពីលើនេះ ក៏មានផ្ទៃដីបម្រុងទុកសម្រាប់សង់ការដ្ឋានមួយចំនួនផងដែរ ដូចជា៣,២ហិកតាសម្រាប់សាងសង់សណ្ឋាគារមួយដែលមាន៨០០បន្ទប់ ៧ហិកតាសម្រាប់សាងសង់សួនទឹកកម្សាន្ត និង៧ហិកតាសម្រាប់សាងសង់ទីលានបាល់ទាត់មួយទៀត។
ព័ត៌មានទាក់ទងនឹងការសាងសង់នេះ បានធ្វើឲ្យមតិភាគច្រើនមានការគាំទ្រ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈប្រជាពលរដ្ឋភាគច្រើនកំពុងតែខកចិត្តចំពោះការសាងសង់ អគារពាណិជ្ជកម្មនានានៅជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក ដោយពួកគេភ័យខ្លាចចំពោះការបាត់បង់សំណង់កីឡាជាប្រវត្តិសាស្ត្រ របស់ខ្លួន។
លោក វ៉ាត់ ចំរើន បានអះអាង «ពហុកីឡដ្ឋានជាតិមរតកតេជោ» នឹងត្រូវបានប្រើប្រាស់សម្រាប់ការប្រកួតកីឡាជាតិ និងអន្តរជាតិនានាក្នុងពេលអនាគត ប៉ុន្តែលោកបានលើកឡើងថា ការសាងសង់នេះមិនមែនជាគោលដៅសំខាន់នៃការត្រៀមខ្លួនរបស់ កម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២០នោះឡើយ៕
No comments:
Post a Comment
yes