ប្រជាពលរដ្ឋភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ
ពេលភៀសចេញពីការបង្ក្រាបក្រុមអបគមន៍របស់កម្លាំងរដ្ឋាភិបាល
ភ្នំពេញៈ លោក ប៊ុន រដ្ឋា ដែលរដ្ឋាភិបាលកំពុងស្វែងរកចាប់ខ្លួន ដោយជាប់ចោទពីបទថា ជាមេខ្លោងដឹកនាំការបង្កើតតំបន់អបគមន៍ បង្កើតរដ្ឋក្នុងរដ្ឋប្រឆាំងនឹងរដ្ឋាភិបាល បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាធ្វើការចោទប្រកាន់លោកនាយកវិទ្យុសំបុកឃ្មុំ ម៉ម សូណង់ដូ និងសកម្មជនសិទ្ធិមនុស្សថា ជាការប្រឌិតនិងមួលបង្កាច់ដែលខុសពីការពិត។
លោក ប៊ុន រដ្ឋា មិនអាចទំនាក់ទំនងធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃអង្គារ ប៉ុន្តែ យោងទៅតាមបទសម្ភាសពីទីសុវត្ថិភាពមួយជាមួយវិទ្យុអាស៊ីសេរី កាលពីព្រឹកថ្ងៃទី២១ ខែសីហា លោក ប៊ុន រដ្ឋា បាននិយាយថា រាជរដ្ឋាភិបាលកំពុងបង្កើតហេតុការណ៍ដើម្បីចាប់អ្នកដែលហ៊ាននិយាយការពិតឬហ៊ាននិយាយរិះគន់រដ្ឋាភិបាល ដូចជា លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ដែលកំពុងជាប់ពន្ធនាគារ ហើយរដ្ឋាភិបាលបានប្រឌិតរឿងថ្មីមួយទៀត ដើម្បីចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត។
លោក ប៊ុន រដ្ឋា បានបន្តថា៖«ខ្ញុំសុំបដិសេធថាខ្ញុំមិនពាក់ព័ន្ធជាមួយលោក ចាន់ សុវ៉េត នោះទេ ហើយខ្ញុំគិតថា លោក ហ៊ុន សែន កំពុងតែបង្កើតភស្តុតាងក្លែងក្លាយថ្មីមួយទៀត ដើម្បីបំបិទមាត់មន្ត្រីឬជនណាម្នាក់ដែលហ៊ាននិយាយរឿងនៅភូមិប្រមាឃុំកំពង់ដំរី ខេត្តក្រចេះ»។
លោករៀបរាប់ទៀតថា លោកពុំមែនតំណាងឲ្យសមាគមអ្នកប្រជាធិបតេយ្យទេ ហើយក៏មិនដែលបានប្រើឈ្មោះសមាគមនេះដែរ ពេលលោកទៅប្រជុំជាមួយពលរដ្ឋ គឺលោកចូលរួមក្នុងនាមជាពលរដ្ឋ។
លោកនិយាយថា៖ «បើខ្ញុំនិយាយជាមួយប្រជាពលរដ្ឋជាង១០០លើក ប្រើឈ្មោះសមាគមនេះនោះ មានន័យថា ខ្ញុំជ្រកក្រោមសមាគមអ្នកប្រជាធិបតេយ្យ តែបើ ប៊ុន រដ្ឋា ខ្ញុំអត់មាននិយាយពីសមាគមនេះមួយម៉ាត់ផង អ៊ីចឹងនេះគ្រាន់តែជាការក្លែងបន្លំ ការបង្កើតភស្តុតាងដើម្បីលុបបំបាត់ការដែលខ្លួនសម្លាប់រាស្ត្រឯង ប៉ុណ្ណោះ នោះគឺជារឿងមួយខុសឆ្គងធំបំផុតហើយរដ្ឋាភិបាលគួរតែមើលក្រោយ ខ្នងខ្លួនឯងផងទៅ»។
លោកបន្តថា លោកសូមសួរទៅលោក ហ៊ុន សែនវិញ ប្រសិនបើលោកជាអ្នកបង្កើតអបគមន៍ ដូចលោកមានប្រសាសន៍ ហេតុអីចាំបាច់ដោះលែងរូបលោកពីពន្ធនាគារខេត្តក្រចេះធ្វើ អី ពីព្រោះមេអបគមន៍ជាប់នៅក្នុងពន្ធនាគារហើយ គឺនៅថ្ងៃទី៦ ខែ៤ ហើយនៅក្នុងខែ ៥ នោះ វាកៀកគ្នាណាស់ ម៉េចមិនដាក់គុកតែម្តងទៅកុំឲ្យស្លាប់ក្មេងស្រី។
លោកគិតថា៖«លេសរបស់លោក ហ៊ុន សែន ដែលចោទខ្ញុំថាធ្វើអបគមន៍នោះ វានៅស្ទើរមែនទែន ហើយបញ្ញារបស់លោកហ៊ុន សែនក៏នៅខ្សោយ»។
លោកអះអាងទៀតថា លោកនាយករដ្ឋមន្ត្រីកំពុងតែចាញ់បោកមន្ត្រីថ្នាក់ទាបគាត់ដែលញុះ ញង់នាយករដ្ឋមន្ត្រីឲ្យធ្វើកិច្ចការមួយខុស ហើយអ្វីដែលគេបានធ្វើនោះ គឺធ្វើឲ្យលាកនាយករដ្ឋមន្ត្រីបរាជ័យក្នុងកិច្ចការដឹកនាំ។ លោកនឹងយកឯកសារទៅជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យគាត់ភ្ញាក់និងបើកភ្នែកធំៗ ថាមន្ត្រីថ្នាក់ក្រោមលោកចង់បានដីធ្លីនោះយកទៅធ្វើកម្មសិទ្ធិ ខ្លួន ឬធ្វើអ្វីមួយដើម្បីលុបលាងកំហុសដែលប្រព្រឹត្តខុសនោះ។ លោកចង់ចូលបំភ្លឺនៅតុលាការ តែតុលាការនៅកម្ពុជាអត់ឯករាជ្យ លោកមិនចង់គេចខ្លួនដូចសព្វថ្ងៃនោះទេ តែលោកមិនអាចទៅបាន ដោយសារនៅថ្ងៃទី២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបាននិយាយច្បាស់ថា លោកអាចបង្វែរនីតិវិធីតុលាការពីដីកាចាប់ខ្លួនទៅជាសាក្សីបាន លោកធានាខុសត្រូវចំពោះជនណាដែលធ្វើខុសនៅក្នុងឃុំកំពង់ដំរីនោះ ឲ្យតែចេញមករួមដៃជាមួយលោក ដើម្បីទម្លាក់កំហុសទៅលើអ្នកដទៃ។ លោកថា ៖«អ៊ីចឹងមានន័យថា តុលាការនៅក្នុងស្រុកខ្មែរ គឺនៅលើរូបគាត់ ដូច្នេះ បើខ្ញុំទៅបំភ្លឺនៅតុលាការ តើផលវាវិជ្ជមាន ឬ អវិជ្ជមាន»។
ទាក់ទិនទៅនឹងការលើកឡើងនេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងតបវិញថា ចំពោះការស្តាប់តែមួយចំហៀងនោះ លោកមិនអាចធ្វើអត្ថា-ធិប្បាយបានទេ វាពិបាកបញ្ជាក់ណាស់ទុកឲ្យតុលាការជាអ្នកស្វែងរកយុត្តិធម៌ ហើយគួរតែរកមេធាវីមកតតាំងដើម្បីដោះបន្ទុកវិញ ចំពោះការស្រែកមកពីក្រៅបែបនេះ គឺវាជារឿងមួយមិនត្រឹមត្រូវនោះទេ។
លោកបានបញ្ជាក់ថា៖ «ជាយោបល់ខ្ញុំ ការឆ្លើយឆ្លងតាមរយៈសារព័ត៌មានវាមិនស្របច្បាប់នោះទេ ហើយក៏មិនអាចដោះស្រាយឬដោះបន្ទុកបានដែរ តែធ្វើបែបនេះវាបានធ្វើឲ្យកាន់តែពិបាកដល់ដំណើរការរបស់ តុលាការទៅវិញ។ យើងចង់ឃើញតុលាការផ្តល់យុត្តិធម៌ដល់អ្នកចោទ និងអ្នកដោះបន្ទុក»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងកាលពីម្សិលមិញដែរថា អ្វីដែលឈ្មោះ ប៊ុន រដ្ឋា បាននិយាយចោទប្រ-កាន់មកលើរដ្ឋាភិបាល វាគឺជាការចោទប្រ-កាន់បែបគួរឲ្យអាណិតមួយ វាមិនដែលមានរដ្ឋាភិបាលណាធ្វើលើពលរដ្ឋខ្លូនឯងអ៊ីចឹងនោះទេ។ លោកបន្តថា ប៊ុន រដ្ឋា គួរតែចូលខ្លួនមកតុលាការ ហើយរកមេធាវីមកដោះបន្ទុកទៅវាល្អជាង។
លោក ខៀវ សុភ័គ បញ្ជាក់ថា៖ «នេះគឺជាការចោទប្រកាន់ដែលគួរឲ្យអាណិត ហើយគាត់និយាយគឺគោលបំណងគាត់ចង់បានសិទ្ធិជ្រកកោននយោបាយប៉ុណ្ណោះ» ៕
No comments:
Post a Comment
yes